ការបំប៉នរាងកាយជាមួយនឹងភេសជ្ជៈដែលមានសារធាតុចិញ្ចឹម គឺពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងដល់សុខភាពរបស់យើង។ វាមិនត្រឹមតែជួយផ្ដល់ជាតិទឹកដល់រាងកាយប៉ុណ្ណោះទេ ថែមទាំងគ្រប់គ្រងសីតុណ្ហភាពរាងកាយ ជួយឲ្យសន្លាក់មានជាតិរម្អិល និងធានាដំណើរការល្អនៃសរីរាង្គផ្សេងៗផងដែរ។ ជាមួយគ្នានេះដែរ ការញ៉ាំភេសជ្ជៈល្អៗ នឹងធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ រហ័សរហួន និងជួយឲ្យយើងគេងលក់ស្រួលថែមទៀតផង។ នៅរដូវរងានេះ យើងចាំបាច់ក្នុងការបំពេញជាតិទឹកគ្រប់គ្រាន់ដល់រាងកាយ ពីព្រោះវាអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ក៏ដូចជាជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្ដាសាយតាមរដូវកាលបានយ៉ាងអស្ចារ្យ។ យ៉ាងណាមិញ ភេសជ្ជៈទាំង៣ខាងក្រោមនេះ គឺជាជម្រើសដ៏ល្អបំផុតដែលយើងមិនគួរមើលរំលងឡើយ។
១. ទឹកដូង
យើងប្រហែលជាបានដឹងហើយថា ទឹកដូងមានគុណប្រយោជន៍ដ៏សម្បូរបែបចំពោះរាងកាយ។ ជាក់ស្ដែង ភេសជ្ជៈមួយប្រភេទនេះ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពារកោសិការបស់យើងពីការបំផ្លាញ ដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី ព្រមទាំងជាប្រភពម៉ាញ៉េស្យូម ដែលអាចបង្កើនរំញោចអាំងស៊ុយលីន និងកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ លើសពីនេះ វាក៏ជាភេសជ្ជៈដែលល្អបំផុតសម្រាប់បំពេញជាតិទឹក បន្ទាប់ពីធ្វើលំហាត់ប្រាណ ឬលេងកីឡារួចផងដែរ។
២. តែបៃតង
ភេសជ្ជៈមួយប្រភេទនេះ មិនត្រឹមតែជួយសម្អាត និងធ្វើឲ្យបំពង់ករបស់យើងជ្រះល្អប៉ុណ្ណោះទេ វាថែមទាំងមានអត្ថប្រយោជន៍ដល់សុខភាពជាច្រើនផ្សេងទៀតដែលយើងនឹងស្មានមិនដល់។ ពិតណាស់ តែបៃតងអាចជួយបង្កើនមុខងារខួរក្បាល បន្ថយជាតិខ្លាញ់ ការពាររាងកាយប្រឆាំងនឹងជំងឺមហារីក ព្រមទាំងកាត់បន្ថយឱកាសនៃការកើតជំងឺបេះដូងថែមទៀតផង។ ជាងនេះទៅទៀត វាក៏អាចកម្ចាត់បញ្ហាក្លិនមាត់ ដោយរារាំងការលូតលាស់របស់បាក់តេរីនៅក្នុងមាត់ផងដែរ។ ខណៈដែលតែបៃតងជួយបំពេញជាតិទឹកដល់រាងកាយបានយ៉ាងល្អ វាក៏មានគុណប្រយោជន៍ជួយឲ្យយើងមានអាយុវែងផងដែរ។
៣. ក្រូចឆ្មារ និងទឹកឃ្មុំ
ប្រសិនបើយើងចង់បំពេញជាតិទឹកទៅក្នុងរាងកាយ យើងមិនអាចមើលរំលងក្រូចឆ្មារ និងទឹកឃ្មុំបានឡើយ ពីព្រោះទឹកឃ្មុំជួយពង្រឹងប្រព័ន្ធភាពស៊ាំ ព្រមទាំងជួយប្រយុទ្ធប្រឆាំងនឹងការបង្ករោគនៅក្នុងបំពង់កថែមទៀតផង។ លើសពីនេះ វាក៏ជួយបន្សាបជាតិពុល ព្រមទាំងប្រឆាំងនឹងការបង្ករោគផ្សេងៗ ដោយកម្ចាត់បាក់តេរី និងបណ្ដេញសារធាតុមិនល្អចេញពីរាងកាយរបស់យើងផងដែរ។
[embed-health-tool-bmi]