ប្រសិនបើគ្នាយើងមានបញ្ហាមុខមុន ប្រហែលជាធ្លាប់ឮគេនិយាយថាទឹកដោះ ឬផលិតផលធ្វើពីទឹកដោះគោអាចនឹងធ្វើឲ្យបញ្ហាមុខមុនកាន់តែធ្ងន់ធ្ងរទៅ។ តើទឹកដោះគោ ឬផលិតផលធ្វើពីទឹកដោះគោអាចបង្កបញ្ហាមុខមុនមែនឬយ៉ាងណា?
ទឹកដោះគោតែងត្រូវបានគេប្រើក្នុងផលិតផលថែរក្សាស្បែកដូចជាសាប៊ូ និងឡេជាដើម។ នេះមកពីទឹកដោះ(ប្រភេទទឹកដោះគោស្រស់) មានជាតិខ្លាញ់ដែលអាចផ្តល់សំណើមដល់ស្បែក និងជួយបំបាត់ការរលាកដូចជាការរលាកបង្កដោយមុន។
អ្នកជំនាញមានអំណះអំណាងផ្សេងៗគ្នាទាក់ទងនឹងផលិតផលធ្វើពីទឹកដោះគោក្នុងរបបអាហារដែលបង្កបញ្ហាមុខមុនដោយខ្លះថាអាចជួយឲ្យបញ្ហានេះមានភាពប្រសើរឡើង និងខ្លះទៀតថាធ្វើឲ្យបញ្ហាមុខមុននេះកាន់តែធ្ងន់ធ្ងរ។ ដោយឡែកវេជ្ជបណ្ឌិត F. William Danly អ្នកឯកទេសរោគសើស្បែកជឿថាការញ៉ាំផលិតផលធ្វើពីទឹកដោះគោអាចនឹងធ្វើឲ្យបញ្ហាមុខមុនកាន់តែធ្ងន់ធ្ងរ។ នេះមកពីទឹកដោះគោផ្ទុកសារធាតុដែលមានលក្ខណៈស្រដៀងនឹងអ័រម៉ូនតេស្តូស្តេរ៉ូន។ អ័រម៉ូននេះជំរុញឲ្យក្រពេញខ្លាញ់នៅនឹងស្បែកផលិតខ្លាញ់កាន់តែច្រើន ហើយការផលិតខ្លាញ់កើនឡើងតែងបណ្ដាលឲ្យបញ្ហាមុន។
ដោយសារតែការសិក្សាជាច្រើនមិនទាន់ឯកភាពគ្នាចំពោះទំនាក់ទំនងរវាងផលិតផលទឹកដោះគោ និងបញ្ហាកើតមុននេះ ទើបធ្វើឲ្យអ្នកជួបបញ្ហាមុនលើផ្ទៃមុខពិបាកក្នុងការសម្រេចចិត្តថាត្រូវបញ្ឈប់ញ៉ាំ ឬក៏ត្រូវញ៉ាំបន្តពេលខ្លួនកំពុងឡើងមុនខ្លាំង។
ម៉្យាងទៀត ការកាត់បន្ថយផលិតផលធ្វើពីទឹកដោះគោពីរបបអាហាររបស់យើងអាចនឹងបង្កបញ្ហាផ្សេងៗដូចជាឆ្អឹងចុះខ្សោយ និងបង្កើនហានិភ័យនៃការបាក់ឆ្អឹងជាដើម។ ដូចនេះមានការណែនាំខ្លះដើម្បីឲ្យយើងអាចកំណត់ថាតើផលិតផលធ្វើពីទឹកដោះគោអាចបង្កបញ្ហាមុនឬយ៉ាងណា៖
- ព្យាយាមកាត់បន្ថយផលិតផលធ្វើពីទឹកដោះគោរយៈពេលពីរទៅបីសប្ដាហ៍ ប្រសិនជាក្នុងរយៈពេលនេះបញ្ហាមុនរបស់យើងនៅដដែលមិនមានប្រែប្រួលអ្វី នោះមានន័យថាទឹកដោះគោអាចមិនមែនជាមូលហេតុបង្កឲ្យយើងកើតមុនទេ។ ដូចនេះយើងអាចបញ្ចូលទឹកដោះគោ ឬផលិតផលធ្វើពីទឹកដោះគោចូលទៅក្នុងរបបអាហារវិញបាន។
- ប្រសិនជាយើងអាលែកហ្សីនឹងទឹកដោះគោ យើងគួរព្យាយាមញ៉ាំក្នុងកម្រិតតិចតួច។ ម៉្យាងទៀត គ្នាយើងមួយចំនួនអាចនឹងផឹកទឹកដោះគោបានក្នុងកម្រិតតិចតួចដោយមិនមានបញ្ហាស្បែក។ នេះអាចជួយដល់រាងកាយក្នុងការទទួលបានជាតិកាល់ស្យូមខណៈដែលយើងត្រូវការគ្រប់គ្រងស្ថានភាពស្បែករបស់យើងដែរ។
- គ្នាយើងខ្លះដែលអាលែកហ្សីទឹកដោះគោអាចនឹងមិនអាលែកហ្សីនឹងទឹកដោះចៀម ឬពពែទេ។ នេះជាមធ្យោបាយដ៏ល្អមួយក្នុងការថែរក្សាសុខភាពស្បែក និងសុខភាពឆ្អឹងក្នុងពេលតែមួយ។
- ប្រសិនជាគ្នាយើងឃើញថារបបអាហារដែលមិនមានផលិតផលធ្វើពីទឹកដោះគោអាចជួយឲ្យបញ្ហាមុនធូរស្រាលជាមុន យើងត្រូវប្រាកដថាញ៉ាំអាហារដែលសម្បូរដោយកាល់ស្យូមជំនួសទឹកដោះគោក្នុងរបបអាហារដើម្បីសុខភាពឆ្អឹង។
ការអនុវត្តតាមការណែនាំនេះអាចជួយឲ្យយើងថែរក្សាសុខភាពស្បែក ខណៈដែលរាងកាយនៅតែទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់។
អត្ថបទពាក់ព័ន្ធ៖
- បើមានរោគសញ្ញាទាំង ១០ នេះ បង្ហាញថារាងកាយខ្វះជាតិកាល់ស្យូមហើយ
- ខ្វះសារធាតុចិញ្ចឹមសំខាន់ពីរមុខនេះ ឆ្អឹងកូនខ្សោយ អត់មាំ អន់កម្ពស់ ឯធ្មេញក៏មានបញ្ហា
[embed-health-tool-bmr]