សរីរាង្គក្នុងយើងម្នាក់មានតួទាទីសំខាន់ៗច្រើនមុខ ដើម្បីដំណើរការធម្មតារបស់រាងកាយ ហើយអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត អាស្រ័យទៅលើទម្ងន់ខ្លួន ភេទ និងវ័យ។ តើយើងដឹងអ្វីខ្លះពីសរីរាង្គក្នុងយើងម្នាក់ៗ? ឱសថការី សែម ស៊ីណែត និងជាគ្រូបង្រៀន មុខវិជ្ជា ជីវវិទ្យា នៅសាលាជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ នឹងបង្ហាញពីទម្ងន់ ប្រវែង និងមុខងារសំខាន់ៗរបស់សរីរាង្គក្នុងយើងម្នាក់ៗ។
ខួរក្បាល៖ ទម្ងន់ ១.៣-១.៥ គីឡូក្រាម
ខួរក្បាលទទួលរំញោចតាមរយៈញាណ ហើយបកប្រែ និងឆ្លើយតបរំញោច ខួរក្បាលបង្កើតអារម្មណ៍ ការគិត និងការចងចាំ។
បេះដូង៖ ទម្ងន់ ២៤៥-៣៣១ ក្រាម
បេះដូងកន្ត្រាក់ពេញ១ជីវិតរបស់យើង បេះដូងច្របាច់ឈាមដែលសម្បូរអុកស៊ីសែនទៅគ្រប់ផ្នែកនៃសារពាង្គកាយ។ បេះដូងច្របាច់ឈាមដែលសម្បូរកាបូនឌីអុកស៊ីតទៅសួត ដើម្បីធ្វើបណ្តូរឧស្ម័ន។
សួត៖ សួតស្តាំ ទម្ងន់ ៣៤០-៤៤៥ ក្រាម ឯសួតឆ្វេង ទម្ងន់ ២៩៩-៣៩៥ ក្រាម
តួនាទីរបស់សួត គឺបណ្តូរឧស្ម័នអុកស៊ីសែន និងឧស្ម័នកាបូនិច ដោយផ្តល់អុកស៊ីសែនដល់ឈាម និងទទួលកាបូនឌីអុកស៊ីតពីឈាម ដើម្បីបញ្ចេញចោល។
ថ្លើម៖ ទម្ងន់ ១.៣-១.៦ គីឡូក្រាម
ថ្លើមមានមុខងារច្រើន ដល់ជាង ៥០០មុខ ក្នុងនោះមាន ស្តុកគ្លុយកូសដែលលើសក្នុងឈាម ក្រោមទម្រង់គ្លីកូសែន និងបំលែងគ្លីកូនសែនមកជាគ្លុយកូសវិញ។ តួនាទីប្រតិកម្មគីមីបំបែកជាតិពុល ដូចជាអាល់កុល និងឱសថ ដើម្បីបញ្ចេញចោល និងផលិតទឹកប្រម៉ាត់ដែលជាកាកសំណល់ និងជួយការរំលាយជាតិខ្លាញ់ក្នុងឈាម។
តម្រងនោម៖ តម្រងនោមស្តាំ ទម្ងន់ ១០៨-១២៩ ក្រាម ឯតម្រងនោមឆ្វេង ទម្ងន់ ១១៦-១៣៧ ក្រាម
តួនាទីសំខាន់របស់តម្រងនោមមាន ច្រោះជាតិពុលពីក្នុងឈាម រក្សាតុល្យឈាមធាតុរាវក្នុងឈាម រក្សាសម្ពាធឈាម ផលិតអ័រម៉ូនដែលភ្ញោចការផលិតគ្រាប់ឈាមក្រហម។
ក្រពះ៖ មាឌទទេ ០.០៨ លីត្រ មាឌអតិបរមា ៤ លីត្រ
ក្រពះមានតួនាទីរំលាយអាហារបែបមេកានិច និងគីមី បំបែកប្រូតេអ៊ីនក្នុងអាហារ បញ្ចេញអាស៊ីដដែលសម្លាប់មេរោគ។
ពោះវៀនតូច៖ ប្រវែងប្រហែល ៨ ម៉ែត្រ
តួនាទីរបស់ពោះវៀនតូច គឺរំលាយអាហារតាមរយៈអង់ស៊ីមពីលំពែង និងថង់ទឹកប្រម៉ាត់ ឯតួនាទីមួយទៀត គឺស្រូបសារធាតុចិញ្ចឹមពីអាហារចូលក្នុងឈាម។
ពោះវៀនធំ៖ ប្រវែងប្រហែល ១ម៉ែត្រកន្លះ
ពោះវៀនធំមានតួនាទីស្រូបទឹក និងអំបិលខនិជ ផ្ទុកបាក់តេរីមានប្រយោជន៍ ស្តុកកាកសំណល់មិនបំបែក ដើម្បីបញ្ចេញជាលាមក។
លំពែង៖ ទម្ងន់ ៨០ ក្រាម
លំពែង គេហៅឈ្មោះម្យ៉ាងទៀតថា ក្រពេញអិចសូរគ្រីន និងអង់ដូគ្រីន។ អិចសូគ្រីន មានតួនាទីផលិតអង់ស៊ីមរំលាយអាហារ ដូចជាលីប៉ាស ប្រូតេអាស អាមីឡាស ចំណែកអង់ដូគ្រីន មានតួនាទីផលិតអ័រម៉ូនរក្សាលំនឹងជាតិគ្លុយកូស (ស្ករ) ក្នុងឈាម គឺអាំងស៊ុយលីន និងគ្លុយកាកុង។
[embed-health-tool-bmr]