ក្រោយពីញ៉ាំអាហារហើយការធ្វើសកម្មភាពមួយចំនួនអាចផ្តល់ផលប៉ះពាល់មិនល្អបាន ដែលយើងអាចនឹងមិនធ្លាប់ដឹងពីមុនមក។ តើសកម្មភាពណាខ្លះដែលយើងគួរចៀសវាង?
១. ដុសធ្មេញ
ក្រោយពីញ៉ាំអាហារសម្បូរដោយកាបូអ៊ីដ្រាត និងជាតិស្ករដូចជាទឹកក្រូច នំប៉័ង និងនំឃុកគីជាដើមនោះ អាចបង្កឲ្យមានបាក់តេរីក្នុងមាត់ ហើយបាក់តេរីប្រភេទនេះអាចធ្វើឲ្យធ្មេញមានសភាពខ្សោយ។ ដូចនេះការដុសធ្មេញក្រោយពីញ៉ាំអាហារប្រភេទនេះជួយបង្ការការបង្កបាក់តេរីប្រភេទនេះក្នុងមាត់បាន។ យ៉ាងណាមិញ យើងគួរចៀសវាងដុសធ្មេញក្រោយពីញ៉ាំអាហារមានជាតិអាស៊ីដដូចជាស្រាទំពាំងបាយជូរ ឬពពួកផ្លែក្រូចជាដើម។ ក្នុងករណីនេះ យើងអាចដុសធ្មេញក្រោយពីញ៉ាំហើយ៣០នាទីព្រោះការដុសធ្មេញភ្លាមៗអាចធ្វើឲ្យធ្មេញមានសភាពខ្សោយខ្លាំង។
២. គេងភ្លាមៗ
ការគេងភ្លាមៗក្រោយញ៉ាំអាហារមិនផ្តល់ផលល្អដល់រាងកាយទេព្រោះអាចបង្កឲ្យមានអាការៈក្រហាយទ្រូង ដោយសារអាស៊ីដក្រពះ (Heartburn) និងប៉ះពាល់ដល់ដំណេក។ យោងតាមអ្នកជំនាញផ្នែកក្រពះពោះវៀន យើងគួរចូលគេង៣ម៉ោងក្រោយពីញ៉ាំអាហាររួមទាំងអាហារសម្រន់ដែរព្រោះរាងកាយរំលាយអាហារបានល្អនៅពេលយើងអង្គុយត្រង់ខ្លួន។
៣. ហាត់ប្រាណ
ការហាត់ប្រាណ ឬមានសកម្មភាពច្រើនក្រោយញ៉ាំអាហារគឺមិនមែនជាគំនិតល្អទេព្រោះអាចបង្កឲ្យអាការៈឈឺពោះ ឬរមួលក្រពើ។ ដូចនេះ ប្រសិនជាយើងញ៉ាំអាហារច្រើន យកល្អគួរចាំពីបីទៅបួនម៉ោងមុននឹងហាត់ប្រាណ។ សម្រាប់អាហារសម្រន់វិញ យើងអាចហាត់ប្រាណក្រោយពីញ៉ាំពីមួយទៅពីរម៉ោង។
យ៉ាងណាមិញ ក្រោយពីញ៉ាំអាហារហើយយើងអាចធ្វើសកម្មភាពខ្លះបានដើម្បីជួយដល់ការរំលាយអាហារដោយអនុវត្តវិធីខាងក្រោម៖
- ដើរ៖ ការដើរយឺតៗ (ក្នុងល្បឿនប្រហែល ៤គីឡូម៉ែត្រក្នុងមួយម៉ោង) អាចជួយដល់ការរំលាយអាហារ និងរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាម។
- ផឹកទឹក៖ ទឹកជួយដល់ការរំលាយអាហារដោយជួយដល់អាហារក្នុងការផ្លាស់ទីក្នុងប្រព័ន្ធរំលាយអាហារ។
[embed-health-tool-bmr]