ក្រោយពីញ៉ាំច្រើន ឬញ៉ាំអាហារប្រភេទខ្លះអាចធ្វើឲ្យយើងហើមពោះ។ អាការៈហើមពោះនេះជាទូទៅកើតមាននៅពេលរាងកាយយើងមានហ្គាស និងទឹកច្រើន។ មូលហេតុបង្កអាចមកពីការទល់លាមក ញ៉ាំច្រើនជ្រុល និងឡើងទម្ងន់ជាដើម។ ប៉ុន្តែយើងអាចបន្ថយអាការៈហើមពោះដោយញ៉ាំផ្លែឈើមានជាតិទឹកច្រើនដើម្បីជួយដល់ការរំលាយអាហារ។
១.ពពួកផ្លែក្រូច
ផ្លែក្រូច និងក្រូចថ្លុងមានផ្ទុកជាតិទឹក ៨០ទៅ៩០%។ រាងកាយរបស់យើងនឹងស្តុកជាតិទឹកនៅពេលយើងត្រូវការជាតិទឹកដើម្បីកុំឲ្យយើងបាត់បង់ជាតិទឹក ហើយជាតិទឹកក្នុងពពួកផ្លែក្រូចជួយបំពេញជាតិទឹក និងជួយឲ្យរាងកាយបញ្ចេញជាតិទឹកដែលលើសរួមជាមួយនឹងសូដ្យូមលើសផងដែរ។ រីឯក្រូចឆ្មារគឺមានប្រសិទ្ធភាពក្នុងការបញ្ចុះនោមនៅពេលលាយជាមួយទឹកក្ដៅឧណ្ហៗ។
២.ផ្លែឪឡឹក និងផ្លែត្រសក់ផ្អែម (Melon)
ផ្លែឪឡឹក និងផ្លែត្រសក់ផ្អែមមានជាតិទឹក ៩២% ហើយសុទ្ធតែមានប្រសិទ្ធភាពបញ្ចុះនោមដែលអាចធ្វើឲ្យយើងបញ្ចេញជាតិទឹក និងសូដ្យូមចេញពីរាងកាយ។ ចំណែកឯ ប៉ូតាស្យូមមានក្នុងផ្លែនេះជួយបញ្ចេញសូដ្យូម និងបន្ថយអាការៈហើមពោះ។ ម៉្យាងទៀត ញ៉ាំផ្លែត្រសក់ផ្អែមអាចជួយឲ្យយើងទទួលបានជាតិប៉ូតាស្យូមគ្រប់តាមកម្រិតត្រូវការប្រចាំថ្ងៃដែលស្មើនឹង ៤ ៧០០ក្រាម។
៣.ផ្លែបឺរ
អាការៈហើមពោះអាចកើតមកពីរាងកាយមិនអាចរំលាយអាហារបានល្អ។ អង់ហ្សីមរំលាយអាហារបំបែកកាបូអ៊ីដ្រាត ជាតិខ្លាញ់ ប្រូតេអ៊ីន និងជាតិសរសៃ ដើម្បីបញ្ចេញអាហារទាំងនេះពីពោះវៀនដើម្បីបង្ការហ្គាស និងអាការៈហើមពោះ។ ផ្លែបឺរផ្ទុកអង់ហ្សីមរំលាយអាហារ lipase ដែលបំបែកជាតិខ្លាញ់ ហើយផ្លែនេះក៏មានប៉ូតាស្យូមខ្ពស់ជួយបញ្ចេញជាតិទឹកដែលលើសបាន។
៤.ផ្លែម្នាស់
ផ្លែម្នាស់ផ្ទុកជាតិទឹក៨៥% និងអង់ហ្សីម bromelain ដែលបំបែកប្រូតេអ៊ីន។ សាកលវិទ្យាល័យ Maryland ផ្នែកវេជ្ជសាស្ត្របានបញ្ជាក់ថាអង់ហ្សីម bromelain ត្រូវបានប្រើជាយូរណាស់មកហើយក្នុងការព្យាបាលបញ្ហាពិបាករំលាយអាហារ។
[embed-health-tool-bmr]