backup og meta

អាហារ ៥ មុខនេះអាច​ជួយរាងកាយជាសះស្បើយពីរបួស ឬជំងឺផ្សេងៗ​បាន​លឿន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 17, 2020

    អាហារ ៥ មុខនេះអាច​ជួយរាងកាយជាសះស្បើយពីរបួស ឬជំងឺផ្សេងៗ​បាន​លឿន

    ក្រោយ​ពី​ទទួល​ការ​វះ​កាត់ ឬ​កំពុង​ជា​សះស្បើយ​ពី​ជំងឺ​ផ្សេងៗ អាហារ និង​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ​អាច​ជួយ​ឲ្យ​ជា​សះស្បើយ​លឿន ឬ​អាច​ធ្វើ​ឲ្យ​ជា​សះសើ្បយ​យឺតយ៉ាវបាន។ អាហារ​មួយ​ចំនួន​ដូចជា​ផ្លែឈើ បន្លែ និង​អាហារ​មាន​ប្រូតេអ៊ីន​គឺ​អាច​ជួយ​បន្ថយ​ការ​រលាក ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជួយ​ដល់​ការ​ជា​សះស្បើយ​។ អត្ថបទ​នេះ​នឹង​លើក​ឡើង​ពី​អាហារ​ដែល​ជួយ​ឲ្យ​រាងកាយ​ជា​សះស្បើយ​លឿន។

    ១. ស៊ុត

    ក្រោយ​ពី​វះកាត់​ហើយ រាងកាយ​យើង​ត្រូវការ​ប្រូតេអ៊ីន​បន្ថែម​ចន្លោះ​ ១,៥-២ក្រាម​ក្នុង​មួយ​គីឡូក្រាម​នៃ​ទម្ងន់​របស់​យើង។ បើ​យើង​មាន​ទម្ងន់ ៦៨គីឡូក្រាម​មាន​ន័យ​ថា​យើង​ត្រូវ​ការ​ប្រូតេអ៊ីន ១០៥-១៣៥ក្រាម។ ស៊ុត​មិន​ត្រឹម​តែ​សម្បូរ​ប្រូតេអ៊ីន​ទេ​ វានៅ​ផ្តល់​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដូចជា​វីតាមីន A វីតាមីន B12 ជាតិ​ស័ង្កសី និង​ជាតិដែក ​ដែល​ជួយ​ទ្រទ្រង់​ដល់​សុខភាព​ប្រព័ន្ធ​ភាព​ស៊ាំ និង​ការ​ជា​សះ​ស្បើយ​របស់​របួស។

    ២. គ្រាប់​ផ្លែឈើ (Nuts)

    គ្រាប់​ផ្លែឈើ​ដូចជា​គ្រាប់​អាល់ម៉ុង គ្រាប់​walnut និង​គ្រាប់​ផ្កាឈូករ័ត្ន​សុទ្ធតែ​អាច​ជួយ​ដល់​រាងកាយ​អំឡុងពេលវិវត្ត​ទៅ​រក​ភាព​​ជា​សះស្បើយ។ គ្រាប់​ផ្លែឈើ​ទាំង​នេះ​ជា​ប្រភព​ល្អ​នៃ​ជាតិស័ង្កសី វីតាមីន E ម៉ង់កាណែស និង​ម៉ាញេស្យូម។ វីតាមីន E ដើរ​តួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ការពារ​ការ​ខូចខាត​កោសិកា និង​សំខាន់​សម្រាប់​សុខភាព​ប្រព័ន្ធ​ភាព​ស៊ាំ។

    ៣. សាច់​មាន់

    សាច់​មាន់​សម្បូរ​ដោយ​អាស៊ីដ​អាមីណូ glutamine និង​arginine ដែល​ជួយ​ដល់​ការ​ជា​សះស្បើយ។ Glutamine ផ្តល់​ការ​ការពារ​ដល់​កោសិកា​អំឡុង​ពេល​ស្ត្រេស​ដូចជា​ពេល​ឈឺ និង​រង​របួស ចំណែក​ឯ​ arginine ជួយ​ដល់​ការ​ផលិត​ខូឡាជេន​ និង​ការ​ជាសះស្បើយ​របស់​របួស។

    ៤. គ្រឿង​ក្នុង​សត្វ

    គ្រឿង​ក្នុង​សត្វ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​។ សារធាតុ​ចិញ្ចឹម​ទាំង​នោះ​មាន​ដូចជា​វីតាមីន A ស័ង្កសី ជាតិ​ដែក វីតាមីន B និង​ជាតិ​ស្ពាន់។ វីតាមីន A សំខាន់​សម្រាប់​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាពស៊ាំ ជួយ​រារាំងការ​រលាក​កោសិកា​ និង​ជួយ​ឲ្យ​របួស​ជា​សះស្បើយ​ឆាប់​រហ័ស។ ម៉្យាងទៀត គ្រឿង​ក្នុង​ក៏​សម្បូរ​ប្រូតេអ៊ីន​ដែល​សំខាន់​សម្រាប់​ការ​ជាសះស្បើយ​ក្រោយ​​ពី​វះកាត់ ឬ​ជា​ពី​ជំងឺ​ផ្សេងៗផងដែរ។

    ៥. ដំឡូង​ជ្វា

    ដំឡូង​ជ្វា​ជា​អាហារ​មាន​កាបូអ៊ីដ្រាត​ខ្ពស់ ហើយ​កាបូអ៊ីដ្រាត​អាច​ផ្ដល់​ថាមពល​ដែល​កោសិកា​ត្រូវ​ការ​សម្រាប់​ការ​ជាសះស្បើយ។ ការ​ទទួល​បាន​កាបូអ៊ីដ្រាត​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​ការ​ជា​ពី​របួស​មាន​ភាព​យឺត​យ៉ាវ។ ដំឡូងជ្វា​ក៏​មាន​វីតាមីន C ម៉ង់កាណែស និងសារធាតុ ​carotenoid ដែល​ជួយ​ដល់​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជួយ​រាងកាយ​ជា​សះស្បើយ។

    ក្រៅ​ពី​របប​អាហារ​ល្អ​ហើយ យើង​ក៏​អាច​ពន្លឿន​ការ​ជា​សះស្បើយ​បាន​តាមរយៈ៖

    • ការ​សម្រាក៖ ការ​គេង​ឲ្យ​បាន​គ្រប់គ្រង​អាច​ជួយ​ដល់​ដំណើរការ​ជួសជុល​របស់​រាងកាយ​បាន​។
    • ការ​ផឹក​ទឹក៖ ការ​ផឹក​ទឹក​ឲ្យ​គ្រប់គ្រាន់​ជួយ​ដល់​ការ​ជាសះស្បើយ​មិនថា​ពេល​រង​របួស ឬ​ពី​ជំងឺ​ដែល​បង្ក​ឲ្យ​មាន​ការ​បាត់បង់​ជាតិ​ទឹក​ដូចជា​គ្រុនក្ដៅ និង​រាករូស។
    • ចៀសវាង​បារី និង​គ្រឿង​ស្រវឹង៖ បារី និង​គ្រឿង​ស្រវឹង​អាច​ពន្យារ​ការ​ជា​សះស្បើយ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 17, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម