
បើគ្នាយើងចេះថែរក្សាសុខភាពខួរក្បាលបានល្អ មិនត្រឹមតែជួយដល់ការចងចាំប៉ុណ្ណោះទេ បើចំពោះក្មេងៗវិញ រៀនកាន់តែពូកែ កាន់តែឆ្លាតវៃ ហើយចំពោះចាស់ៗវិញ ក៏ចៀសផុតជំងឺជាច្រើន ពិសេសជំងឺចាស់វង្វេងតែម្តង។ “Hello គ្រូពេទ្យ’ នឹងណែនាំអាហារខ្លះៗ ជួយសុខភាពខួរក្បាល និងការចងចាំបានល្អ។
និយាយពីសុខភាពខួរក្បាល ត្រីសម្បូរខ្លាញ់ ត្រូវចាត់ទុកជាអាហារចម្បងគ្នាយើងអាចពិចារណា ដូចជា ត្រីសាល់ម៉ុន ត្រីដ្រូត (ស្រដៀងត្រីព្រួល) និងត្រីសាឌីន ព្រោះពពួកត្រីទាំងនេះ សម្បូរអាស៊ីដខ្លាញ់អូមេហ្គា ៣។
គ្នាយើងត្រូវដឹងថា អូមេហ្គា ៣ ជាអាស៊ីដខ្លាញ់សំខាន់ខ្លាំងសម្រាប់សុខភាពខូរក្បាល អាចចៀសផុតពីជំងឺចាស់វង្វេងបានទៀតផង។ ការសិក្សារកឃើញថា គ្នាយើងចូលចិត្តញ៉ាំត្រី អាចជួយឲ្យការចងចាំបានល្អ និងអារម្មណ៍ស្រស់ស្រាយ។
អត្ថបទពាក់ព័ន្ធ៖
ប្រូខូលី ក៏ជាកំពូលបន្លែល្អចំពោះសុខភាពយើង ព្រោះសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនជាច្រើនទៀត។ ប្រូខូលី សម្បូរទៅដោយវីតាមីន K ដែលរាងកាយយើងត្រូវការ ខណៈវីតាមីនរលាយក្នុងខ្លាញ់ប្រភេទនេះ ក៏ជាសារធាតុចម្បងដើម្បីបង្កើតទៅជាជាតិ Sphingolipid ជាទម្រង់ខ្លាញ់មួយប្រភេទក្នុងខួរក្បាល មានក្នុងកោសិកាក្រាស់ៗនៃខួរក្បាល។ ការសិក្សាជាច្រើនរកឃើញថា ក្មេងជំទង់ញ៉ាំវីតាមីន K ច្រើន ជួយឲ្យការចងចាំបានល្អ។
ដូចយើងដឹងស្រាប់ ក្រូចជាផ្លែឈើសម្បូរវីតាមីនបំផុត ជួយសុខភាពរាងកាយទាំងមូលបានច្រើនណាស់ ក្នុងនោះក៏អាចជួយឲ្យខួរក្បាលធ្វើការកាន់តែល្អដូចគ្នា។ វីតាមីន C ក្នុងផ្លែក្រូច ជាសារធាតុសំខាន់ ជួយការពារបញ្ហាបាក់ទឹកចិត្ត ប្រយុទ្ធប្រឆាំងពពួករ៉ាឌីកាល់សេរី ដែលជាភ្នាក់ងារបំផ្លាញកោសិកាខួរក្បាលយើង ពិសេសវីតាមីន C ជួយឲ្យយើងក្មេងជាងវ័យថែមទៀតផង។
ស៊ុត ក៏ជាអាហារល្អចំពោះខួរក្បាលដែរ ដោយសារសម្បូរវីតាមីន B6 និង B12 អាស៊ីដហ្វូលីក ពិសេសសារធាតុ Choline ដែលជាសារធាតុចម្បងបង្កើតចេញជាអាស៊ីដCholine ជួយដល់ប្រព័ន្ធសរសៃប្រសាទឲ្យគ្រប់គ្រងអារម្មណ៍ និងការចងចាំកាន់តែល្អ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Best Foods to Boost Your Brain and Memory
កំណែប្រែបច្ចុប្បន្ន
02/10/2020
អត្ថបទដោយ សន សុភា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ