ការសិក្សាបានរកឃើញថាការមានវីតាមីនD ក្នុងខ្លួនទាបអាចធ្វើឲ្យមនុស្សយើងប្រឈមនឹងកើតមានជំងឺផ្ដាសាយធម្មតា ឬផ្ដាសាយធំ ដោយថាវីតាមីនD បានដើរតួយ៉ាងសំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំងប្រឆាំងការឆ្លងរោគនៅប្រព័ន្ធផ្លូវដង្ហើម។
វីតាមីនD ជួយឲ្យរាងកាយយើងស្រូបជាតិកាល់ស្យូមបានល្អ ជួយឆ្អឹងរឹងមាំ។ ប៉ុន្តែយើងអាចរកវីតាមីនD ពីអាហារធម្មជាតិបានតិចតួចប៉ុណ្ណោះ ហើយវីតាមីននេះយើងឃើញមាននៅក្នុងទឹកដោះគោ ឬអាហារបំប៉នមួយចំនួន។ យ៉ាងណា រាងកាយយើងអាចផលិតវីតាមីនD ដោយការត្រូវពន្លឺថ្ងៃ ប៉ុន្តែថានៅរដូវរងាប្រទេសខ្លះអាចមានពន្លឺថ្ងៃមិនគ្រប់គ្រាន់ ជាហេតុនាំឲ្យរាងកាយមិនអាចផលិតវីតាមីនD បានគ្រប់គ្រាន់ដែរ។
ការសិក្សាជាច្រើនបានរកឃើញពីទំនាក់ទំនងរវាងបរិមាណវិតាមីនD ទាប និងហានិភ័យកើតជំងឺផ្លូវដង្ហើម។ ការសិក្សាបញ្ជាក់ថា អ្នកខ្វះវីតាមីនD មានឱកាសកើតជំងឺផ្ដាសាយធម្មតា ឬផ្ដាសាយធំខ្ពស់ជាងអ្នកមានវីតាមីនDក្នុងខ្លួនគ្រប់គ្រាន់។
ក្រៅពីវីតាមីនD វីតាមីន A និងE ក៏មានសារៈសំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំយើងប្រឆាំងនឹងជំងឺប្រព័ន្ធផ្លូវដង្ហើមដូចជាផ្ដាសាយនេះដែរ។ ទោះបីជាការសិក្សាមិនអាចបញ្ជាក់បានថាវីតាមីន A និង E អាចជួយការពារយើងមិនឲ្យកើតជំងឺផ្ដាសាយក៏ពិតមែន តែថាអ្នកដែលមានវីតាមីនទាំងនេះទាបគឺប្រឈមនឹងកើតជំងឺផ្ដាសាយខ្ពស់។
វីតាមីនទាំងនេះ យើងអាចទទួលបានតាមរយៈការញ៉ាំអាហារដូចជាថ្លើមសត្វ ទឹកដោះគោ ការ៉ុត បន្លែបៃតង ប្រេងបន្លែ និងគ្រាប់ធញ្ញជាតិជាដើម។
[embed-health-tool-bmr]