ទឹកប៉េងប៉ោះមានរសជាតិជូរអែមដែលអាចជួយបន្ថែមរសជាតិ និងពណ៌ដល់អាហារជាច្រើន។ មនុស្សជាច្រើនចូលចិត្តទឹកជ្រលក់ដ៏ពេញនិយមនេះណាស់ មិនថាប្រុស ស្រី ក្មេង ឬចាស់ទេ ប៉ុន្តែការញុំាទឹកប៉េងប៉ោះច្រើនធ្វើឱ្យប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន។
លោកស្រីវេជ្ជបណ្ឌិត Priya Palan ជំនាញខាងចំណីអាហារ បំរើការនៅមន្ទីរពេទ្យពហុជំនាញ Zen បានលើកឡើងថា ទឹកប៉េងប៉ោះមិនមានប្រូតេអ៊ីន និងជាតិសរសៃទេ។ វាសម្បូរទៅដោយស្ករ អំបិល គ្រឿងទេស និងទឹកស្ករចម្រាញ់ពីពោត។ ការញុំាទឹកប៉េងប៉ោះច្រើនធ្វើឱ្យប៉ះពាល់សុខភាពដូចជា៖
១. កើតជំងឺបេះដូង៖ ការញុំាអាហារមានទឹកស្ករចម្រាញ់ពីពោតច្រើនធ្វើឱ្យកម្រិតទ្រីគ្លីសេរីដ (ខ្លាញ់ក្នុងឈាម) ឡើងខ្ពស់ និងបណ្តាលឱ្យមានបញ្ហាបេះដូង។
២. ធាត់៖ ជាតិស្ករ និងទឹកស្ករចម្រាញ់ពីពោតដ៏ច្រើននៅក្នុងទឹកប៉េងប៉ោះធ្វើឱ្យយើងឡើងគីឡូ។
៣. មានបញ្ហាសន្លាក់៖ ការញុំាអាហារកែច្នៃច្រើនបង្កើនហានិភ័យនៃការរលាកដែលមានន័យថាយើងអាចមានបញ្ហាសន្លាក់ទៅថ្ងៃក្រោយ។
៤. ក្រហាយទ្រូង៖ លោកស្រីវេជ្ជបណ្ឌិត Priya Palan ក៏បានបន្ថែមថា “បរិមាណអាស៊ីដម៉ាឡិក និងអាស៊ីដស៊ីទ្រិចនៅក្នុងទឹកប៉េងប៉ោះធ្វើឱ្យកើនជាតិអាស៊ីដក្នុងក្រពះដែលបណ្តាលឱ្យក្រហាយទ្រូង។ ប្រសិនបើយើងមានបញ្ហាប្រព័ន្ធរំលាយអាហារ ឬជំងឺច្រាលអាស៊ីដក្រពះ (GERD) គួរចៀសវាងញុំាទឹកប៉េងប៉ោះ” ។
បញ្ហាប្រព័ន្ធរំលាយអាហារ
៥. មានបញ្ហាតម្រងនោម៖ ការញុំាអាហារដែលមានសូដ្យូម (អំបិល) ខ្ពស់ធ្វើឱ្យកើនជាតិកាល់ស្យូមក្នុងទឹកនោម។ វាបង្កើនហានិភ័យកើតក្រួសក្នុងតម្រង់នោម។
៦. អាលែកហ្ស៊ី៖ ទឹកប៉េងប៉ោះមានសារធាតុអ៊ីស្តាមីន (histamines) ដែលអាចធ្វើឱ្យយើងអាលែកហ្ស៊ី។
៧. មានជំងឺទឹកនោមផ្អែម៖ ស្ករ និងទឹកស្ករចម្រាញ់ពីពោតនៅក្នុងទឹកប៉េងប៉ោះធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមរបស់យើងកើនឡើង។
៨. ឡើងសម្ពាធឈាម៖ ការញុំាទឹកប៉េងប៉ោះច្រើនធ្វើឱ្យយើងឡើងសម្ពាធឈាម និងអតុល្យភាពសារធាតុរ៉ែក្នុងរាងកាយ ព្រោះវាផ្ទុកសូដ្យូម (អំបិល) ខ្ពស់។
ទឹកប៉េងប៉ោះមានតម្លៃអាហារូបត្ថម្ភទាប។ វាមិនមានប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ ឬជាតិសរសៃទេ ផ្ទុយទៅវិញវាមានជាតិស្ករ និងសូដ្យូម (អំបិល) ខ្ពស់។ យើងគួរញុំាអាហារដែលសម្បូរសារធាតុចិញ្ចឹមទើបល្អចំពោះសុខភាពរាងកាយ។
[embed-health-tool-bmr]