ផ្លែសារីព្រៃឬឆឺរីថៃ គឺជាផ្លែឈើតំបន់ត្រូពិកដែលមានដើមកំណើតនៅឈូងសមុទ្រការ៉ាបៀន និងទ្វីបអាមេរិកខាងត្បូង។ ផ្លែឈើនេះផ្ទុកវីតាមីន C ខ្ពស់ជាងផ្លែក្រូច និងសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម។ តើផ្លែសារីព្រៃផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពយើង?
១. ពង្រឹងប្រព័ន្ធការពាររាងកាយ
ប្រព័ន្ធការពាររាងកាយយើងត្រូវការវីតាមីន C ដើម្បីផលិតកោសិកាឈាមស។ កោសិកាឈាមសការពាររាងកាយយើងពីការឆ្លងវីរុសដូចជា ជំងឺផ្តាសាយ គ្រុនផ្តាសាយ និងក្អក។ លើសពីនេះទៅទៀតផ្លែសារីព្រៃក៏ផ្ទុកសារធាតុ phytonutrients ដែលជួយឱ្យរាងកាយយើងប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលអាចធ្វើឱ្យយើងមានជំងឺរុំារ៉ៃដូចជា ជំងឺបេះដូង មហារីក ជំងឺក្រពះពោះរៀនជាដើម។ ក្រៅពីនេះ ក៏ជួយរាងកាយប្រឆាំងនឹងការរលាកដែរ ដូច្នេះការញុំាផ្លែសារីព្រៃអាចរួមចំណែកកាត់បន្ថយការកើតជំងឺរលាកសន្លាក់។
២. ជួយសុខភាពស្បែក
ផ្លែសារីព្រៃមានវីតាមីន A ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារស្បែកពីកាំរស្មី UVB របស់ព្រះអាទិត្យដោយរារាំងដំណើរការនៃការបំផ្លាញខូឡាជែនរបស់ស្បែក និងជួយស្បែកផលិតកោសិកាថ្មីដែលធ្វើឱ្យស្បែកយើងមានសុខភាពល្អនិងភ្លឺថ្លា។ ម៉្យាងវិញទៀតវីតាមីន C នៅក្នុងផ្លែសារីព្រៃជួយជំរុញការផលិតខូឡាជែនដែលជួយជួសជុលស្បែកឡើងវិញ។ ជាលទ្ធផលរួមចំណែកធ្វើឲ្យស្បែកមានភាពយឺត គ្មានស្នាមអុជខ្មៅ និងស្នាមជ្រីវជ្រួញ។
៣. ជួយសុខភាពខួរក្បាល
ផ្លែសារីព្រៃមានសមាសធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពង្រឹងមុខងារខួរក្បាល ជួយដល់ការចង់ចាំ និងការពារជំងឺសរសៃប្រសាទ ព្រោះវាអាចកាត់បន្ថយការរលាក និងប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលធ្វើឱ្យខូចកោសិកាខួរក្បាល និងណឺរ៉ូន។
៤. បង្កើនថាមពល
វីតាមីន C ក្នុងផ្លែសារីព្រៃជួយរាងកាយយើងផលិត L-carnitine។ វាជាជាអាស៊ីដអាមីណូដែលរាងកាយប្រើប្រាស់ក្នុងការផលិតថាមពល។
៥. ជំនួយដល់ការរំលាយអាហារ
អ្នកជំនាញបានលើកឡើងថាផ្លែសារីព្រៃអាចជួយបង្កើនមុខងារមេតាប៉ូលីស (ការបំលែងអាហារទៅជាថាមពល) និងការរំលាយអាហារ។
ផ្លែសារីព្រៃអាចបង្កការអាលែកហ្ស៊ីដល់មនុស្សមួយចំនួន។ ដោយសារផ្លែសារីព្រៃមានផ្ទុកវីតាមីន C ខ្ពស់ ដូចនេះគួរញ៉ាំក្នុងចំនួនតិចតួច ការញុំាផ្លែសារីព្រៃច្រើនពេកបណ្តាលឱ្យរាក ឈឺក្រពះ កើនជាតិអាស៊ីដ និងបង្កក្រួសក្នុងតម្រងនោមជាដើម។
[embed-health-tool-bmr]