backup og meta

ញុំាផ្នែកពណ៌សនៃស៊ុតច្រើនក្នុងមួយថ្ងៃៗ អាចមានផលប៉ះពាល់ ៥ យ៉ាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 14, 2022

    ញុំាផ្នែកពណ៌សនៃស៊ុតច្រើនក្នុងមួយថ្ងៃៗ អាចមានផលប៉ះពាល់ ៥ យ៉ាង

    ផ្នែក​ពណ៌​ស​នៃ​ស៊ុតផ្ទុកទៅដោយប្រូតេអ៊ីន គ្មានកូកូលេស្តេរ៉ូល ឬខ្លាញ់ ប៉ុន្តែខ្វះសារធាតុចិញ្ចឹម​សំខាន់ៗ​មួយចំនួនមាន​នៅ​ក្នុង​ផ្នែកលឿង​នៃស៊ុត។ តើ​នឹង​មានអ្វីកើតឡើងចំពោះរាងកាយ ប្រសិន​​បើយើងញុំាស៊ុតតែផ្នែក​ពណ៌​សច្រើនគ្រាប់ក្នុងមួយថ្ងៃ?

    អ្នកចង់សម្រក់ទម្ងន់ដែលញុំាតែស៊ុតផ្នែក​ពណ៌​សជំនួសសាច់ ហើយញុំាស៊ុតសច្រើនគ្រាប់ជាប្រចាំ​ក្នុងមួយថ្ងៃៗ​អាចមាន​ផល​ប៉ះពាល់​​ដល់សុខភាព​ដូចខាង​ក្រោម៖

    ១. កង្វះវីតាមីន​B

    វីតាមីន B ជួយឱ្យសក់ ស្បែក និងក្រចកមានសុខភាព​ល្អ ហើយ​ជួយ​ដល់ការរំលាយអាហារ បំប្លែងអាហារ និងជំនួយខួរក្បាល។ កង្វះវីតាមីនB អាច​បណ្តាល​​ឱ្យយើងប្រកាច់ ជ្រុះសក់ ឈឺសាច់ដុំ និងឈឺចាប់​សន្លាក់ធ្ងន់ធ្ងរ។

    ការញុំាស៊ុតផ្នែក​ពណ៌សច្រើនជារៀងរាល់ថ្ងៃក្នុងរយៈពេលយូរអាចបណ្តាលឱ្យបរិមាណវីតាមីនB ក្នុងរាងកាយយើងថយចុះ ដោយសារតែស៊ុតពណ៌សមាន​ផ្ទុក Avidin ដែលជា​ប្រូតេអ៊ីន​អាច​រារាំងរាងកាយពីការស្រូបយកវីតាមីន B ពីចំណីអាហារ។

    ២. លើសប្រូតេអ៊ីនក្នុងខ្លួន

    ស៊ុតពណ៌សសម្បូរទៅដោយប្រូតេអ៊ីន។ ការញុំាប្រូតេអ៊ីន​ក្នុងបរិមាណច្រើន​អាច​បណ្តាល​ឱ្យយើង​យើងមានបញ្ហាសុខភាពជាច្រើនដូចជា ឈឺក្បាល ខ្សោយ ពុកឆ្អឹង ខ្សោះជាតិទឹកជាដើម។ ជាពិសេសប្រសិនបើយើងមានបញ្ហាតម្រងនោម​ យើងមិន​គួរ​ញ៉ាំ​ស៊ុតពណ៌ស​លើស​ពី​ពីរ​គ្រាប់​ក្នុង​មួយថ្ងៃទេ​។ ឯអ្នកដែល​មានបញ្ហា​ថ្លើម​ស្រួចស្រាល់​គួរតែ​ពិគ្រោះជាមួយគ្រូពេទ្យ​មុនពេល​ចាប់ផ្តើម​របបអាហារ​ដែលមាន​ស៊ុតពណ៌សច្រើន។

    ៣. អាលែកហ្ស៊ី

    ស៊ុតជាកំពូលអាហារបង្កឱ្យយើងអាលែកហ្ស៊ីមិនថាស៊ុតពណ៌ស ឬស៊ុតផ្នែក​លឿងទេ។ ស៊ុតស​មានផ្ទុកអាល់ប៊ុយមីន (Albumin) ដែលជាប្រូតេអ៊ីន​បង្កឱ្យ​មានប្រតិកម្មអាលែកហ្ស៊ី​ ​រួមមានរោគសញ្ញាដូចជា រមាស់ ហៀរទឹកភ្នែក ឡើង​កន្ទួលក្រហម ឈឺពោះ រាកទល់លាមក ថប់ដង្ហើម ឬក្អកជាដើម។

    អាលែកហ្ស៊ី

    ៤. អាចងាយពុលអាហារ

    អាល់ប៊ុយមីននៅក្នុងស៊ុតផ្នែក​ពណ៌ស គឺងាយរងការចម្លងរោគដោយបាក់តេរីដូចជា salmonella ដែលជាបាក់តេរីស្ថិតនៅក្នុងពោះវៀនរបស់មាន់។ បាក់តេរីនេះអាច​មាន​វត្តមាន​លើផ្ទៃខាងក្នុង និងខាងក្រៅ​របស់​សំបកស៊ុត។ ដើម្បីចៀសវាងហានិភ័យនេះ យើងត្រូវញុំាស៊ុតផ្នែក​ពណ៌​សដែលឆ្អិតល្អ។

    ចង់ពិនិត្យសុខភាពក្រពះពោះវៀន ចុចទីនេះ!

    ៥. ទល់លាមក

    ស៊ុតពណ៌សផ្ទុកប្រូតេអ៊ីនខ្ពស់។ រាងកាយយើងត្រូវការពេលយូរដើម្បីរំលាយប្រូតេអ៊ីន ហើយកាលណាអាហារឆ្លងកាត់ផ្លូវរំលាយអាហារយូរ ពោះរៀននឹងស្រូបយក​ជាតិទឹក​ដែលបណ្តាលឱ្យលាមករឹង។ ប្រសិនបើយើងញុំាស៊ុតស​ច្រើន ហើយញុំាអាហារ​ដែល​មាន​ជាតិសរសៃតិចអាច​បណ្តាលឱ្យយើង​ទល់លាមក។

    ស៊ុតផ្នែក​ពណ៌​សអាចជួយឱ្យយើងបញ្ចុះទម្ងន់ និងជួយរក្សាម៉ាស់សាច់ដុំ ​ប៉ុន្តែយើងមិន​​គួរញ៉ាំ​ស៊ុត​ស​លើស​ពីពីរ​គ្រាប់​ក្នុងមួយថ្ងៃទេ ហើយក៏មិនមានន័យថា​ស៊ុតផ្នែក​ពណ៌​សជាជម្រើស​អាហារ​ជំនួសសាច់តែ​មួយគត់​ដែលយើងគួរញ៉ាំច្រើនជាប្រចាំដែរ។ អាហារ​សម្បូរ​ទៅ​ដោយប្រូតេអ៊ីនក្រៅពីស៊ុត និងសាច់ មានដូចជា សណ្តែក តៅហ៊ូ ត្រី សណ្តែកដី និង​គ្រាប់​ផ្លែឈើជាដើម។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 14, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម