backup og meta

ខ្លាញ់ត្រី ល្អសម្រាប់ក្មេងៗ និងចាស់ៗ ច្រើនយ៉ាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Feb 22, 2021

    ខ្លាញ់ត្រី ល្អសម្រាប់ក្មេងៗ និងចាស់ៗ ច្រើនយ៉ាង

    គ្នាយើងចូលចិត្តញ៉ាំត្រីអត់? បើអត់ទេ គួរសាកល្បងប្តូរទម្លាប់នេះ! “Hello គ្រូពេទ្យ” ប្រាប់ទៅចុះ សារធាតុសំខាន់ៗក្នុងខ្លាញ់ត្រីល្អណាស់សម្រាប់សុខភាព។

    ខ្លាញ់ត្រីមានផ្ទុកអាស៊ីដអូមេហ្គា ៣ យ៉ាងច្រើនសន្ធឹកសន្ធាប់ ថែមទាំងអាស៊ីដូកូសាអ៊ិច សាអេណូអ៊ិច (DHA) និងអាស៊ីដអេអ៊ីកូសាប៉ង់តាអេណូអ៊ិច (EPA) សុទ្ធសឹងជាសារធាតុសំខាន់ទ្រទ្រង់សុខភាពកាន់តែប្រសើរ។

    ១- សុខភាពសរសៃឈាមបេះដូង

    អាស៊ីដអូមេហ្គា ៣ ពិតជាមានប្រសិទ្ធភាព កាត់បន្ថយហានិភ័យកើតជំងឺសរសៃឈាមបេះដូង អាចជួយគ្រប់គ្រងកម្រិតជាតិខ្លាញ់អាក្រក់ (LDL) បង្កើនជាតិខ្លាញ់ល្អ (HDL) ក្នុងរាងកាយ បង្ការមិនឲ្យចាល់ផ្តុំជាតិខ្លាញ់ទ្រីគ្លីសេរីត (ខ្លាញ់មិនល្អរុំព័ទ្ធបេះដូង) ថែមទៀត។

    ខ្លាញ់ត្រីមានគុណប្រយោជន៍សម្រាប់ម៉ាក់ប៉ា អ៊ំៗ មានជំងឺសរសៃឈាមអាកទែរួមត្បៀតតូច បន្ថយហានិភ័យកើតជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។

    ខ្លាញ់ត្រី

    ២- ពង្រឹងប្រព័ន្ធភាពស៊ាំ

    ញ៉ាំខ្លាញ់ត្រីជាប្រចាំ ប្រសើរចំពោះភាពស៊ាំរបស់យើង ទប់ទល់ជំងឺ និងការបង្ករោគសាមញ្ញទូទៅ។ មួយទៀត គឺគុណប្រយោជន៍សម្រាប់ម៉ាក់ប៉ា អ៊ំៗមានជំងឺប្រព័ន្ធភាពស៊ាំ ដូចជា ជំងឺលូភើស (ប្រព័ន្ធភាពស៊ាំប្រឆាំងរាងកាយខ្លួនឯង)។ ក្រៅពីនេះ អាចនឹងជំរុញដំណើរការអភិវឌ្ឍលូតលាស់រាងកាយកាន់តែល្អ។

    ៣- កាត់បន្ថយការរលាក

    វាមានសមត្ថភាពប្រឆាំងការរលាក កាត់បន្ថយបញ្ហារលាកក្នុងឈាម និងជាលិកា។ គ្នាយើង ឬអ៊ំៗ មានជំងឺរលាក វាមានប្រយោជន៍យ៉ាងច្រើនពេលប្រើថ្នាំបំប៉នខ្លាញ់ត្រីជាប្រចាំ ហើយវាប្រឆាំងជំងឺពោះវៀន និងរលាកពោះវៀនជាច្រើនដែរ។

    ៤- ព្យាបាលជំងឺរលាកសន្លាក់

    ខ្លាញ់ត្រី ប្រើដើម្បីព្យាបាលជំងឺសន្លាក់ រលាកសន្លាក់ និងជាលិកាពាក់ព័ន្ធសន្លាក់ ក៏ដូចជារោគសញ្ញា Raynaud (ជំងឺស្ពឹកម៉្យាង)។ អាចប្រើជំនួយពពួកថ្នាំ NSAIDs (ឱសថប្រឆាំងរលាក) ធ្វើឲ្យស្ថានភាពសុខភាពគ្នាយើង ឬអ៊ំៗមានជំងឺរលាកសន្លាក់ កាន់តែល្អ។

    អ្នកមានជំងឺស្ពោតឆ្អឹង ត្រូវញ៉ាំខ្លាញ់ត្រីឲ្យទៀងទាត់ ព្រោះខ្លាញ់ត្រីមានប្រតិកម្មប្រឆាំងអង់ហ្ស៊ីមដែលទៅបំផ្លាញឆ្អឹងខ្ចី នាំឲ្យស្ថានភាពជំងឺធូរស្រាល។ ដើម្បីបង្កភាពវិជ្ជមានពេលប្រើខ្លាញ់ត្រីព្យាបាលជំងឺរលាកសន្លាក់ ចាំបាច់ត្រូវពិគ្រោះជាមួយពេទ្យសិន។

    ៥- ជួយបន្ថយជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ

    អាស៊ីដខ្លាញ់អូមេហ្គា ៣ មានប្រយោជន៍ចំពោះជំងឺបាក់ទឹកចិត្ត និងថប់អារម្មណ៍ ឲ្យធូរស្រាលឡើងវិញ មានប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពនឿយហត់ផ្លូវចិត្ត រសាប់រសល់នៅមិនសុខ តានតឹងអារម្មណ៍ ជួយបង្កើនចំណង់ផ្លូវភេទ បង្ការហានិភ័យធ្វើអត្តឃាត និងបញ្ហាសរសៃប្រសាទដទៃទៀត។

    អ្នកស្រាវជ្រាវកំពុងមានសុទិដ្ឋិនិយមខ្ពស់ ប្រើខ្លាញ់ត្រីព្យាបាលជំងឺបាក់ទឹកចិត្តម្យ៉ាង ហៅថា បាយប៉ូលល័រ (អារម្មណ៍ប្រែប្រួលមិនទៀងទាត់)។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Feb 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម