ធ្លាប់ដឹង ធ្លាប់ឮហើយ ត្រីល្អខ្លាំងចំពោះសុខភាព ព្រោះវាសម្បូរសារធាតុចិញ្ចឹមច្រើន ពិសេសអាស៊ីដអូមេហ្គា ៣ ប៉ុន្តែមិនមែនគ្រប់ត្រីទាំងអស់សុទ្ធតែល្អទេ ក៏អាចប៉ះពាល់សុខភាពដូចគ្នា។ “Hello គ្រូពេទ្យ’ នឹងប្រាប់គ្នាយើងពីផលប្រយោជន៍សុខភាពពីសាច់ត្រី ហើយពេលណាមិនគួរញ៉ាំ។
១- គុណប្រយោជន៍សាច់ត្រី
ដើម្បីឲ្យរាងកាយយើងមានសុខភាពល្អ គប្បីញ៉ាំត្រីឲ្យបានយ៉ាងតិច ២ ដង/សប្តាហ៍ ព្រោះក្នុងសាច់ត្រី គឺសម្បូរសារធាតុចិញ្ចឹម ពិសេសអាស៊ីដខ្លាញ់អូមេហ្គា ៣ ដែលមាននៅក្នុងខ្លាញ់ត្រី ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ហើយអាស៊ីដខ្លាញ់ត្រីប្រភេទនេះ មាននៅក្នុង ត្រីហឺរីង (Herring) ត្រីព្រួលទឹកសាប (Lake Trout) ត្រីសាល់ម៉ុន (Salmon) ត្រីសាបាក (Mackerel) និងត្រីសាឌីន (Sardines)។ អាស៊ីដខ្លាញ់ អូមេហ្គា ៣ ក៏សម្បូរនៅក្នុងស៊ុត គ្រាប់ធញ្ញជាតិ (Walnut) និងប្រភេទគ្រាប់ Flax seed ផងដែរ។
យ៉ាងណាមិញ ដោយសារមិនទាន់មានការសិក្សាស្រាវជ្រាវគ្រប់គ្រាន់ អាហារបំប៉នមានផ្ទុកអាស៊ីដខ្លាញ់អូមេហ្គា ៣ និងខ្លាញ់ត្រី ទាំងនេះមិនត្រូវបានគេណែនាំឲ្យប្រើសម្រាប់កាត់បន្ថយ អត្រានៃការកើត ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង ជំងឺគាំងបេះដូង នៅឡើយទេ។
ខុសពីផលិតផលសាច់មានផ្ទុកខ្លាញ់ឆ្អែត (ខ្លាញ់មិនល្អ) ច្រើន ត្រីសម្បូរទៅដោយប្រូតេអ៊ីនជាច្រើន និងអាស៊ីដខ្លាញ់អូមេហ្គា ៣ មានប្រយោជន៍ដល់សុខភាពបេះដូង ក៏ដូចជា ជួយកាត់បន្ថយអត្រានៃការកើតជំងឺបេះដូងបានមួយចំនួនទៀតផង។ អាស៊ីដខ្លាញ់អូមេហ្គា ៣ ត្រូវគេសិក្សាឃើញថា អាចជួយកាត់បន្ថយអត្រានៃការកើតជំងឺចង្វាក់បេះដូងដើរមិនទៀង (Arrhythmias) ដែលជំងឺនេះ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតត្រឹមតែមួយប៉ព្រិចភ្នែក។ លើសពីនេះទៅទៀត អាស៊ីដខ្លាញ់អូមេហ្គា ៣ នេះអាចជួយកាត់បន្ថយបរិមាណខ្លាញ់មិនល្អក្នុងឈាម បន្ថយអត្រាកកខ្លាញ់នៅតាមសរសៃឈាមអាក់ទែរ និងជួយរក្សាសម្ពាធឈាមឲ្យស្ថិតក្នុងកម្រិតធម្មតា។
អត្ថបទពាក់ព័ន្ធ៖
- ស្រា អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាលបាន
- ឮរហូតពាក្យ “កូលេស្តេរ៉ូល” ជាអ្វីឲ្យប្រាកដ ម៉េចបានពាក់ព័ន្ធជាមួយបេះដូង?
២- ទំនាក់ទំនងរវាងអាស៊ីដខ្លាញ់អូមេហ្គា ៣ និងបេះដូង
ត្រី មិនត្រឹមតែមានផ្ទុកទៅដោយអាស៊ីដខ្លាញ់មិនឆ្អែត (ខ្លាញ់ល្អ) អាចយកមកញ៉ាំជំនួសផលិតសាច់សត្វ ដែលសម្បូរអាស៊ីដខ្លាញ់ឆ្អែត (ខ្លាញ់មិនល្អ) នោះទេ វាថែមទាំងអាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលថែមទៀត។
មួយវិញទៀត អាស៊ីដខ្លាញ់អូមេហ្គា ៣ អាចជួយប្រឆាំងការរលាកផ្សេងៗក្នុងរាងកាយ ដែលជាមូលហេតុចម្បង នាំឲ្យខូចខាតសរសៃឈាម ដូចជា នាំឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងផ្សេងៗទៀត។
៣- លក្ខខណ្ខញ៉ាំត្រីឲ្យមានសុវត្ថិភាព
ចំពោះស្រីមានផែនការយកអូនៗ កំពុងពពោះ ឬកំពុងបំបៅដោះកូន និងក្មេងៗជាដើម គប្បីចៀសវាងញ៉ាំត្រីមានផ្ទុកកំហាប់ជាតិបារតខ្ពស់ ដូចជា អំបូរត្រីសាមបាក Mackerel ត្រីឆ្លាម ត្រី Tilefish ត្រីដាវ (Swordfish) ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]