គ្នាយើងភាគច្រើនដឹងហើយថា ការញ៉ាំអាហារ ឬភេសជ្ជៈមានជាតិស្ករច្រើន មិនល្អសម្រាប់សុខភាពនោះទេ ដោយវាធ្វើឲ្យយើងលើសទម្ងន់ ប្រឈមជំងឺធាត់ ឬទឹកនោមផ្អែមជាដើម។ ពាក់ព័ន្ធបញ្ហានេះ អង្គការសុខភាពពិភពលោក (WHO) រកឃើញថា ផលិតអាហារទារក មានជាតិស្ករច្រើនណាស់ ប៉ុន្តែអត់បានបញ្ជាក់ពីប្រទេស ឬទីតាំងជាក់លាក់ណាទេ ដោយគ្រាន់តែបង្ហើបថា ភាគច្រើនផលិតផលកំពុងចរាចរនៅអឺរ៉ុប។
អង្គការដដែលនេះ បញ្ជាក់ថា នេះដោយសារការផ្សព្វផ្សាយមិនត្រឹមត្រូវ អះអាងថា អាហារទាំងនោះ សក្តិសមជាមួយទារក អាយុក្រោម ៦ខែ។ តែការសិក្សា រកឃើញថា យ៉ាងតិចផលិតផល ៥០% លក់តាមនៅតាមទីក្រុង មានប្រភេទអាហារផ្ទុកកាឡូរី ៣០% ចេញពីស្ករ។ កត្ដានេះ បង្កើនការប្រឈមនឹងជំងឺធាត់ និងជំងឺទឹកនោមផ្អែម ដោយសារវាអាចធ្វើឲ្យក្មេងមានចំណូលចិត្តនឹងអាហារផ្អែម។
ជាមួយគ្នានេះ អង្គការសុខភាពពិភពលោក ណែនាំឲ្យបំបៅដោះទារកតែមួយមុខ ក្នុងរយៈពេល ៦ខែដំបូង និងស្នើឲ្យក្រុមហ៊ុនធំៗក្នុងពិភពលោក ដែលផលិតអាហារទារក ពិនិត្យលើបញ្ហានេះ។
ជាងនេះទៅទៀត អង្គការដដែល រកឃើញថា ផលិតផលអាហារទារក ៦០% បានផ្សព្វផ្សាយ ដោយអះអាងថា ល្អសម្រាប់ទារក។ ការផ្សព្វផ្សាយដូច្នេះ ត្រូវអនុញ្ញាតក្រោមច្បាប់សហភាពអឺរ៉ុប តែខុសគោលការណ៍របស់អង្គការសុខភាពពិភពលោក ដែលផលិតអាហារ ម្សៅទឹកដោះគោ មិនគួរផ្សព្វផ្សាយ ដោយអះអាងថា សក្តិសមសម្រាប់ក្មេងក្រោមអាយុ ៦ខែនោះទេ។
អត្ថបទពាក់ព័ន្ធ៖
- ម៉ាក់ៗប្រយ័ត្នបន្ដិច! បើទារក ខ្វះវីតាមីនមួយមុខនេះ ធំឡើងអាចកើតជំងឺលើសឈាម
- បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូនម៉ឹមទឹកដោះគោ
គួរបញ្ជាក់ថា ការឃើញរបស់អង្គការសុខភាពពិភពលោក ក្រោយអង្គការបានប្រមូលផលិតអាហារ និងភេសជ្ជៈ ៧.៩៥៥មុខ សម្រាប់ទារក និងកុមារ យកពិនិត្យ អំឡុងចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨។ ទោះយ៉ាងណា អង្គការមិនបានបញ្ជាក់ឈ្មោះក្រុមហ៊ុន និងម៉ាកផលិតផលទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
[embed-health-tool-bmr]