កាលពីនៅតូចៗយើងតែងតែលឺចាស់ៗ ប្រាប់ឲ្យញ៉ាំការ៉ុតឲ្យច្រើន ភ្នែកយើងកាន់តែល្អ តែគ្នាយើងខ្លះអត់ជឿ ថែមទាំងថា ចាស់ៗភក្មេងៗទៀត។ រឿងនេះ ចាស់ៗអត់ភទេ អ្នកវិទ្យាសាស្ត្រក៏រកឃើញភស្តុតាង ការ៉ុត ពិតជាជួយសុខភាពភ្នែកប្រាកដមែន។ កត្តាអីខ្លះបានគេជឿជាក់អ៊ីចឹង? មកស្វែងយល់ជាមួយ “Hello គ្រូពេទ្យ” ទាំងអស់គ្នា។
១- ការ៉ុតសម្បូរជាតិលុយទីន
ក្នុងការ៉ុត សម្បូរទៅដោយជាតិលុយទីន ដែលជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មមួយ អាចជួយដល់សុខភាពយើង។ រាល់អាហារទាំងឡាយណាសម្បូរជាតិលុយទីន ត្រូវបានទទួលស្គាល់ ជាភ្នាក់ងារជួយបង្កើនដង់ស៊ីតេជាតិពណ៌ នៅក្នុងស្រទាប់ម៉ាខូឡ័រ (Macula) ដែលវាជាស្រទាប់ពណ៌លឿង មានរាងពងក្រពើ ស្ថិតនៅចំកណ្ដាលស្រទាប់រ៉េទីននៃភ្នែក។ នៅពេលដង់ស៊ីតេជាតិពណ៌កើនឡើង ស្រទាប់រ៉េទីន នឹងមានការការពារខ្ពស់ ហើយបញ្ហាប្រឈម ជាមួយការខូចខាតកែវ ក៏ត្រូវបានកាត់បន្ថយដូចគ្នា។
២- ការ៉ុតផ្ដល់ជាតិការ៉ូតេណូអ៊ីត
ដើម្បីជួយឲ្យភ្នែកមើលឃើញច្បាស់ល្អ ត្រូវញ៉ាំជាតិការ៉ូតេណូអ៊ីត អាចហៅម្យ៉ាងទៀតបានថា បេតាការ៉ូតែន ឲ្យបានច្រើន ដោយសារធាតុមួយនេះ មានច្រើននៅក្នុងមើមការ៉ុត។ ពេលយើងញ៉ាំការ៉ុត ជាតិការ៉ូតេណូអ៊ីតនឹងបម្លែងទៅជាវីតាមីន A អាចយកប្រើប្រាស់បាន គេហៅបានថា រ៉េទីណុល។ ដោយសារបេតាការ៉ូតែន មានសារៈសំខាន់សម្រាប់យើង យកមកផលិតជាវីតាមីន A ហេតុនេះ បើក្នុងខ្លួនមានបេតាការ៉ូតែនមិនគ្រប់គ្រាន់ នឹងធ្វើឲ្យភ្នែកមើលមិនច្បាស់នៅកន្លែងខ្សោយពន្លឺ ក៏ជាមូលហេតុ ចាស់ៗចង់ឲ្យក្មេងៗញ៉ាំការ៉ុតឲ្យបានច្រើននេះតែម្តង។
រាល់ពេលអ្នកញ៉ាំការ៉ុត យើងទទួលបានបេតាការ៉ូតែនចូលក្នុងខ្លួន ហើយធ្វើដំណើរទៅកាន់ថ្លើមដោយផ្ទាល់ ខណៈថ្លើមនឹងបម្លែងសារធាតុនេះ ទៅជាវីតាមីន A ក្នុងទម្រង់ផ្សេងទៀត។ ការ៉ូតែន ក៏ចូលរួមជួយជួយភ្នែក តាមវិធីមួយផ្សេងទៀត គឺនៅពេលវាបម្លែងខ្លួន នឹងប្រែទៅជាជាតិពណ៌ម្យ៉ាងហៅថា Rhodopsin (សារធាតុប្រូតេអ៊ីនពណ៌ ដែលឃើញមានក្នុងស្រទាប់រ៉េទីននៃភ្នែក)។
៣- ការ៉ុតការពារជំងឺភ្នែក
គេរកឃើញវីតាមីន និងសារធាតុចិញ្ចឹមជាច្រើននៅក្នុងការ៉ុត ដូចជា វីតាមីន C, E និងវីតាមីន A។ ដោយសារតែសារធាតុទាំងនេះហើយ ទើបបានជាយើងគ្រប់គ្នាគួរញ៉ាំការ៉ុតឲ្យបានច្រើន ព្រោះជួយកាត់បន្ថយ មិនឲ្យអ្នកកើតជំងឺភ្នែកធ្ងន់ធ្ងរមួយចំនួន ដូចជា ជំងឺភ្នែកឡើងបាយ និងបញ្ហាស្រទាប់ម៉ាខូឡ័រខូចខាតពេលយើងឈានចូលវ័យកាន់តែចាស់។ ការ៉ុត ក៏ត្រូវបានគេទទួលស្គាល់ ជាប្រភេទបន្លែមានវីតាមីន A ខ្ពស់ ដូចនេះ គឺមានសារៈប្រយោជន៍ជាច្រើន សម្រាប់គ្នាយើងមានបញ្ហាកង្វះវីតាមីន A។
សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍វិញ គេរកឃើញថា រៀងរាល់ឆ្នាំមានក្មេងៗរាប់ពាន់ធ្លាក់ខ្លួនទៅជាខ្វាក់ភ្នែក ដោយសារតែកង្វះវីតាមីន A។ ដូចនេះ ហើយរដ្ឋាភិបាលគួរតែណែនាំឲ្យពលរដ្ឋខ្លួន ញ៉ាំការ៉ុតឲ្យបានជាប្រចាំ។
ដោយសារតែវីតាមីន និងជាតិរ៉ែក្នុងការ៉ុតមានច្រើន ញ៉ាំការ៉ុត មានអត្ថប្រយោជន៍ច្រើនណាស់ដល់រាងកាយ។ គួរចេះរកវិធី យកការ៉ុតលាយជាមួយអាហារផ្សេងទៀត ដើម្បីធ្វើឲ្យម្ហូបកាន់តែមានឱជារស និងមានសារៈប្រយោជន៍ដល់សុខភាព។
[embed-health-tool-bmr]