គ្នាយើងទំនងជាបានដឹងច្រើនហើយថាការ៉ុតជួយដល់សុខភាពភ្នែក តែដឹងទេថាការ៉ុតមានគុណប្រយោជន៍ផ្សេងទៀតដល់សុខភាព? ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពបានពីការ៉ុតទំនងជាគ្នាយើងមិនសូវបានដឹង។
១.ជួយដល់សុខភាពបេះដូង
ការ៉ុតសម្បូរដោយជាតិកាកសរសៃ ដែលអាចជួយកម្ចាត់ចោលខ្លាញ់មិនល្អក្នុងខ្លួន។ ដូចគ្នាយើងដឹងហើយថាការកើនឡើងខ្ពស់នៃកម្រិតកូលេស្តេរ៉ូលក្នុងឈាមនឹងធ្វើឲ្យយើងប្រឈមជំងឺបេះដូង។ ការសិក្សាបានរកឃើញពីទំនាក់ទំនងនៃការញ៉ាំការ៉ុត និងការធ្លាក់ចុះទាបនៃកម្រិតកូលេស្តេរ៉ូល។
២.ជួយឲ្យស្រកទម្ងន់
កំពុងគិតថាចង់ឲ្យគីឡូស្រកបន្តិចមែនទេ? បើអ៊ីចឹងកុំរំលងការ៉ុតក្នុងរបបអាហារឲ្យសោះ។ ការ៉ុតមិនត្រឹមតែសម្បូរជាតិកាកសរសៃទេ តែថែមទាំងមានកាឡូរីទាបទៀតផង ដែលធ្វើឲ្យការ៉ុតក្លាយជាអាហារល្អសម្រាប់អ្នកចង់ស្រកគីឡូ។
ការ៉ុតជួយឲ្យយើងមានអារម្មណ៍ឆ្អែត និងមិនសូវចង់ញ៉ាំអាហារសម្រន់។ ដោយសារតែការ៉ុតសម្បូរជាតិកាកសរសៃ វាជួយដល់ចលនាពោះវៀន ការធ្វើមេតាប៉ូលិស និងប្រព័ន្ធរំលាយអាហារ។
៣.ជួយប្រព័ន្ធភាពស៊ាំ
ក្នុងកាលៈទេសៈនៃវិបត្តិកូវីដ១៩ នេះ ជាការចាំបាច់ណាស់ដែលយើងគ្រប់គ្នាកាន់តែត្រូវគិតគូរពីរឿងប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង។ អ៊ីចឹងហើយ បើយើងចង់ពង្រឹងប្រព័ន្ធភាពស៊ាំ កុំរំលងការ៉ុតអី ព្រោះថាការ៉ុតសម្បូរដោយវីតាមីន A និងវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ។
៤.ជួយសុខភាពភ្នែក
គ្នាយើងទំនងជាបានដឹងរឿងនេះហើយ ថាការ៉ុតល្អចំពោះភ្នែក តែម៉េចបានការរ៉ុតល្អចំពោះសុខភាពភ្នែក? វីតាមីន A ជាធាតុដែលគេដឹងថាមានសារៈសំខាន់ក្នុងការជួយដល់គំហើញ ហើយការ៉ុតសម្បូរដោយវីតាមីន A។ ការធ្លាក់ចុះនៃវីតាមីន A អាចរំខានដល់ដំណើរការគីមីក្នុងភ្នែករបស់យើង នាំឲ្យគុណភាពគំហើញធ្លាក់ចុះ ហើយអាចធ្វើឲ្យយើងជួបជំងឺខ្វាក់មាន់ផងដែរ។
៥.ជួយសម្ពាធឈាម
ការ៉ុតមិនត្រឹមតែជួយបញ្ចុះកម្រិតកូលេស្តេរ៉ូលមិនល្អទេ តែថែមទាំងជួយបញ្ចុះសម្ពាធឈាមផងដែរ។ ការរ៉ុតជាឃ្លាំងផ្ទុកប៉ូតាស្យូម ហើយប៉ូតាស្យូមជួយសម្រួលសរសៃឈាម និងសរសៃអាក់ទែ។ អ្វីទាំងនេះ បានជួយពង្រឹងចរន្តឈាមក្នុងខ្លួនយើង និងធ្វើឲ្យសម្ពាធឈាមចុះទាប។
[embed-health-tool-bmr]