ស៊ុតជាអាហារមួយប្រភេទដែលមានសារធាតុចិញ្ចឹមច្រើន រួមមានទាំងកូលេស្តេរ៉ូលផងដែរ ដែលកូលេស្តេរ៉ូល មានទំនាក់ទំនងនឹងជំងឺបេះដូង។ អ៊ីចឹង បើយើងញ៉ាំស៊ុតច្រើនអាចប្រឈមនឹងជំងឺបេះដូង ឬជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលដែរឬទេ?
ចម្លើយខ្លី គឺថាការញ៉ាំស៊ុតមិនមានបញ្ហាដល់សុខភាពបេះដូងនោះទេ។ ការសិក្សាមួយធ្វើឡើងក្នុងរយៈពេល៣០ឆ្នាំ បានរកឃើញថាញ៉ាំស៊ុតមួយគ្រាប់ក្នុងមួយថ្ងៃមិនបង្កជាហានីភ័យដល់ជំងឺបេះដូង ឬជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលនោះទេ។
ការសិក្សានេះបានប្រើប្រាស់ព័ត៌មានទាក់ទងនឹងរបបអាហាររបស់មនុស្សជាង២១ម៉ឺននាក់នៅសហរដ្ឋអាមេរិក គិតតាំងពីឆ្នាំ១៩៨០មក។ ការសិក្សាមិនបានរកឃើញថាអ្នកញ៉ាំស៊ុតមានផលមិនល្អចំពោះសុខភាព ដូចជាជំងឺគាំងបេះដូង ឬជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលច្រើនជាងអ្នកមិនញ៉ាំស៊ុតនោះទេ។
ការសិក្សានេះ រួមបញ្ចូលទាំងរបបអាហារត្រឹមត្រូវ និងរបៀបរបបរស់នៅផងដែរ។ យ៉ាងណា ការសិក្សានេះបានណែនាំឲ្យចម្អិនស៊ុតដោយមិនបន្ថែមអំបិល ឬខ្លាញ់ និងចៀសវាងចៀន ដោយថាការចៀនស៊ុតដោយប្រើប្រេងអាចនឹងបង្កើនបរិមាណជាតិខ្លាញ់បន្ថែមប្រហែល៥០ភាគរយ។
យ៉ាងណា បើតាមការសិក្សារបស់សាកលវិទ្យាល័យ Harvard អ្នកមានជំងឺទឹកនោមផ្អែម ឬមានជំងឺបេះដូងស្រាប់ មិនគួរញ៉ាំស៊ុតលើសពីបីគ្រាប់ក្នុងមួយអាទិត្យនោះទេ។
គួរបញ្ជាក់ថាស៊ុតមានផ្ទុកសារធាតុចិញ្ចឹមល្អចំពោះសុខភាពជាច្រើន ស៊ុតមានប្រយោជន៍ចំពោះភ្នែក ខួរក្បាល និងប្រព័ន្ធប្រសាទ រួមទាំងមានវីតាមីន A វីតាមីនB និងវីតាមីនD។
[embed-health-tool-bmr]