ព្រឹកឡើង បានកាហ្វេខ្មៅ ឬតែខ្មៅមួយពែង គ្នាយើងមួយចំនួនពិតជាពេញចិត្តខ្លាំងមិនខាន។ បើគ្នាយើងមិនចង់បន្ថែមកាឡូរីចូលក្នុងរាងកាយដោយសារស្ករ ឬទឹកដោះគោទេ អាចសាកកាហ្វេខ្មៅ ឬតែខ្មៅបាន របស់ពីរយ៉ាងនេះពិតជាជួយផ្ដល់ថាមពលសម្រាប់ការប្រកបកិច្ចការការងារផ្សេងៗបាន។ ប៉ុន្តែគ្នាយើងដឹងទេថាមួយណាមានប្រយោជន៍ចំពោះសុខភាពជាង?
កាហ្វេខ្មៅមានជាតិកាហ្វេអ៊ីនខ្ពស់ ដែលអាចជួយបង្កើនថាមពលពេលយើងហាត់ប្រាណ។ នេះបើតាមការលើកឡើងរបស់លោកស្រី Sandhya Pandey អ្នកជំនាញផ្នែកអាហារូបត្ថម្ភមន្ទីរពេទ្យFortis នៅប្រទេសឥណ្ឌា។ លោកស្រីថាអ្នកចូលចិត្តហាត់ប្រាណ នឹងទទួលបានផលប្រយោជន៍ច្រើនពីការញ៉ាំកាហ្វេខ្មៅ។
លោកស្រីឲ្យដឹងទៀតថា កាហ្វេខ្មៅក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ូតាស្យូម និងម៉ង់កានេស ដោយថាអ្នកញ៉ាំកាហ្វេខ្មៅជួយបន្ថយហានិភ័យកើតជំងឺធាត់ និងជំងឺទឹកនោមផ្អែមប្រភេទ២។
ចុះតែខ្មៅវិញ? តែខ្មៅក៏មានចំណុចល្អប្រហាក់ប្រហែលគ្នានឹងកាហ្វេខ្មៅដែរ គ្រាន់តែថាតែខ្មៅមានជាតិកាហ្វេអ៊ីនទាបជាងកាហ្វេខ្មៅ។ តែខ្មៅត្រូវអ្នកជំនាញអះអាងថាល្អសម្រាប់សុខភាព គ្មានជាតិខ្លាញ់ឆ្អែត និងជួយដល់ប្រព័ន្ធភាពស៊ាំ។ ការសិក្សាបានរកឃើញថាអ្នកផឹកតែខ្មៅទៀងទាត់ជួយឲ្យស្រកទម្ងន់។
អ៊ីចឹងគួរញ៉ាំតែខ្មៅ ឬកាហ្វេខ្មៅ? ការជ្រើសរើសញ៉ាំមួយណា គឺអាស្រ័យលើខ្លួនយើងផ្ទាល់ថាកំពុងចង់បានផលប្រយោជន៍ពីកាហ្វេខ្មៅ ឬតែខ្មៅ។ បើគ្នាយើង ចូលចិត្តហាត់ប្រាណ ការញ៉ាំកាហ្វេខ្មៅជារឿងល្អ ប៉ុន្តែបើគ្នាយើងណាចង់បន្ថយកាហ្វេអ៊ីន នោះតែខ្មៅជាជម្រើសល្អបំផុត។
លោកស្រី Sandhya ឲ្យដឹងដែរថា អ្នកមានបញ្ហាឡើងសម្ពាធឈាមខ្ពស់គួរចៀសវាងកាហ្វេខ្មៅ ហើយអ្នកផ្សេងទៀតក៏អ៊ីចឹងដែរ មិនគួរញ៉ាំកាហ្វេខ្មៅពេលល្ងាចនោះទេ ព្រោះអាចរំខានដំណេកបាន។
[embed-health-tool-bmr]