ពិតណាស់ បន្លែ ផ្លែឈើ គឺល្អចំពោះសុខភាព ប៉ុន្តែបើញ៉ាំតែបន្លែសុទ្ធ គ្មានជាតិសាច់ ក៏មិនល្អដែរ អាចធ្វើឲ្យកើតជំងឺស្លេកស្លាំង។ យ៉ាងណា បើគ្នាយើងតាំងចិត្តញ៉ាំអាហារបួសទៅហើយ “Hello គ្រូពេទ្យ’ នៅមានវិធីជួយបាន ដូចជាញ៉ាំអាហារបំប៉នបន្ថែម ដើម្បីបំពេញសារធាតុចិញ្ចឹមក្នុងរាងកាយ មាន វីតាមីន B12 និង ជាតិដែក ព្រោះបើក្នុងរាងកាយខ្វះសារធាតុនេះ ច្បាស់ជាប្រឈមបញ្ហាច្រើន ហេតុនេះគួរស្វែងយល់ឲ្យច្បាស់ពីជាតិដែក និងជំងឺស្លេកស្លាំង។
១- ការស្រូបជាតិដែក
ជាតិដែក មាននាទីសំខាន់ក្នុងរាងកាយ ជួយបង្កើតកោសិកាឈាមក្រហម ដឹកនាំអុកស៊ីហ្សែន ទៅចិញ្ចឹមគ្រប់សរីរាង្គទាំងអស់ បើខ្វះជាតិដែក រាងកាយនឹងមានបញ្ហា ព្រោះរាងកាយទាញយកជាតិដែកមកប្រើប្រាស់គ្រប់ពេលវេលា ដោយបន្យល់កម្រិតជាតិដែកតិចតួចប៉ុណ្ណោះ ច្រោះចេញតាម ទឹកនោម លាមក និងញើស។
តាមការសិក្សា តម្រូវការជាតិដែកក្នុងរាងកាយ អាស្រ័យទៅលើកត្តាភេទ និងអាយុ ដូចជា៖
– ប្រុស (អាយុ ១៤-១៨ ឆ្នាំ)៖ ១១មិល្លីក្រាម
– ប្រុស (អាយុ ១៩ ឆ្នាំឡើង)៖ ៨មិល្លីក្រាម
– ស្រី (អាយុ ១៤-១៨ ឆ្នាំ)៖ ១៥មិល្លីក្រាម
– ស្រី (អាយុ ១៩-៥០ ឆ្នាំ)៖ ១៨មិល្លីក្រាម
– ស្រី (អាយុ ៥០ ឆ្នាំឡើង)៖ ៨មិល្លីក្រាម
សម្រាប់មនុស្សស្រី ការស្រូបជាតិដែក គឺសំខាន់ណាស់ ពិសេសអំឡុងពេលមករដូវ ខណៈជាតិដែកត្រូវបែងចែកជា ២ប្រភេទ មាន Heam iron ជាតិដែកចម្រាញ់ចេញពីសាច់សត្វ និង Non-heam iron ចម្រាញ់ចេញមកពីរុក្ខជាតិ។ ជាធម្មតា រាងកាយយើងងាយស្រូបយកជាតិដែក Heam iron បានល្អជាង Non-heam iron។ Non-heam iron អាចស្រូបចូលក្នុងចរន្តឈាម (Bioavaillability) បានបន្តិចបន្តួចប៉ុណ្ណោះ ដោយសារវត្តមានពពួកសារធាតុរ៉ែ ដូចជា ផូស្វាត ភីតាត អុកសាឡាត កាបូណាត និងជាតិកាកសរសៃ រារាំងការស្រូបជាតិដែករបស់រាងកាយ។
ផ្អែកលើលទ្ធផលនេះ វិទ្យាសាស្រ្តជឿថា ញ៉ាំបួសគួរតែប្រយ័ត្នចំពោះបញ្ហាខ្វះជាតិដែក។ ទោះយ៉ាងនេះក្តី លទ្ធផលការសិក្សាថ្មីៗនេះបង្ហាញថា ប្រើរួមគ្នារវាងជាតិដែក Non-Heam Iron ជាមួយវីតាមីន C អាចកែខៃបញ្ហាទាំងអស់បាន។
អត្ថបទពាក់ព័ន្ធ៖
- បើកំពុងមានផ្ទៃពោះ ធ្វើម៉េចកុំឲ្យខ្វះជាតិនេះឲ្យសោះ
- ថ្នាំជាតិដែកសំខាន់ចំពោះម៉ាក់ៗ និងបេប៊ី វីតាមីនមិនអាចជំនួសបានទេ
២- ជំងឺស្លេកស្លាំងបណ្ដាលមកពីកង្វះជាតិដែក
ជាធម្មតា មូលហេតុចម្បងរបស់ជំងឺស្លេកស្លាំង គឺបណ្ដាលមកពីកង្វះជាតិដែក មានន័យថាយើងមិនបានញ៉ាំអាហារមានផ្ទុកជាតិដែកគ្រប់គ្រាន់។ ជាតិដែកមានតួនាទីយ៉ាងសំខាន់ ដោយភ្ជាប់អុកស៊ីហ្សែននៅក្នុងហេម៉ូក្លូប៊ីន នៃកោសិកាគ្រាប់ឈាមក្រហម។ ដោយសារតែកោសិកាទាំងអស់នេះហើយ ទើបខ្លួនយើងអាចទទួលបានអុកស៊ីហ្សែនគ្រប់គ្រាន់ និងធ្វើឲ្យខ្លួនយើងមានថាមពល។
ករណីខ្វះជាតិដែកធ្ងន់ធ្ងរ នឹងលេចចេញរោគសញ្ញាសំខាន់មួយរបស់ជំងឺស្លេកស្លាំង គឺអស់កម្លាំង។ ប៉ុន្តែបើអ្នកគ្រាន់តែស្លេកស្លាំងបន្តិចបន្តួច មិនងាយនឹងមានរោគសញ្ញានេះទេ ខណៈខាងក្រោមនេះ គឺអាហារគ្នាយើងតមសាច់អាចញ៉ាំ ដើម្បីបង្រ្គប់ជាតិដែកក្នុងរាងកាយ៖
– ស្រូវសាលី
– គា្រប់ធញ្ញជាតិ
– បន្លែពណ៌បៃតង
– អង្ករសម្រូប ឬប៉ាស្តា
– ស្ករអំពៅ
– គ្រាប់ល្ពៅ
– គ្រាប់សណ្ដែក។
យើងគួរញ៉ាំអាហារសម្បូរជាតិដែក និងវីតាមីន C ព្រោះវាអាចជួយឲ្យរាងកាយបង្កើតជាតិដែកបានកាន់តែច្រើន។
៣- ជំងឺស្លេកស្លាំងបណ្ដាលមកពីកង្វះវីតាមីន B12
ជំងឺស្លេកស្លាំងបណ្ដាលមកពីកង្វះវីតាមីន B12 ហៅជាភាសាបច្ចេកទេស Pernicious Anemia។ វីតាមីន B12 ដើរតួយ៉ាងសំខាន់ ជាអ្នកសំយោគគ្រាប់ឈាមក្រហម។ មិនញ៉ាំសាច់ អាចមានហានិភ័យខ្ពស់ជាមួយបញ្ហាស្លេកស្លាំង ដោយសាររាងកាយខ្វះវីតាមីន B12 ព្រោះវីតាមីនប្រភេទនេះ ភាគច្រើនរកឃើញនៅក្នុងសាច់តែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្តី បើយើងមិនញ៉ាំសាច់ ក៏អាចទទួលបានវីតាមីន B12 ពីទឹកដោះគោ និងនៅក្នុងស៊ុត ហើយគួរញ៉ាំអាហារទាំងអស់នេះ ដើម្បីទទួលបានវីតាមីន B12 គ្រប់គ្រាន់៖
– សារធាតុបំប៉នក្នុងមេដំបែ
– អាហារជំនួសឲ្យសាច់ មានផ្ទុកវីតាមីន B12
– គ្រាប់ធញ្ញជាតិ
– អង្ករសម្រូប ឬទឹកសណ្ដែក
– អាហារបំប៉នមានផ្ទុកវីតាមីន B12។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]