ក្មេងស្រីៗវ័យជំទង់ងាយនឹងឡើងគីឡូជាងប្រុសៗ ឲ្យញ៉ាំអីភ្លេចខ្លួនបន្តិចឡើងភ្លាម ហើយបើចង់ស្រកវិញ មិនងាយនោះទេ។ ការឡើងទម្ងន់នេះ អាចធ្វើឲ្យស្រកវិញបានដោយការញ៉ាំអាហារត្រឹមត្រូវ និងការហាត់ប្រាណជាប្រចាំ។ ទោះយ៉ាងណាសកម្មភាពសាមញ្ញៗដែលយើងមើលរំលងទាំងប៉ុន្មានខាងក្រោមនេះ ជាហេតុធ្វើឲ្យក្មេងស្រីរឹតតែឡើងទម្ងន់។
១.ញ៉ាំលឿនពេក
ដោយសារតែរវល់ ចង់ចំណេញពេល ក្មេងស្រីៗខ្លះមានទម្លាប់ញ៉ាំអាហារលឿនៗ។ ប៉ុន្តែការដែលញ៉ាំអាហារលឿនៗបែបនេះ អាចធ្វើឲ្យឡើងទម្ងន់ដោយមិនដឹងខ្លួន។ នេះដោយសាររាងកាយរបស់យើងត្រូវការពេលវេលា ដើម្បីប្រាប់ទៅកាន់ខួរក្បាលថាយើងឆ្អែតហើយ។ មនុស្សដែលញ៉ាំលឿនអាចញ៉ាំអាហារបានច្រើនជាងអ្វីដែលរាងកាយត្រូវការ មុននឹងមានអារម្មណ៍ថាឆ្អែត។
២.ញ៉ាំទឹកមិនបានគ្រប់គ្រាន់
បើញ៉ាំទឹកមិនបានគ្រប់គ្រាន់ វានឹងធ្វើឲ្យយើងឆាប់ស្រេកទឹក។ ចៃដន្យអី ការស្រេកទឹកនឹងក៏អាចធ្វើឲ្យយើងយល់ច្រឡំថា យើងកំពុងឃ្លានបានដែរ ដូចនេះហើយទើបធ្វើឲ្យយើងចង់ញ៉ាំចំណីចំណុកផ្ដេសផ្ដាសរហូត។
៣.ញ៉ាំអាហារពីចានធំពេក
ទំហំនៃចានដែលដាក់ចំណីអាហាររបស់យើងក៏ជាផ្នែកមួយដែលផ្ដល់ផលប៉ះពាល់មិនល្អ ទៅដល់ទំហំចង្កេះរបស់យើង។ ដោយសារចានធំៗ អាចធ្វើឲ្យយើងឃើញថា ចំណីអាហារមានបរិមាណតិច។ វាអាចលេងល្បិចដាក់ខួរក្បាលយើង ឲ្យគិតថា អាហារក្នុងចាននោះតិចពេក យើងញ៉ាំមិនទាន់គ្រប់គ្រាន់ទេ។
៤.ញ៉ាំនៅមុខទូរទស្សន៍
ធម្មតា ពេលទំនេរៗ ឬមានរឿងភាគចង់មើល ក្មេងស្រីៗតែយកបាយ ឬអាហារណាមួយទៅញ៉ាំកំដរមាត់។ ភ្នែកសម្លឹងកញ្ចក់ទូរទស្សន៍ ទូរស័ព្ទ ឬកុំព្យូទ័រ ឯមាត់ក៏ញ៉ាំអីដែរ កុំឲ្យអផ្សុកមាត់ តែការញ៉ាំបែបនេះ អាចធ្វើឲ្យយើងភ្លេចខ្លួនញ៉ាំអាហារច្រើន ព្រោះជក់ភ្នែកមើលរឿងពេក។
៥.ញ៉ាំបន្លែផ្លែឈើមិនគ្រប់គ្រាន់
បន្លែ និងផ្លែឈើ មិនត្រឹមតែសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ល្អៗនោះទេ វាថែមទាំងមានជាតិកាឡូរីទាប ដែលល្អមែនទែនសម្រាប់ទំហំចង្កេះរបស់យើង។ បើយើងមិនចូលចិត្តញ៉ាំ ឬពិបាកក្នុងការញ៉ាំវាទទេ យើងអាចធ្វើបែបនេះបានដោយ៖
– បន្ថែមផ្លែឈើទៅក្នុងរបបអាហារពេលព្រឹក (ឧ.ញ៉ាំចេក ឬប៉ោមមួយផ្លែ/ព្រឹក)
– បន្ថែមបន្លែទៅក្នុងស៊ុបដែលយើងញ៉ាំឲ្យបានច្រើន
– ញ៉ាំអាហារដែលមានលាយសាច់ និងបន្លែស្មើគ្នា។ល។
៦.ញ៉ាំកាហ្វេទឹកដោះគោច្រើនពេក
ចំណុចនេះ សម្រាប់អ្នកដែលញៀនកាហ្វេទឹកដោះគោរាល់ព្រឹក ច្បាស់ជាមិនសូវជាសប្បាយចិត្តហើយ។ កាហ្វេជាភេសជ្ជៈពេញនិយមមួយដែលគ្នាយើងចូលចិត្តស្ទើរគ្រប់រូប ប៉ុន្តែសម្រាប់អ្នកដែលញ៉ាំកាហ្វេមានថែមទឹកដោះគោ ស្ករ និងថែមគ្រីមពីលើនោះអាចធ្វើឲ្យយើងធាត់វិញបាន។ ព្រោះកាហ្វេក្នុងហាងខ្លះ ជាធម្មតា ក្នុងមួយកែវមានដល់ទៅ២០៤កាឡូរី ឯណោះ។
៧. ញ៉ាំប្រូតេអ៊ីន វីតាមីន និងជាតិសរសៃមិនគ្រប់គ្រាន់
បើយើងទទួលបានប្រូតេអ៊ីន វីតាមីន និងជាតិសរសៃមិនបានគ្រប់គ្រាន់ទេ វាអាចធ្វើឲ្យយើងធាត់បាន ដោយសារប្រូតេអ៊ីន ជាសារធាតុចិញ្ចឹមសំខាន់មួយដែលជួយឲ្យយើងញ៉ាំបានតិច តែឆ្អែតបានយូរ។ សម្រាប់សារជាតិសរសៃក៏ដូចគ្នាដែរ ព្រោះវាជួយគ្រប់គ្រងចំណង់អាហាររបស់យើង ធ្វើឲ្យយើងញ៉ាំតិចប៉ុន្តែឆ្អែតបានយូរ។
៨. គេងមិនបានគ្រប់គ្រាន់
ការគេងមិនឆ្អែត មានទំនាក់ទំនងខ្លាំងមែនទែនជាមួយនឹងការឡើងទម្ងន់។ វាបណ្ដាលមកកត្តាជាច្រើន ក្នុងនោះរួមមាន បម្រែបម្រួលអ័រម៉ូន និងខ្វះការលើកទឹកចិត្តឲ្យហាត់ប្រាណ។ មនុស្សដែលគេងមិនបានគ្រប់គ្រាន់ ភាគច្រើនតែងដុះក្បាលពោះ និងអាចប្រឈមនឹងជំងឺធ្ងន់ធ្ងរមួយចំនួនដូច ជំងឺបេះដូង ឬកើតទឹកនោមផ្អែមប្រភេទ២។
[embed-health-tool-heart-rate]