ការសិក្សាមួយរកឃើញថាអ្នកហាត់ប្រាណនៅពេលព្រឹកមានប្រយោជន៍ច្រើនជួយដល់ការកាត់បន្ថយហានិភ័យកើតជំងឺមហារីកល្អជាងការហាត់ប្រាណនៅពេលវេលាផ្សេង។
ការសិក្សានេះបានលើកឡើងថាការហាត់ប្រាណនៅពេលព្រឹកព្រលឹម ឬអាចចន្លោះពីម៉ោង៨ទៅម៉ោង១០ព្រឹក បានជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកច្រើនជាងហាត់ប្រាណនៅពេលវេលាផ្សេងទៀត។
ការដឹងរឿងនេះពិតជាមានសារៈសំខាន់សំរាប់មនុស្សយើង ព្រោះថាអ្នកស្លាប់ដោយសារជំងឺមហារីកមានចំនួនច្រើននៅលើពិភពលោក។ ជាក់ស្តែងគ្រាន់តែនៅសហរដ្ឋអាមេរិក អ្នកវិទ្យាសាស្រ្តប៉ាន់ប្រមាណថានៅដំណាច់ឆ្នាំ២០២០នេះ មនុស្សជាង១,៨លាននាក់នឹងរកឃើញថាមានជំងឺមហារីក ហើយជាង៦០ម៉ឺននាក់ផ្សេងទៀតនឹងស្លាប់ដោយសារជំងឺមួយនេះ។
កាលពីឆ្នាំ២០១៨ ពលរដ្ឋអាមេរិកត្រឹម៤៦,៧ភាគរយប៉ុណ្ណោះបានហាត់ប្រាណត្រឹមត្រូវតាមគោលការណ៍អប្បបរមាដែលបានណែនាំ។ ការព្យាយាមហាត់ប្រាណឲ្យបានត្រឹមត្រូវ និងប្តូរម៉ោងពេលបន្តិចបន្តួចដូចបានរកឃើញក្នុងការសិក្សានេះ នឹងជួយយើងគ្រប់គ្នាកាត់បន្ថយហានិភ័យកើតជំងឺមហារីកបាន។
តាមការណែនាំ បើយើងហាត់ប្រាណដូចជាដើរ ជិះកង់ ឬហែលទឹកជាដើម គឺប្រើត្រឹមរយៈពេល៣០នាទីក្នុងមួយថ្ងៃក៏បាន ឬក៏បានយ៉ាងតិច១៥០នាទីក្នុងមួយសប្ដាហ៍ ដើម្បីបានសុខភាពល្អ។
ក្រុមអ្នកស្រាវជ្រាវថាការហាត់ប្រាណមិនត្រឹមតែជួយកាត់បន្ថយហានិភ័យជំងឺមហារីកទេ តែថាក៏ជួយធ្វើឲ្យប្រសើរនូវដំណើរការនៃការគេង និងក្រោកពីគេងបានទៀងទាត់ ព្រោះថាការរអាក់រអួលនៃដំណើរការនៃការគេង និងក្រោកនេះក៏ជាចំណែកមួយធ្វើឲ្យមនុស្សយើងប្រឈមនឹងជំងឺមហារីកដែរ ហើយម៉ោងពេលដែលល្អគឺពេលព្រឹកល្អជាងគេហើយសម្រាប់ការហាត់ប្រាណ។
ការសន្និដ្ឋានបែបនេះ គឺឆ្លងកាត់ការសិក្សាលើមនុស្សចំនួន២ ៧៩៥នាក់ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ និងបានរកឃើញថាអ្នកដែលហាត់ប្រាណនៅពេលព្រឹកមានអត្រាប្រឈមជំងឺមហារីកទាបជាងអ្នកហាត់ប្រាណនៅពេលផ្សេង។
[embed-health-tool-heart-rate]