ហាត់ប្រាណ ជាវិធីសាស្ត្រធម្មជាតិចម្បង ជួយឲ្យសុខភាពល្អ អាយុវែង ដោយវិធីហាត់ប្រាណ មានច្រើនបែប ច្រើនយ៉ាង។ គ្នាយើងច្បាស់ជាធ្លាប់ឮវិធីហាត់ប្រាណមួយ ហៅថា យ៉ូហ្គា មិនខាន ប៉ុន្តែមានប៉ុន្មាននាក់ដឹងច្បាស់ពីគុណសម្បត្តិចម្បងពីយ៉ូហ្គា? បើមិនទាន់ដឹង “Hello គ្រូពេទ្យ’ មួយនេះ អាចបញ្ជាក់ឲ្យយើងដឹងច្បាស់បាន។
១- អត្ថប្រយោជន៍ចំពោះរាងកាយ
យ៉ូហ្គា មិនត្រឹមតែជាការហាត់ប្រាណដើម្បីពង្រឹងរាងកាយប៉ុណ្ណោះទេ ក៏ជាបច្ចេកទេសមួយ សម្រាប់កាត់បន្ថយអាកាៈៈឈឺចាប់រ៉ាំរ៉ៃ ដូចជាជំងឺរលាកសន្លាក់ ឈឺឆ្អឹងខ្នង ឈឺក្បាល និងជំងឺត្បៀតសរសៃកដៃ ជាដើម។ លើសពីនេះ យ៉ូហ្គា អាចជួយបន្ថយនូវសម្ពាធឈាម ជួយឲ្យយើងគេងបានស្រួលទៀតផង។ អត្ថប្រយោជន៍ចំពោះរាងកាយផ្សេងទៀត យើងអាចទទួលបានពីការហាត់យ៉ូហ្គា មានដូចជា៖
– បង្កើនសមត្ថភាពចំពោះអត្តពលិក
– ធ្វើឲ្យបេះដូងមានសុខភាពល្អ របត់ឈាមរត់កាន់តែប្រសើរឡើង
– ធ្វើឲ្យមានភាពរហ័សរហួនជាងមុន។
– បង្កើតតុល្យភាពក្នុងការរំលាយអាហារ
– ជួយសម្រកទម្ងន់
– ជួយការពារពីការរងរបួស
– បង្កើនទំហំសាច់ដុំ
– ជួយដល់ចង្វាក់ដង្ហើមកាន់តែមានកម្លាំងជាងមុន។
២- យ៉ូហ្គាជួយឲ្យឆាប់មានកូន
ប៉ុន្មានឆ្នាំចុងក្រោយនេះ មានប្តីប្រពន្ធជាច្រើន បានជ្រើសយកការហាត់យ៉ូហ្គា ដើម្បីជួយឲ្យឆាប់មានកូន ដោយថែមទាំងមានការកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់ទៀតផង។ ពិតណាស់ យ៉ូហ្គា អាចធ្វើឲ្យរាងកាយ និងស្មារតី មានភាពធូរស្រាលជាងមុន ជួយកាត់បន្ថយស្ត្រេស និងបង្កើនឱកាសមានកូនកាន់តែខ្ពស់។
មានការសិក្សាមួយចំនួនអះអាងថា យ៉ូហ្គា ពិតជាអាចជួយឲ្យឆាប់មានកូន ដោយសារអាចជួយកាត់បន្ថយភាពស្ត្រេស និងអនុញ្ញាតឲ្យស្រីៗមានភាពធូរស្រាល មានថាមពល ជាហេតុធ្វើឲ្យមានឱកាសខ្ពស់ដើម្បីបង្កកំណើត។
ហាត់យ៉ូហ្គា ក្រៅពីអាចបន្ថយភាពតានតឹងបាន ក៏ជួយដល់លំហូរឈាម ហូរទៅកាន់សរីរាង្គបន្តពូជ មុខងារសរីរាង្គ ក៏ដូចជាធ្វើឲ្យមុខងាររបស់អ័រម៉ូន មានភាពប្រសើរជាងមុនទៀតផង។
៣- បន្ធូរអាការៈស្រវឹង
បើចង់បន្ថយភាពស្រវឹង ក្រោយផឹកជាតិអាល់កុល យើងគួរតែហាត់យ៉ូហ្គានៅពេលព្រឹក បន្ទាប់ពីបានផឹកស្រាច្រើននៅពេលយប់។ យ៉ូហ្គា ជាវិធីដ៏អស្ចារ្យមួយ ដើម្បីបំបាត់នូវសារធាតុពុលក្នុងប្រព័ន្ធសរីរាង្គទាំងអស់ អាចជួយដល់ការរំលាយអាហារបាន។
ជំហរយ៉ូហ្គា មានដូចជា Shoulder stand (ប្រើស្មាទប់លំនឹង លើកជើងបញ្ឈរទៅលើ) Plow (ប្រើស្មាទប់លំនឹង បោះជើងរំលងមុខ) ឬ Fish (ក្បែរ និងកែងដៃទប់លំនឹង ពើងទ្រូងឲ្យខ្នងផុតពីកម្រាល) អាចមានសារៈប្រយោជន៍ដល់ក្រពេញទីរ៉ូអ៊ីត ជួយឲ្យការរំលាយអាហារកាន់តែប្រសើរជាងមុន។
ដោយសារតែមានការរំលាយអាហារលឿនជាងមុន នេះហើយជាហេតុបណ្តាលឲ្យមានអារម្មណ៍ បានស្វាងស្រាលឿនជាងមុនដូចគ្នា លើសពីនេះទៀត អាចជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួនបានលឿន និងធ្វើឲ្យកើនឡើងលំហូរឈាមក្នុងខ្លួននៅពេលកំពុងហាត់យ៉ូហ្គា ជាហេតុពពួកខ្លាញ់នៅក្រោមស្បែក នឹងរលាយបាត់ក្នុងពេលឆាប់ៗ។
អត្ថបទពាក់ព័ន្ធ៖
- ខ្លាចបាក់ទឹកចិត្ត គួរស្វែងរកសន្តិភាពផ្លូវចិត្ត ពីសមាធិ និងយ៉ូហ្គា
- ហាត់ប្រាណជាមួយធម្មជាតិ អារម្មណ៍កាន់តែស្រស់ស្រាយ សុខភាពកាន់តែល្អ
៤- ជួយបំបាត់អារម្មណ៍ឃ្លានខ្លាំង
យោងតាមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ហាត់យ៉ូហ្គាជាប្រចាំ មានទំនាក់ទំនងទៅនឹងការញ៉ាំអាហារ ជួយឲ្យចេះជ្រើសយកអាហារសុខភាពត្រឹមត្រូវ។ វិធីជ្រើសរើសញ៉ាំត្រឹមត្រូវ (Mindful eating) ជាវិធីកែប្រែចំណង់ញ៉ាំអាហារ ទាំងលើផ្នែករាងកាយ និងផ្នែកអារម្មណ៍ ដោយពេលយើងកំពុងហាត់យ៉ូហ្គា អាចជួយមិនឃ្លានអាហារ ជាហេតុធ្វើឲ្យយើងបានកាត់បន្ថយបរិមាណអាហារបានច្រើន។ ចំណុចនេះ គឺមានអត្ថប្រយោជន៍ណាស់ចំពោះគ្នាយើងលើសទម្ងន់ ឬគ្នាយើងមានជាតិស្ករក្នុងឈាមខ្ពស់ ហើយមានបំណងចង់គ្រប់គ្រងទម្ងន់ឲ្យបានល្អ។
ហាត់យ៉ូហ្គា ពិតជាមានប្រយោជន៍ច្រើនទាំងផ្លូវកាយ និងផ្លូវចិត្ត។ ទោះជាយ៉ាងណា មុនពេលហាត់ ត្រូវស្វែងរកជំនួយពីគ្រូបង្វឹកផ្ទាល់ ឬអ្នកជំនាញ ដើម្បីហាត់ក្នុងកម្រិតសក្តិសមចំពោះសុខភាពយើង ព្រោះថាបើហាត់លើសកម្រិត អាចបណ្តាលឲ្យមានគ្រោះថ្នាក់មួយចំនួនបាន។
[embed-health-tool-heart-rate]