backup og meta

ម៉េចបានឮសំឡេងបេះដូងលោតក្នុងត្រចៀក ក្រោយហាត់ប្រាណ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 22, 2021

    ម៉េចបានឮសំឡេងបេះដូងលោតក្នុងត្រចៀក ក្រោយហាត់ប្រាណ?

    ក្រោយ​ពេល​ហាត់​ប្រាណ​ ដោយ​បញ្ចេញ​កម្លាំង​ដ៏​ខ្លាំង​ក្លា​រួច​ គ្នា​យើង​ខ្លះ​តែង​​សង្កេត​ឃើញ​ថា​ ក្រៅ​ពី​ឈឺ​សាច់​ដុំ​ហើយ​​ នៅ​មាន​អាការៈ​ផ្សេង​ទៀត​​​​ដែល​កើត​ឡើង​​ចំពោះ​រាងកាយ​យើង​ ដូចជា​ចុក​រួយ​​​ខ្លួន​ប្រាណ​ ស្រេក​ទឹក​ខ្លាំង​ ​ឬ​ដក​ដង្ហើម​ដាច់​ៗ​ និង​បេះដូង​លោត​ញាប់​​ជា​ដើម​។

    ​​​​យ៉ាងណា​មិញ​ ប្រសិនបើ​ចង្វាក់បេះដូង​យើង​លោត​​ខុស​ប្រក្រតី​ វា​​ក៏​អាច​ជា​សញ្ញា​ព្រមាន​អំពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​យើង​នឹង​ស្មាន​មិន​ដល់​ផង​ដែរ​​។​ ​មួយ​វិញ​ទៀត​​ការ​ដែល​ឮ​សំឡេង​ច្របាច់​នៃ​បេះដូង​ក្នុង​ត្រចៀក​ អាច​ជា​រឿង​ធម្មតា​សម្រាប់​យើង​​ក៏​ពិត​មែន​ ប៉ុន្តែ​​វា​គឺ​ជា​ពេល​​ដែល​​យើង​គួរ​តែ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​ស្វែងរក​អំពី​កត្តា​​បង្ក​ផ្សេង​ៗ​ដែល​នាំ​ឲ្យ​យើង​កើត​មាន​នូវ​អាការៈ​បែប​​​នេះ​​​​​​​។

    .សម្ពាធ​ឈាម​ខ្ពស់

    ​​​​​​​​​​​ពិត​ណាស់​ សម្ពាធ​ឈាម​ខ្ពស់​ ឬ​ការ​កើត​សម្ពាធ​ឈាម​ អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ប្រសិនបើ​​ពុំ​​មាន​ការ​ព្យាបាល​។ ​ជា​ធម្មតា​ ជំងឺ​​នេះ​មិន​ងាយ​​បង្ហាញ​រោគ​សញ្ញា​អ្វី​ឡើយ​។ ប៉ុន្តែ​ យើង​ក៏​​អាច​សង្កេត​​នូវ​អាការៈ​ខ្លះ​ៗ​ ដូចជា​នឿយហត់​​ ​ភាន់​ភាំង​ ឈឺ​ទ្រូង​ ឈាម​ច្រមុះ​ ចង្វាក់​បេះដូង​​លោត​ខុស​ប្រក្រតី​ និង​មាន​សំឡេង​នៅ​ក្នុង​ត្រចៀក​។ ​ប្រសិន​បើ​យើង​​ទម្លាប់​ហាត់​ប្រាណ​ជាប្រចាំ​ វា​ក៏​អាច​បង្កើន​សម្ពាធ​ឈាម​ ដែល​ធ្វើឲ្យ​យើង​ឮ​សំឡេង​បេះដូង​នៅ​ក្នុង​ត្រចៀក​ផង​ដែរ​​។

    ហាត់ប្រាណ និងជំងឺបេះដូង

    .​ចង្វាក់​បេះដូង​ខុស​ប្រក្រតី 

    ​​​​ចង្វាក់​បេះដូង​ខុស​ប្រក្រតី​ ឬ​ញ័រ​បេះដូង ​អាច​បណ្ដាល​ឲ្យ​កើត​មាន​នូវ​រោគ​សញ្ញា​ផ្សេងៗ​។ ​ជាទូទៅ​ អ្នក​មាន​ជំងឺ​ញ័រ​បេះដូង​ តែង​មាន​អារម្មណ៍​ថា​ បេះដូង​លោត​ក្នុង​ទ្រូង​ ឬ​សង្កេត​ឃើញ​ថា​បេះដូង​លោត​ខុស​ចង្វាក់​។ នៅ​ពេល​ខ្លះ​ អ្នកជំងឺ​ក៏​អាច​ឮសំឡេង​បេះដូង​លោត​ក្នុង​ត្រចៀក​របស់​ពួកគេ​ផង​ដែរ​។ ​​ ទោះ​ជា​យ៉ាង​នេះ​ក្តី ករណី​ញ័រ​បេះដូង​ អាច​មាន​សភាព​ធម្មតា​ ឬ​ស្រាល​ ដែល​មិន​ទាម​ទារ​ឲ្យ​មាន​ការ​ព្យាបាល​ណាមួយ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ វា​​ក៏​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​ផង​ដែរ​ ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​ការ​ប្រើប្រាស់​ថ្នាំ​ដើម្បី​ព្យាបាល​ថែម​ទៀត​ផង​។

    .​ហ៊ឹងត្រចៀក

    ការ​ហ៊ឹងត្រចៀក​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ឮ​សំឡេង​​នៅ​ក្នុង​ត្រចៀក​របស់​យើង​ បើ​ទោះ​បី​ជា​ពុំ​មាន​សំឡេង​អ្វី​មួយ​ពិត​មែន​​ក៏​ដោយ​។ អ្នក​ដែល​មាន​បញ្ហា​នេះ នឹង​ឮសំឡេង​ងឺងៗ ឬ​ដូច​ជា​​មាន​​សត្វ​​អ្វី​មួយ​​ក្នុង​ត្រចៀក​។ លើស​ពី​នេះ​ យើង​នឹង​​អាចឮ​សំឡេង​បេះដូង​របស់​ខ្លួន​ដែល​កំពុង​លោត​ថែម​ទៀត​ផង​​។ ការ​ហ៊ឹងត្រចៀក​ ​ភាគ​ច្រើន​កើត​ឡើង​លើ​បុរស​ដែល​មាន​អាយុ​លើស​ពី​៤០​ឆ្នាំ​ឡើង​ទៅ​ ហើយ​វា​ក៏​អាច​បណ្ដាល​មក​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​ផង​ដែរ​។ ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jul 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម