backup og meta

លំហាត់ប្រាណ ៣ ប្រភេទនេះអាចបង្ការជំងឺខ្សោយបេះដូង កុំភ្លេចសាកល្បងណា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 30, 2021

    លំហាត់ប្រាណ ៣ ប្រភេទនេះអាចបង្ការជំងឺខ្សោយបេះដូង កុំភ្លេចសាកល្បងណា

    ជំងឺខ្សោយបេះដូងកើតឡើងដោយសារបេះដូងចុះខ្សោយដែលបណ្តាលឱ្យសាច់ដុំបេះដូងមិនអាចច្របាច់ឈាមដែលផ្ទុកទៅដោយអុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់​ទៅចិញ្ចឹមរាងកាយ​ទាំង​មូល​បានទេ។ ជំងឺនេះអាចកើតឡើងគ្រប់វ័យ ប៉ុន្តែវាកើតឡើងញឹកញាប់លើមនុស្សចាស់។ ប្រសិន​បើមានជំងឺខ្សោយបេះដូងធ្ងន់ធ្ងរ អ្នកជំងឺត្រូវការដូរបេះដូង ឬត្រូវដាក់ឧបរកណ៍ជំនួយបេះដូង។ ការពារ​ប្រសើរជាងព្យាបាល ការហាត់ប្រាណអាចរួមចំណែកក្នុងការបង្ការជំងឺខ្យោយបេះដូងដែរ។

    យោងតាមវិបសាយផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត ជំងឺខ្សោយបេះដូងអាចស្តែងចេញជារោគសញ្ញា ដូចជាអស់កំលាំង ល្ហិតល្ហៃ ពិបាកដង្ហើម ហត់ដង្ហក់ ក្អកញឹកញាប់ ជួនមានស្លេស្មពណ៌ស ឬក្រហមលាយឈាម  ហើមជើង ឡើងទម្ងន់លឿន ញរ័ទ្រូង ពិបាកគេង ជាដើម។ វេជ្ជបណ្ឌិត ​Kerry J. Stewart  ជាសាស្ត្រាចារ្យវេជ្ជសាស្ត្រនៅសាលាវេជ្ជសាស្ត្រ Johns Hopkins និង ជានាយកផ្នែកស្រាវជ្រាវលំហាត់រាងកាយបានលើកឡើងថា លំហាត់ប្រាណ ៣ ប្រភេទ ខាងក្រោម នេះអាចបង្ការជំងឺខ្យោយបេះដូងបាន៖

    ១. លំហាត់ប្រាណបែបអ៊ែរ៉ូប៊ីក៖ លំហាត់ប្រាណបែបអ៊ែរ៉ូប៊ីកដូចជា ការដើរលឿន (១០០​ ជំហានក្នុង ១ នាទី) ការរត់ ការហែលទឹក ការជិះកង់ ការវាយតឺនីស និងការលោតអន្ទាក់ ជាដើមអាចជួយ សម្រួល​ចរន្តឈាម។ លំហាត់ប្រាណទាំងនេះមិនត្រឹមតែបន្ថយសម្ពាធឈាម និងចង្វាក់បេះដូងទេ ពួកវាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ដែរ។ រយៈពេលនៃការហាត់គឺ ៣០ នាទីក្នុង ១ ថ្ងៃ និងយ៉ាងហោចណាស់ ៥ ថ្ងៃក្នុង ១ សប្តាហ៍។

    គណនា BMI

    ២. លំហាត់ប្រាណកម្លាំង៖ លំហាត់ប្រាណកម្លាំងដូចជា ការលើកទម្ងន់ អាវ៉ង់ លំហាត់ប្រាណ​អង្គុយ​ចោងហោងជាដើមមានឥទ្ធិពលលើសមាសភាពក្នុងរាងកាយរបស់យើង (ខ្លាញ់ ឆ្អឹង សាច់ដុំ)។ សម្រាប់​អ្នកដែលមានខ្លាញ់ក្នុងរាងកាយច្រើន (រួមទាំងក្បាលពោះធំ​ដែលជាកត្តាហានិភ័យ​នៃជំងឺ​បេះដូង​) លំហាត់ប្រាណកម្លាំងអាចជួយកាត់បន្ថយជាតិខ្លាញ់ និងបង្កើតម៉ាសសាច់ដុំ។ ការ​ស្រាវជ្រាវ​បានបង្ហាញថាការរួមបញ្ចូលគ្នារវាងការធ្វើលំហាត់ប្រាណតាមបែបអ៊ែរ៉ូប៊ីក និងលំហាត់​ប្រាណកម្លាំងអាចជួយបង្កើនកម្រិតកូឡេស្តេរ៉ុល HDL (ល្អ) និងបន្ថយកូឡេស្តេរ៉ុលអាក្រក់ (LDL) ។ រយៈពេលនៃការហាត់គឺ ២ ថ្ងៃក្នុងមួយសប្តាហ៍។

    ៣. លំហាត់ប្រាណលាតសន្ធឹង និងបត់បែន៖ លំហាត់ប្រាណបត់បែនដូចជា ការលាតសន្ធឹងមិនមាន​ប្រយោជន៍ដោយផ្ទាល់ដល់សុខភាពបេះដូងទេ ប៉ុន្តែពួកវាល្អចំពោះសុខភាពសាច់ដុំ ឆ្អឹង សន្លាក់ និងសរសៃពួរ ដែលធ្វើឱ្យរាងកាយយើងមានភាពបត់បែន មិនឈឺសន្លាក់ រមួលក្រពើ ឬឈឺសាច់ដុំ។ ការមានភាពបត់បែនគឺសំខាន់ណាស់ក្នុងការធ្វើលំហាត់ប្រាណបែបអ៊ែរ៉ូប៊ីក និងលំហាត់​ប្រាណ​កម្លាំង​ ព្រោះពួកវាជួយយើងក្នុងការរក្សាលំនឹង និងការពារការដួល។ យើងត្រូវហាត់​លំហាត់ប្រាណ​លាតសន្ធឹង និងបត់បែនមុន និងក្រោយពេលហាត់ប្រាណបែបអ៊ែរ៉ូប៊ីក ឬលំហាត់ប្រាណកម្លាំង។

    មនុស្សភាគច្រើនកើតជំងឺខ្សោយបេះដូងដោយសារកត្តាអាយុ ប៉ុន្តែជំងឺខ្សោយបេះដូង​ក៏បណ្តាលមក​ពីលក្ខខណ្ឌសុខភាពមួយចំនួនដែរ ដែលបណ្តាលឱ្យខូចបេះដូង ឬធ្វើឱ្យបេះដូង​ធ្វើការធ្ងន់រហូត​ដល់​ខ្សោយ។ ទន្ទឹមនឹងការហាត់ប្រាណ ទម្លាប់ប្រចាំថ្ងៃមួយចំនួនដូចជា បញ្ឈប់ការជក់បារី ឬការសេព​គ្រឿងស្រវឹង កាត់បន្ថយខ្លាញ់ ស្ករ អំបិលជាដើម​ក៏ចូលរួមចំណែក​ក្នុងការទប់ស្តាត់​ជំងឺខ្សោយ​បេះដូង​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម