មនុស្សភាគច្រើនតែងជួបបញ្ហាកប់ត្រចៀកក្រាញ់នៅក្រចកមេជើងទាំងសងខាង ជាពិសេសស្រីៗ កើតច្រើនជាងបុរស។ ចំណែកមូលហេតុវិញបណ្ដាលមកពីមានធូលីដីជ្រៀតចូល ហើយអ្នកខ្លះទៀតបណ្ដាលមកពីធ្វើក្រចកច្រើនពេក។
វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា សម្រាប់ស្រីៗនៅតាមទីជនបទដែលធ្វើស្រែចម្ការ កើតត្រចៀកក្រាញ់ព្រោះធ្វើស្រែចូលដី ចំណែកអ្នកខ្លះទៀតកើតព្រោះជាងធ្វើក្រចក។ លោកបញ្ជាក់ថា បញ្ហាកប់ត្រចៀកក្រាញ់នេះ ជាងធ្វើក្រចកស្រុកយើងភាគច្រើនគ្មានសញ្ញាប័ត្រឡើយ ដោយគ្រាន់តែរៀនតាមគ្នាបន្តប៉ុណ្ណោះ ប៉ុន្តែនៅបរទេសទាល់តែមានសញ្ញាប័ត្រទើបអាចធ្វើឲ្យអតិថិជនបាន។
វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅរូបនោះបន្ថែមទៀតថា ពេលមានបញ្ហាកប់ត្រចៀកក្រាញ់នេះគួរតែស្វែងរកគ្រូពេទ្យវិញល្អជាង។ ព្រោះការដែលកាត់ក្រចកដល់គល់សងខាង ធ្វើឲ្យក្រចកនៅសល់ស្រួច ហើយនៅពេលដែលវាដុះវែងមកវិញ បណ្ដាលឲ្យមុតក្លាយទៅជាការបង្ករោគ នាំឲ្យមានខ្ទុះ និងឈឺចាប់ខ្លាំង។
ចំពោះគ្រូពេទ្យ ការវះកាត់ក្រចកដែលកប់នោះគឺចាក់ថ្នាំស្ពឹកជាមុនសិន ទើបមិនមានការឈឺចាប់ បន្ទាប់មកលាបថ្នាំផ្សះលាបនៅក្រោមក្រចកហើយរុំ ដើម្បីសម្លាប់ការបង្ករោគ និងជួយឲ្យក្រចកដុះធម្មតាវិញ។ វេជ្ជបណ្ឌិតរូបនោះបន្ថែមទៀតថា បើសិនជាមិនមានការព្យាបាលត្រឹមត្រូវទេ វាអាចធ្វើឲ្យមានការបង្ករោគ ដែលរាលដាលទៅរចនាសម្ព័ន្ធឆ្អឹងនៅប្រអប់ជើងបាន។
រោគសញ្ញាដែលបញ្ជាក់ថាកប់ត្រចៀកក្រាញ់មានដូចជា៖
– ហើម
– ស្បែកឡើងក្រហម ឬរឹងនៅជុំវិញក្រចក
– ឈឺចាប់ពេលប៉ះពាល់ ឈឺខ្ទកៗ
– ហូរខ្ទុះលាយឈាម
– ធុំក្លិនស្អុយ
– ក្រចកថ្មីដុះ បណ្ដាលឲ្យរលាកគែមៗក្រចក
នៅពេលដែលយើងទៅរកជាងធ្វើក្រចកវិញ អាចមានបញ្ហាកង្វះអនាម័យដៃ និងឧបករណ៍ដែលធ្វើឲ្យសភាពជើងកប់ត្រចៀកក្រាញ់ រឹតតែធ្ងន់ធ្ងរឡើង។ ក្រៅពីមេជើងវាក៏អាចកើតនៅម្រាមដៃ ឬម្រាមជើងដទៃទៀតដែរ។
[embed-health-tool-bmi]