ជំងឺស្យាទិច (sciatica ) គឺជាប្រភេទនៃការឈឺចាប់មួយ ដែលកើតមានជាហូរហែ។ មនុស្សចំនួន៤០ភាគរយ តែងតែជួបប្រទះនូវជំងឺនេះនៅក្នុងឆាកជីវិត ហើយវាកើតឡើងកាន់តែញឹកញាប់នៅពេលដែលអាយុយើងកាន់តែច្រើន។
ជំងឺស្យាទិច ត្រូវបានចាត់ចូលទៅក្នុងប្រភេទនៃការឈឺចាប់ផ្នែកខ្នង ប៉ុន្តែវាមិនដូចគ្នាឡើយ។ ការឈឺចាប់មានប្រភពចេញពីសរសៃប្រសាទស្យាទិចហើយជារឿយៗ វាក៏បាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរបីម៉ោងឬពីរបីថ្ងៃ។ ប៉ុន្តែ ការឈឺចាប់ខ្លះ អាចកើតមាន ហើយបន្តដល់ច្រើនសប្ដាហ៍ ឬច្រើនខែក៏មាន។
យ៉ាងណាមិញ យើងក៏អាចការពារខ្លួនពីជំងឺស្យាទិច ឬក៏អាចបំបាត់ការឈឺចាប់ដោយខ្លួនឯង តាមវិធីសាស្ត្រងាយៗដូចខាងក្រោម៖
១. បង្កើនការហាត់ប្រាណ
ការហាត់ប្រាណគឺជាគន្លឹះសំខាន់ ក្នុងការបញ្ចៀស ឬជួយបំបាត់រាល់ការឈឺចុកចាប់ពីជំងឺស្យាទិច។ យើងគួរជ្រើសរើសលំហាត់ប្រាណណាមួយ ដែលយើងពេញចិត្ត និងអនុវត្តន៍ជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ និងរាងកាយរឹងមាំ។ លំហាត់ប្រាណដែលយើងអាចធ្វើបានរួមមានដើរ រត់ត្រឹកៗ លើកទម្ងន់ និងហាត់យ៉ូហ្កា ជាដើម។
២. ពង្រឹងផ្នែកស្នូលនៃរាងកាយ
វាមិនមែនជារឿងចម្លែកនោះទេ ដែលផ្នែកស្នូលនៃរាងកាយជួយបង្កើនសុខភាពឆ្អឹងខ្នង។ប៉ុន្តែ ផ្នែកស្នូលនេះ មិនមែនសំដៅតែទៅលើសាច់ដុំពោះនោះទេ។ សាច់ដុំនៅខាងក្រោយ នៅចំហៀង ឆ្អឹងអាងត្រគាក គូទ ក៏ជាផ្នែកនៃផ្នែកស្នូលរាងកាយផងដែរ។ ដូច្នេះហើយ ការពង្រឹងសាច់ដុំទាំងនេះ អាចជួយទ្រទ្រង់ដល់ឆ្អឹងខ្នងរបស់យើងបាន។
៣. ចៀសវាងអង្គុយយូរពេក
ការអង្គុយយូរ គឺជាការដាក់សម្ពាធទៅលើឌីសឆ្អឹងកង និងឆ្អឹងត្រង់សន្លាក់នៅខ្នងផ្នែកខាងក្រោម។ ប្រសិនបើយើងមានការងារដែលតម្រូវឲ្យអង្គុយយូរ យើងគួរតែឆ្លៀតពេលសម្រាកឲ្យបានញឹកញាប់ ឬសាកល្បងឈរធ្វើការយូរៗម្តងក៏បាន។
៣. គ្រប់គ្រងទម្ងន់ខ្លួន
ការលើសទម្ងន់ ឬធាត់ជ្រុលអាចបង្កើនហានិភ័យនៃជំងឺស្យាទិច។ ចំពោះអ្នកដែលមានជំងឺស្យាទិច និងលើសទម្ងន់ទៀតនោះ នឹងត្រូវចំណាយពេលយូរ ទម្រាំជាសះស្បើយ។ ដោយសារតែការឡើងទម្ងន់បានបន្ថែមសម្ពាធលើឆ្អឹងខ្នង ហើយអាចបណ្ដាលឲ្យក្លាយទៅជាក្លនលូនឌីសឆ្អឹងកងផងដែរ។ គ្រាន់តែស្រកគីឡូតែបន្តិចបន្តួច ក៏អាចជួយយើងកាត់បន្ថយការរលាក និងសម្ពាធលើឆ្អឹងខ្នងបានច្រើនដែរ។
៤. អនុវត្តឥរិយាបថល្អ
ការរក្សានូវឥរិយាបថល្អ នៅពេលដេក ដើរ ឈរ អង្គុយគឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយទ្រទ្រង់សាច់ដុំ និងឆ្អឹងត្រង់សន្លាក់។ លើសពីនេះទៀត វាជួយកាត់បន្ថយនូវការឈឺខ្នង ឈឺក្បាល បង្កើនកម្រិតថាមពល ព្រមទាំងសម្រាលភាពតានតឹងនៅផ្នែកស្មា និងករបស់យើងថែមទៀតផង។
[embed-health-tool-bmi]