ឆ្កែ ឬឆ្មាខាំ ជារឿងគ្រោះថ្នាក់ចំពោះមនុស្សគ្រប់វ័យ តែបើសត្វទាំងនោះខាំចំបរិវេណមុខ និងក វិញ ជារឿងរឹតតែគ្រោះថ្នាក់បំផុត។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញទូទៅ និងជំងឺកុមារ។ លោកវេជ្ជបណ្ឌិតបន្ថែមថា មុខ និងក ជាតំបន់គ្រោះថ្នាក់ ព្រោះមេរោគងាយនឹងឆ្លងចូលដល់ខួរក្បាល បើសត្វទាំងនេះខាំចំបរិវេណទាំងនេះ ឬរបួសធំ របួសច្រើនកន្លែង។
នៅក្នុងសៀវភៅស្វែងយល់ពីជំងឺឆ្កែឆ្កួត ចេញផ្សាយដោយអង្គការស៊ីប៉ា សហការជាមួយវិទ្យាស្ថានប៉ាស្ទ័រ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម និងក្រសួងអប់រំ បញ្ជាក់ថា មេរោគឆ្កែឆ្កួតឆ្លងចូលតាមមុខរបួស និងមានចលនាចូលតាមប្រព័ន្ធសរសៃប្រសាទ រួចទៅបង្កមេរោគក្នុងខួរក្បាល ធ្វើឲ្យរលាកខួរក្បាល រួចស្តែងចេញជាជំងឺឆ្កែឆ្កួត តាមដំណាក់កាលខាងក្រោម៖
– មេរោគឆ្លងចូលទៅក្នុងរបួសតាមទឹកមាត់សត្វខាំ
– មេរោគបង្កើនចំនួនក្នុងសាច់ដុំជុំវិញរបួស
– មេរោគធ្វើដំណើរពីមុខរបួស ទៅខួរក្បាល តាមប្រព័ន្ធសរសៃប្រសាទ
– មេរោគទៅដល់ខួរក្បាល បង្កឲ្យរលាកខួរក្បាល កើតជំងឺឆ្កែឆ្កួត
– មេរោគឆ្លងពីខួរក្បាល បន្តទៅក្រពេញនានា ពិសេសក្រពេញទឹកមាត់។
វីរុសជំងឺឆ្កែឆ្កួតតូចបំផុត មិនអាចមើលឃើញនឹងភ្នែកទទេទេ វាបង្កជំងឺលើប្រព័ន្ធសរសៃប្រសាទ ធ្វើឲ្យប៉ះពាល់ដំណើរការខួរក្បាល ជាពិសេសពពួកកោសិកាដែលសម្របសម្រួលចង្វាក់បេះដូង និងដង្ហើម។
រោគសញ្ញាជំងឺឆ្កែឆ្កួតនឹងលេចឡើងក្នុងរយៈពេល ១ អាទិត្យ ឬយ៉ាងយូរ ១ខែ បន្ទាប់ពីឆ្លងវីរុសចូលក្នុងខ្លួន។ រោគសញ្ញាទាំងនោះ មាន៖
– មិនញ៉ាំទឹក
– ស្រេវស្រាញពេលត្រូវខ្យល់
– ក្តៅខ្លួន
– ពិបាកដកដង្ហើម
– ខាកស្តោះញឹកញាប់
– ហៀរទឹកមាត់។
ទិន្នន័យពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានប៉ាន់ប្រមាណថា ក្នុង១ឆ្នាំៗ មានកុមារ និងមនុស្សធំស្លាប់ដោយជំងឺឆ្កែឆ្កួតជាង ៨០០ នាក់។ ជំងឺនេះឆ្លងពីសត្វដែលមានផ្ទុកមេរោគជំងឺឆ្កែឆ្កួតខាំ ឬខ្វាចមនុស្ស ដូចជាឆ្កែ ឆ្មា ស្វា ជ្រូក ជាដើម។
[embed-health-tool-bmi]