គ្នាយើងពិតជាដឹងហើយថាទឹកឃ្មុំមានប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែគ្នាយើងដឹងទេថាគួរញ៉ាំកម្រិតណាមិនប៉ះពាល់សុខភាព? តាមការណែនាំគ្នាយើងមិនគួរញ៉ាំទឹកឃ្មុំលើសពី៥០មិល្លីលីត្រក្នុងមួយថ្ងៃនោះទេ បើញ៉ាំលើសនេះអាចធ្វើឲ្យយើងមានបញ្ហាចំពោះសុខភាពមួយចំនួនដែរ។
១. អាចធ្វើឲ្យឡើងកម្រិតជាតិស្ករក្នុងឈាម
ទឹកឃ្មុំមានផ្ទុកជាតិស្ករ និងកាបូអ៊ីដ្រាត ក្នុងបរិមាណដ៏ច្រើន។ ដូចនេះហើយ បើសិនជាយើងញ៉ាំទឹកឃ្មុំច្រើនពេក កម្រិតជាតិស្ករក្នុងឈាមរបស់យើងក៏ហក់ឡើងដូចគ្នា។ មួយវិញទៀត បើយើងជាអ្នកមានជំងឺទឹកនោមផ្អែមទៀតនោះ យើងនឹងបានដឹងពីភាពមិនប្រក្រតីនៃកម្រិតជាតិស្ករកាន់តែលឿន និងអាចមានគ្រោះថ្នាក់ទៀតផង។
២. ទឹកឃ្មុំអាចបញ្ចុះសម្ពាធឈាម
ទឹកឃ្មុំត្រូវគេដឹងថាមានសារធាតុផ្សំដ៏អស្ចារ្យក្នុងការជួយគ្រប់គ្រងសម្ពាធឈាម។ ប៉ុន្តែបើយើងញ៉ាំច្រើនលើសការកំណត់ វាក៏ធ្វើឲ្យយើងប្រឈមនឹងការធ្លាក់ចុះសម្ពាធឈាមដូចគ្នា។ បើសិនជាយើងបន្តឲ្យមានអាការៈបែបនេះយូរអង្វែង នោះនឹងប៉ះពាល់ដល់ដំណើរការបេះដូងមិនខាន។
៣. បង្កជាបញ្ហាក្រពះពោះវៀន
ក្នុងករណីគ្នាយើងកំពុងជួបបញ្ហាទល់លាមកផងនោះ បើញ៉ាំទឹកឃ្មុំច្រើនទៀតនឹងធ្វើឲ្យបញ្ហាកាន់តែអាក្រក់ជាងមុន។ ក្រៅពីនេះ ញ៉ាំទឹកឃ្មុំលើសកម្រិតក៏អាចធ្វើឲ្យយើងជួបបញ្ហាហើមពោះ ឬរាក ព្រោះតែរាងកាយមិនអាចបំបែកស្ករនៅក្នុងទឹកឃ្មុំបាន។
៤. ធ្វើឲ្យឡើងគីឡូ
បើនិយាយដល់ការឡើងគីឡូ ស្រីៗឮច្បាស់ជាភ្ញាក់ផ្អើលមិនខាន បើកំពុងតែមានផែនការសម្រកទម្ងន់ផងនោះ។ អ៊ីចឹងហើយ បើយើងស្ថិតក្នុងផែនការសម្រកទម្ងន់ ត្រូវញ៉ាំទឹកឃ្មុំឲ្យមានកម្រិត។ ទឹកឃ្មុំមានកាឡូរី និងស្ករ ខ្ពស់ និងមានកាបូអ៊ីដ្រាតថែមទៀតផង ដែលអ្វីទាំងនេះសុទ្ធតែអាចធ្វើឲ្យគីឡូឡើងបាន។
៥. អាចមានបញ្ហាធ្មេញ
ពេលយើងញ៉ាំទឹកឃ្មុំច្រើនពេក គឺប្រៀបដូចជាយើងញ៉ាំស្ករច្រើនអ៊ីចឹងដែរ ដែលអាចធ្វើឲ្យធ្មេញពុកបាន។ តាមការស្រាវជ្រាវ ទឹកឃ្មុំមានផ្ទុកជាតិស្ករប្រហែល៨២ភាគរយ ដែលចំនួននេះអាចធ្វើឲ្យធ្មេញយើងខូចបាន។ មួយវិញទៀត ទឹកឃ្មុំក៏មានភាពស្អិតពីធម្មជាតិ ដែលអាចតោងជាប់នៅនឹងធ្មេញ ដែលជាហេតុធ្វើឲ្យយើងពុកធ្មេញ។
បើអ៊ីចឹងគួរធ្វើម៉េចល្អ?
តាមការណែនាំគ្នាយើងមិនគួរញ៉ាំទឹកឃ្មុំលើសពី៥០មិល្លីលីត្រក្នុងមួយថ្ងៃនោះទេ ហើយក្មេងអាយុក្រោមមួយឆ្នាំក៏មិនត្រូវឲ្យញ៉ាំទឹកឃ្មុំនោះដែរ។ មួយវិញទៀត បើយើងមានជំងឺណាមួយក្នុងខ្លួន គួរប្រឹក្សាជាមួយគ្រូពេទ្យមុននឹងសម្រេចដាក់ទឹកឃ្មុំចូលក្នុងរបបអាហារ។
[embed-health-tool-bmi]