ចំពោះសម្ភារៈប្លាស្ទិច យើងតែងតែឮពាក្យថា “កាត់បន្ថយ ប្រើសារឡើងវិញ និងកែច្នៃថ្មី” ដើម្បីជួយកាត់បន្ថយកំណើនកើនឡើងប្លាស្ទិចដែលជាបញ្ហាធ្ងន់ធ្ងរមួយប៉ះពាល់ដល់បរិស្ថានប្រទេសយើង ក៏ដូចជាពិភពលោកទាំងមូល។ ហេតុនេះហើយ គ្នាយើងមួយចំនួនធំព្យាយាមយកដបទឹកសុទ្ធមកប្រើសារឡើងវិញញឹកញាប់ ប៉ុន្តែយើងមានដឹងទេថា ដបទឹកសុទ្ធទាំងនោះមានខ្លះអាចប្រើឡើងវិញបាន តែខ្លះទៀតប្រើបានតែម្ដងគត់។
តើដបប្លាស្ទិចធ្វើឡើងពីសារធាតុអ្វីខ្លះ?
ដបទឹកប្លាស្ទិចភាគច្រើនមានលេខកូដកែច្នៃបោះពុម្ពនៅលើដប។ ហើយយើងអាចដឹងបានថា ដបទឹកនោះផលិតពីប្លាស្ទិចប្រភេទអ្វី ព្រោះប្លាស្ទិចមានច្រើនប្រភេទ តែគេយកតែប៉ុន្មានប៉ុណ្ណោះមកផលិតជាដបទឹកសុទ្ធ។ លេខកូនលើដបបា្លស្ទិចមានចាប់ពីលេខ១-៧ ដើម្បីកំណត់ពីប្រភេទប្លាស្ទិចដែលផលិតដបនោះ និងងាយស្រួលដល់ការបែងចែកប្រភេទដបពេលកែច្នៃឡើងវិញ។
- Polyethylene Terephthalate (PET or PETE)
- High-density Polyethylene (HDPE)
- Polyvinyl Chloride (PVC)
- Low-density Polyethylene (LDPE)
- Polypropylene (PP)
- Polystyrene (PS)
- ប្រភេទប្លាស្ទិចដទៃផ្សេង
ភាគច្រើន អ្នកផលិតដបទឹកសុទ្ធសព្វថ្ងៃ និយមប្រើលេខ១ ២ និងលេខ៧ ដើម្បីផលិតជាដបដាក់ទឹកយើងផឹករាល់ថ្ងៃនេះ។ មួយវិញទៀត លេខកូដដែលមានសរសេរលើដបក៏អាចឲ្យយើងដឹងបានដែរថា យើងអាចប្រើដបទឹកឡើងវិញបានប៉ុន្មានដង ឬប្រើម្ដងហើយត្រូវបោះចោល។
ប្រភេទដបទឹកសុទ្ធប្លាស្ទិចខ្លះ អាចប្រើបានតែម្ដងគត់ដោយសារវាអាចសាយភាយសារធាតុគីមីចូលទៅក្នុងទឹកផឹក ជាពិសេសពេលដាក់ក្នុងកន្លែងក្ដៅ ឬចំកម្ដៅថ្ងៃ ហើយដបទឹកដែលយើងគួរប្រយ័ត្នមានលេខកូដដូចជា៖
- 1 PET
- 3 PVC
- 6 PS
- 7 PC (ប្រភេទប្លាស្ទិចដទៃផ្សេងបូករួមទាំង Polycarbonate,PC)។
ចំណែក ដបប្លាស្ទិចដែលយើងអាចយកមកប្រើបានច្រើនដង ហើយធន់នឹងកម្ដៅ មិនភ័យរឿងសាយភាយសារធាតុគីមីចូលទៅក្នុងទឹកយើងផឹកមានលេខកូដដូចជា៖
- 2 HDPE
- 4 LDPE
- 5 PP។
[embed-health-tool-bmi]