បញ្ហាជាតិស្ករក្នុងឈាមធ្លាក់ចុះ បណ្ដាលឲ្យយើងញ័រ វិលមុខ ឈឺក្បាល បែកញើសញឹកញាប់ ឃ្លានច្រើន បេះដូងលោតញាប់។ល។ គ្នាយើងមួយចំនួនឧស្សាហ៍វិលមុខ សឺៗចង់សន្លប់ តែមិនសូវចាប់អារម្មណ៍ គិតថាវាជារឿងសាមញ្ញមកពីគិតច្រើនពេក តែវាអាចបណ្ដាលមកពីជាតិស្ករក្នុងខ្លួនធ្លាក់ចុះ។
ដោយសារជាតិស្ករមាននាទីផ្ដល់ថាមពលរាងកាយ ហេតុនេះពេលខ្វះជាតិស្ករក្នុងឈាម តែងមានអារម្មណ៍អស់កម្លាំង និងមិនសូវស្រួលខ្លួន ជាងនេះពេលជាតិស្ករធ្លាក់ចុះខ្លាំងភ្លាមៗ នឹងធ្វើឲ្យយើងសន្លប់ ឬប្រកាច់។ ហេតុនេះហើយ យើងគួរដឹងពីរបៀបបំពេញជាតិស្ករក្នុងឈាមភ្លាមៗ និងវិធីមើលថែខ្លួនឲ្យបានល្អចៀសវាងពីជាតិស្ករក្នុងឈាមធ្លាក់ចុះទាបជាមួយតិចនិកដូចជា៖
វិធីបន្ថែមជាតិស្ករភ្លាមៗ
– ញ៉ាំផ្លែប៉ោម ផ្លែចេក ឬផ្លែក្រូចមួយផ្លែ
- ញ៉ាំផ្លែទំពាំងបាយជូរ១៥គ្រាប់
– ញ៉ាំទំពាំងបាយជូរក្រៀម ២ស្លាបព្រាកាហ្វេ
ចំណាំ៖ អាហារខាងលើនេះផ្ទុក១៥ក្រាមនៃកាបូអ៊ីដ្រាត ជាបរិមាណល្អបំផុតជួយបំពេញជាតិស្ករឲ្យមានតុល្យភាពឡើងវិញ។
តិចនិកការពារកុំឲ្យជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង
- ញ៉ាំអាហារពេល និងអាហារសម្រន់តិចៗពេញមួយថ្ងៃ ពោលគឺអាហារពេល ៣ដង និងអាហារសម្រន់២-៣ដង/ថ្ងៃ (គម្លាតគ្នា៣-៤ម៉ោង ញ៉ាំម្ដង)
- បង្កើតទម្លាប់ញ៉ាំអាហារសុខភាពជាប្រចាំ ញ៉ាំបន្លែផ្លែឈើ សាច់ស៊ុតគ្រប់មុខឲ្យមានតុល្យភាព។ ជាតិសរសៃ និងប្រូតេអ៊ីន នឹងជួយផ្ដល់កម្លាំងដល់រាងកាយ ជាហេតុជាតិស្ករក្នុងឈាមមិនងាយធ្លាក់ចុះ។
- កាត់បន្ថយជាតិកាហ្វេអ៊ីន និងជាតិអាល់កុល ព្រោះវាអាចបណ្ដាលឲ្យជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង និងបណ្ដាលឲ្យកើតជំងឺខ្វះជាតិស្ករក្នុងឈាមវិញ។
[embed-health-tool-bmi]