ជំងឺឆ្កែឆ្កួតត្បិតតែកាចសាហាវ អាចសម្លាប់មនុស្សគ្រប់ពេលវេលាក្តី តែយើងអាចបង្ការបានបង្ការ១០០% ទាំងមុន និងក្រោយសត្វឆ្កែ ឆ្មា ស្វា ខាំ ក្រញៅ ឬខ្វាច។ Hello គ្រូពេទ្យនឹងបង្ហាញពីវិធីបង្ការជំងឺឆ្កែឆ្កួត និងការចាក់វ៉ាក់សាំងត្រឹមត្រូវតាមក្បួនខ្នាត ហើយមានប្រសិទ្ធភាពខ្ពស់។
បើនៅផ្ទះយើងមានសត្វចិញ្ចឹមដូចជា ឆ្កែ ឆ្មា ជ្រូក គោក្របី នោះអាចបង្ការជំងឺឆ្កែឆ្កួតជាមុនបាន ដោយចាក់វ៉ាក់សាំងសត្វទាំងនោះ។ ធ្វើបែបនេះមានសុវត្ថិភាពទាំងសត្វ និងមនុស្ស នៅពេលសត្វចិញ្ចឹមយើងទៅខាំ ក្រញៅ ឬខ្វាចមនុស្សជាទីស្រលាញ់ក្នុងផ្ទះ ពិសេសក្មេងៗ ឬអ្នកក្រៅមិនបង្កឲ្យមានជំងឺឆ្កែឆ្កួតនោះទេ។ ម្យ៉ាងវិញទៀត បើឆ្កែ ឬសត្វដទៃទៀតមកខាំឆ្កែយើង ក៏មិនបង្កឲ្យឆ្កួតដែរ។
ប៉ុន្តែក្នុងករណីមានសត្វ ឆ្កែ ឆ្មា ឬស្វា ដែលយើងមិនដឹងប្រវត្តិថាបានវ៉ាក់សាំង ខាំយើង ឬកូនចៅភ្លាម យើងចាំបាច់ត្រូវ៖
– លាងដៃនឹងសាប៊ូ រួចបង្ហូរទឹកលាងមុខរបួស ១០-១៥នាទី
– ប្រើអាល់កុល ឬបេតាឌីន ដើម្បីសម្អាតរបួស
– មិនត្រូវដេរ ឬរុំបិទមុខរបួសដោយឆ្កែខាំនោះទេ
– ចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត និងថ្នាំផ្សេងទៀតដែលចាំបាច់។
២. ចាក់ថ្នាំបង្ការពេលណា? ប៉ុន្មានដង?
សត្វឆ្កែ ឆ្មា ខាំ ក្រញៅ ឬខ្វាចភ្លាម យើងត្រូវចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតជាបន្ទាន់ ឬយ៉ាងយូរបំផុត ១ សប្តាហ៍។ ការចាក់ថ្នាំនេះធ្វើឡើងចំនួន៤ដង ដោយចាក់សាច់ដុំ ឬលើស្បែក។ ប៉ុន្តែមុននឹងត្រូវច្បាស់ថា កន្លែងចាក់វ៉ាក់សាំងនោះមានការទទួលស្គាល់ និងប្រសិទ្ធភាពកម្រិតណា?
លើកទី១៖ ថ្ងៃចាក់ដំបូង
លើកទី២៖ ៣ថ្ងៃ ក្រោយចាក់លើកទី១
លើកទី៣៖ ៧ថ្ងៃ ក្រោយចាក់លើកទី១
លើកទី៤៖ ២១ ឬ២៨ថ្ងៃ ក្រោយចាក់លើកទី១។
ចំពោះគ្នាយើង ឬអូនតូចដែលបានចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតពីមុនមកគ្រប់ចំនួន នៅពេលមានសត្វខាំម្តងទៀត ត្រូវចាក់តែ២លើកប៉ុណ្ណោះ។
៣. ប្រការគួរចៀសវាង
ចាស់ៗមួយចំនួននៅតែប្រើវិធីបុរាណនៅឡើយដើម្បីថែទាំ ឬព្យាបាលរបួសក្រោយឆ្កែខាំ ដូចជា ប្រើ ម្ទេស ខ្ទឹមស ក្រូចឆ្មារ បាយកក ប្រហុក សម្បុកពីងពាង ឬស្តោះផ្លុំលើមុខរបួស។ ទាំងនេះសុទ្ធតែជាប្រការគួរចៀសវាង និងមិនត្រឹមត្រូវតាមក្បួនវេជ្ជសាស្រ្ត ព្រោះវាមិនអាចលាងសម្អាតទឹកមាត់សត្វខាំ និងកម្ចាត់មេរោគបានល្អ ដូចការលាងសម្អាតដោយទឹកសាប៊ូ និងថ្នាំសម្លាប់មេរោគទេ។

ប្រភព៖ សៀវភៅស្វែងយល់ពីជំងឺឆ្កែឆ្កួត ចេញផ្សាយដោយអង្គការស៊ីប៉ា សហការជាមួយវិទ្យាស្ថានប៉ាស្ទ័រ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម និងក្រសួងអប់រំ។