និយមន័យ
១- អ្វីជាតេស្តវាស់អ័រម៉ូនអាល់ដូស្តេរ៉ូន?
តេស្តនេះ ជាការវាស់កម្រិតជាតិអ័រម៉ូនអាល់ដូស្តេរ៉ូននៅក្នុងឈាម ដែលបញ្ចេញដោយក្រពេញលើតម្រងនោម មានតួនាទីគ្រប់គ្រងលំនឹងជាតិសូដ្យូម (អំបិល) និងប៉ូតាស្យូមក្នុងរាងកាយ។ អ័រម៉ូននេះ ក៏ជាមូលហេតុមួយនាំឲ្យកើនឡើងសម្ពាធឈាម ពេលណាការបញ្ចេញអ័រម៉ូនអាល់ដូស្តេរ៉ូន ច្រើនខុសប្រក្រតី នាំឲ្យជាតិប៉ូតាស្យូមចុះ បង្កឲ្យកើតជាជំងឺ វិបត្តិក្រពេញលើតម្រងនោម (Hyperaldosteronism) មាន ២ ប្រភេទ។
ប្រភេទទី ១ កើតដោយសារក្រពេញខ្លួនឯងផ្ទាល់មានដុះដុំសាច់ ជាទូទៅបង្កើតដោយកោសិកាស្លូត និងមិនបង្កឲ្យទៅជាមហារីកទេ ប៉ុន្តែប្រភេទទី ២ អាចបង្កមកពីបញ្ហាជាច្រើនដូចជា ជំងឺបេះដូងខ្សោយ ក្រិនថ្លើម តម្រងនោមកើនជាតិប៉ូតាស្យូមលើសកម្រិត ថយចុះជាតិសូដ្យូម និងជំងឺពុលឈាមពេលមានផ្ទៃពោះ។ តេស្តនេះភាគច្រើនគេធ្វើនៅពេលគេសង្ស័យថាក្រពេញលើតម្រងនោមមានការបញ្ចេញអ័រម៉ូនខុសធម្មតា។
២- ហេតុអ្វីត្រូវធ្វើតេស្តនេះ?
មានមូលហេតុមួយចំនួនទាមទារឲ្យយើងត្រូវធ្វើតេស្តនេះដូចជា៖
– ដឹងច្បាស់ពីកម្រិតអ័រម៉ូនអាល់ដូស្តេរ៉ូនក្នុងរាងកាយ
– ដើម្បីពិនិត្យសាច់ដុំក្នុងក្រពេញលើតម្រងនោម
– រកមូលហេតុនាំឲ្យឡើងសម្ពាធឈាម ឬកម្រិតប៉ូតាស្យូមធ្លាក់ចុះ។
កត្តាគួរប្រុងប្រយ័ត្ន
៣- គួរដឹងអ្វីខ្លះមុនតធ្វើតេស្ត?
មុនធ្វើតេស្ត យើងត្រូវប្រាប់គ្រូពេទ្យព័ត៌មានមួយចំនួន ពិសេសបើកំពុងប្រើប្រាស់ថ្នាំផ្សេងៗ ព្រោះអាចប៉ះពាល់ដល់លទ្ធផលតេស្ត និងកត្តាជាច្រើនដូចជាស្ត្រេសជាដើម។ ជាទូទៅគ្រូពេទ្យអាចណែនាំពីវិធីខ្លះៗមុននឹងធ្វើតេស្ត ដូចជា៖
– តមអាហារប្រៃ
– ចៀសវាងហាត់ប្រាណខ្លាំងពេក
– ចៀសវាងការញ៉ាំឫសម្យ៉ាងឈ្មោះ Licorice (មានសារធាតុច្រឡំជាមួយអ័រម៉ូនអាល់ដូស្តេរ៉ូន)
– ការកំណត់ម៉ោងពេលធ្វើតេស្ត គឺសំខាន់ព្រោះជាធម្មតាអ័រម៉ូនប្រភេទនេះបញ្ចេញនៅពេលព្រឹក។
ដំណើរការតេស្ត
៤- គួរត្រៀមអ្វីខ្លះមុនធ្វើតេស្ត?
ជាទូទៅដើម្បីពិនិត្យកម្រិតអ័រម៉ូននេះ គឺត្រូវបូមឈាម ពិនិត្យមើលសារធាតុចំបាច់មួយចំនួន ហើយមុនដំណើរការបូមឈាម យើងត្រូវអនុវត្តតាមវិធីដូចខាងក្រោម៖
– ចងរឹតដើមដៃ ដើម្បីឲ្យចាល់ឈាមក្នុងសរសៃវ៉ែន (ងាយស្រួលបូម)
– ជូតសម្អាតកន្លែងចាក់ម្ជុលដោយអាល់កុល
– ចាក់ម្ជុលទៅក្នុងសរសៃ និងបូមឈាមចូលក្នុងសឺរ៉ាំង
– ស្រាយខ្សែចងដើមដៃចេញ
– បាញ់ឈាមបូមបាន ចូលក្នុងបំពង់ដាក់ឈាម
– ដាក់សំឡីទប់ក្រែងមានឈាមហូរចេញពីកន្លែងចាក់ម្ជុល។
៥- មានអ្វីកើតឡើងអំឡុងពេលធ្វើតេស្ត?
យើងអាចមានអារម្មណ៍មិនសូវស្រួល នៅកន្លែងចងរឹតដោយខ្សែយឺត និងឈឺបន្តិចបន្តួចក្រោយចាក់ម្ជុលចូលក្នុងសរសៃឈាម។
៦- ក្រោយធ្វើតេស្តរួចមានអ្វីកើតឡើង?
បន្ទាប់ពីបូមឈាម អាចនឹងមានការឈឺចាប់នៅកន្លែងចាក់តិចតួច ប៉ុន្តែពេលខ្លះអាចមានបញ្ហាមួយចំនួនដូចជា៖
– ឡើងជាំ
– កាន់ធ្ងន់ធ្ងរបើយើងមាន ជំងឺឈាមរាវ និងឈាមក្រកក
– ហើមតំបន់ចាក់ ដោយសារជំងឺរលាកសរសៃវ៉ែន (Phlebitis) តែមិនចាំបាច់បារម្ភទេ អាចប្រើកន្សែងជ្រលក់ទឹកក្ដៅឧណ្ហៗស្អំ ដើម្បីងាយត្រឡប់មកដូចដើមវិញ។
លទ្ធផល
៧- លទ្ធផលតេស្ត
លទ្ធផលអាចមានភាពខុសគ្នា អាស្រ័យតាមមន្ទីរពិសោធន៍នីមួយៗ តែជាទូទៅកម្រិតធម្មតាគឺ ៧-៣០ ណាណូក្រាម/ដេស៊ីលីត្រ ឬ ០,១៩-០,៨ ណាណូម៉ូល/លីត្រ។ បើយើងមានកម្រិតច្រើនជាងនេះ អាចបណ្ដាលមកពីវិបត្តិក្នុងការបញ្ចេញអ័រម៉ូនច្រើនពេក ហើយមូលហេតុមានដូចជា៖
– សរសៃអាក់ទែទៅចិញ្ចឹមតម្រងនោម មានសភាពចង្អៀត (Renal artery stenosis)
– ខ្សោយបេះដូង (Congestive heart failure)
– ខ្សោយតម្រងនោម
– ក្រិនថ្លើម
– របបអាហារខ្វះជាតិសូដ្យូម។
បើជាតិអ័រម៉ូនអាល់ដូស្តេរ៉ូនថយចុះ គឺដោយសារជំងឺ វិបត្តិក្នុងការបញ្ចេញអ័រម៉ូនអាល់ដូស្តេរ៉ូន នាំឲ្យមានរោគសញ្ញាដូចជា សម្ពាធឈាមថយចុះ ខ្សោះជាតិទឹក ជាតិសូដ្យូម និងប៉ូតាស្យូមថយចុះ ហើយកត្តាទាំងនេះភាគច្រើនដោយជំងឺដូចជា៖
– វិបត្តិក្រពេញលើតម្រងនោម
– ជំងឺអាឌីសូន
– ថយចុះអ័រម៉ូនដោយសារខ្សោយតម្រងនោម
– របបអាហារសម្បូរជាតិប្រៃ
– ជំងឺដុះកោសិកាក្រពេញលើតម្រងនោមពីកំណើត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]