និយមន័យ
១- អ្វីជាតេស្តពិនិត្យលាមក?
ពិនិត្យលាមក ជាតេស្តមួយក្នុងចំណោមតេស្តជាច្រើនទៀត ដើម្បីជួយធ្វើរោគវិនិច្ឆ័យទាក់ទងបញ្ហាប្រព័ន្ធរំលាយអាហារ បណ្តាលមកពី ការឆ្លងរោគ (ប៉ារាស៊ីត វីរ៉ុស ឬបាក់តេរី) ការស្រូបសារធាតុចិញ្ចឹមថយចុះ ឬមហារីកជាដើម។
ពិនិត្យលាមក ដំបូងត្រូវយកលាមកដាក់ក្នុងកំប៉ុងស្អាតមួយ រួចផ្ញើទៅមន្ទីរពិសោធន៍ ដើម្បីពិនិត្យតាមរយៈមីក្រូទស្សន៍ តេស្តសារធាតុគីមី និងតេស្តរកមេរោគ។ លើសពីនេះ គ្រូពេទ្យ និងពិនិត្យមើលលើពណ៌ កំហាប់ បរិមាណ ភិនភាគ ក្លិន និងវត្តមានសម្បោរក្នុងលាមក។
គ្រូពេទ្យក៏រកមើលសារធាតុមួយចំនួន មិនអាចមើលឃើញដោយភ្នែកទទេបាន ដូចជាឈាម ខ្លាញ់ កម្ទេចសាច់ ទឹកប្រមាត់ កោសិកាឈាមស ស្ករ និង pH របស់លាមកជាដើម។ តេស្តនេះ គឺអាចយកលាមកមកបណ្តុះរកមើលមេរោគ ដើម្បីដឹងថាតើមេរោគនោះជាប្រភេទអី្វឲ្យច្បាស់។
២- ហេតុអ្វីត្រូវធ្វើតេស្តនេះ?
តេស្តនេះធ្វើក្នុងគោលបំណងមួយចំនួនដូចជា៖
– រកមើលជំងឺនៅប្រព័ន្ធរំលាយអាហារ ថ្លើម និងលំពែង។ អង់ស៊ីម មួយចំនួន ដូចជា (Trypsin ឬ Elastase) នៅក្នុងលាមក ជួយឲ្យដឹងពីមុខងារលំពែង។
- ជួយរកមូលហេតុរោគសញ្ញានាំឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ រួមមាន រាកយូរថ្ងៃ រាកមានឈាម ហើមពោះ ក្អួត អត់ឃ្លាន ប៉ោងពោះ ឈឺពោះ និងក្តៅខ្លួន។
– ពិនិត្យរកមើលមហារីកពោះវៀនធំ ដែលមិនអាចមើលក្នុងឈាម
– រកមើលបារ៉ាស៊ីត Pinworms ឬ Giardia
– រកមើលមូលហេតុនាំឲ្យមានជំងឺឆ្លងដូចជា ពពួកបាក់តេរី ផ្សិត ឬវីរ៉ុស
- រកមើលការថយចុះសមត្ថភាពស្រូបយកសារធាតុចញ្ចឹមរបស់ប្រព័ន្ធរំលាយអាហារ (Malabsorption syndrome)។ សម្រាប់តេស្តនេះ គ្រូពេទ្យយកលាមកយើងអំឡុងពេល ៧២ម៉ោង ដើម្បីរកមើលខ្លាញ់ ហៅថា 72-Hour Stool Collection ឬតេស្ត Quantitative Fecal Fat។
ស្វែងយល់មុនធ្វើតេស្ត
៣- គួរដឹងអ្វីខ្លះមុនធ្វើតេស្ត?
តេស្តពិនិត្យលាមក ធ្វើឡើងរកមូលហេតុនាំឲ្យមានជំងឺឆ្លង ដូចជា ពពួកបាក់តេរី ផ្សិត វីរ៉ុស ឬបារ៉ាស៊ីត។ ដោយឡែក ចំពោះជំងឺ Cystic Fibrosis គួរប្រើ Sweat Test ដើម្បីរកសារធាតុ Trypsin ឬ Elastase នេះវិញ។
ដំណើរការធ្វើតេស្ត
៤- គួរត្រៀមខ្លួនបែបណាដើម្បីធ្វើតេស្ត?
ថ្នាំមួយចំនួន អាចធ្វើឲ្យប៉ះពាល់ដល់ការពិនិត្យលាមក អាស្រ័យលើយើងពិនិត្យរកមើលអ្វី។ យើងត្រូវឈប់លេបថ្នាំមួយចំនួន ដូចជា ថ្នាំក្រពះ អង់ទីប្យូទិក (ផ្សះ) ថ្នាំបញ្ចុះលាមក ឬពពួកថ្នាំប្រឆាំងការរលាក (NSAIDs) ១-២ សប្តាហ៍មុនពេលធ្វើតេស្ត។ កុំភ្លេចប្រាប់គ្រូពេទ្យពីថ្នាំយើងបានប្រើប្រាស់ផង។
បើមានបញ្ហាខាងក្រោមនេះចូរប្រាប់គ្រូពេទ្យឲ្យបានដឹង៖
– ទើបតែថតកាំរស្មីអ៊ិច ដោយផឹកជាតិពណ៌ Barium Contrast ដូចជា Bariumenema ឬ Barium Swallow ព្រោះសារធាតុនេះ អាចធ្វើឲ្យប៉ះពាល់ដល់លទ្ធផលតេស្ត។
- ទើបធ្វើដំណើរទៅក្រៅប្រទេសថ្មីៗ ព្រោះអាចជួយឲ្យគ្រូពេទ្យពិចារណាប្រភេទមេរោគបង្កឲ្យយើងមានជំងឺ។
បើធ្វើតេស្តដើម្បីរកមើលឈាម ត្រូវតមអាហារមួយចំនួនមុនពេលធ្វើតេស្ត ពុំគួរធ្វើតេស្តនៅពេលមករដូវ ឬពេលមានឈាមហូរចេញពីឬសដូងបាតទេ (ចំពោះអ្នកមានជំងឺនេះ)។
៥- មានអ្វីកើតឡើងអំឡុងពេលធ្វើតេស្ត?
គ្រូពេទ្យត្រូវយកលាមកទៅពិនិត្យ តាមវិធីខាងក្រោម៖
– អាចដាក់ថង់ប្លាស្ទិក ទ្រពីក្រោមបង្គន់ពេលបត់ជើង ហើយយកវាដាក់កូនដបស្អាតមួយ។
– អាចទិញកញ្ចប់ឧបករណ៍សម្រាប់ធ្វើតេស្ត ក្នុងនោះមានក្រដាសទន់សម្រាប់ប្រមូលលាមកយកមកដាក់ដបបានយ៉ាងស្រួល។
– កុំឲ្យលាមកលាយជាមួយទឹកនោម ទឹក និងក្រដាសបង្គន់ឲ្យសោះ។
ចំពោះកូនក្មេងដែលពាក់ខោទឹកនោម៖
- ក្រាលថង់ប្លាស្ទិកពីលើខោទឹកនោម
– ដាក់ថង់ប្លាស្ទិកឲ្យបានស្រួលបួល កុំឲ្យលាយឡំជាមួយទឹកនោម។
៦- ក្រោយធ្វើតេស្តរួចមានអ្វីកើតឡើង?
យកលាមកមន្ទីរពិសោធន៍ កាន់តែឆាប់កាន់តែល្អ។
លទ្ធផល
៧- លទ្ធផលតេស្ត
តួលេខខាងក្រោម ជាទូទៅសម្រាប់បញ្ជាក់ពីលទ្ធផលទេ ប៉ុន្តែអាចខុសគ្នាពីមន្ទីពិសោធន៍នីមួយៗ ដូចនេះទោះបីជាលទ្ធផលនេះខុសពីតួលេខខាងក្រោមក៏មិនអីដែរ។ ក្រដាសលទ្ធផលមានតារាងវាយតម្លៃធម្មតា មន្ទីរពិសោធន៍យើងពិនិត្យប្រើប្រាស់ជាផ្លូវការ។ គ្រូពេទ្យនឹងវាយតម្លៃលទ្ធផល ផ្អែកលើកត្តាសុខភាព និងកត្តាផ្សេងៗទៀត ហើយជាទូទៅលទ្ធផលត្រូវការពេល ១-៣ ថ្ងៃ។
លទ្ធផលក្រោយតេស្តពិនិត្យលាមក
– លទ្ធផលប្រក្រតី៖ លាមកមានពណ៌ត្នោត ទន់ ហើយគ្មាន ឈាម សម្បោរ ខ្ទុះ កម្ទេចសាច់ និងពពួកបាក់តេរី វីរ៉ុស ផ្សិត ឬបារ៉ាស៊ីតអ្វីទាំងអស់។ លាមកមានរាងជាបំពង់ ហើយមាន pH ៧-៧,៥ ។ មានជាតិស្ករតិចជាង ០,២៥ ក្រាម/ដេស៊ីលីត្រ មានខ្លាញ់ ២-៧ ក្រាម/២៤ម៉ោង។
– លទ្ធផលមិនប្រក្រតី៖ លាមកមានពណ៌ខ្មៅ ក្រហម ស លឿង ឬបៃតង ហើយមានលក្ខណះរឹង ឬរាវ។ មានឈាម សំបោរ ខ្ទុះ កាកសាច់ និងពពួកបាក់តេរី វីរ៉ុស ផ្សិត និងបារ៉ាស៊ីត។ មានកម្រិតអង់ហ្ស៊ីម Trypsin ឬ Eelastase ទាប ហើយ pH ទាបជាង ៧,០ ឬលើសពី ៧,៥។ មានជាតិស្ករ ០,២៥ ក្រាម/ដេស៊ីលីត្រ ឬលើស និងមានខ្លាញ់លើសពី ៧ ក្រាម/២៤ម៉ោង (ករណីញ៉ាំខ្លាញ់ ១០០ ក្រាម/ថ្ងៃ)។
កត្តាបង្កឲ្យលទ្ធផលមិនប្រក្រតី
– កម្រិតជាតិខ្លាញ់ខ្ពស់ក្នុងលាមក អាចមកពីជំងឺមួយចំនួនដូចជា រលាកលំពែង ជំងឺពោះវៀន ជំងឺ Cystic Fibrosis ឬជំងឺផ្សេងទៀតប៉ះពាល់ការស្រូបជាតិខ្លាញ់។
– វត្តមានកម្ទេចសាច់ក្នុងលាមក អាចបណ្តាលមកពី រលាកលំពែង។
– pH ទាបបណ្តាលមកពីការបឺតស្រូបសារជាតិកាបូអ៊ីដ្រាត ឬខ្លាញ់ថយចុះ។ ដោយឡែកបើ pH ខ្ពស់អាចមកពីមានរលាកនៅពោះវៀន មហារីក ឬប្រើពពួកថ្នាំអង់ទីប្យូទិក។
- ឈាមក្នុងលាមក អាចមកពីមានការហូរឈាមនៅប្រព័ន្ធរំលាយអាហារ។
– មានកោសិកាឈាមស អាចបណ្តាលមកពី រលាកពោះវៀន ដូចជា Ulcerative Colitis ឬរលាកដោយពពួកបាក់តេរីជាដើម។
– មេរោគ Rota ជាមូលហេតុចម្បងធ្វើឲ្យក្មេងរាក។ បើសិនមានសញ្ញារាករូស គួរធ្វើតេស្តរកមើលមេរោគប្រភេទនេះក្នុងលាមក។
– កម្រិតជាតិស្ករខ្ពស់ក្នុងលាមក មានន័យថាពោះវៀនមានបញ្ហាពិបាកបំបែកស្ករ។ ប៉ុន្តែកម្រិតទាបវិញ អាចមកពី Celiac disease cystic fibrosis ឬកង្វះអាហារូបត្ថម្ភ។ ពពួកថ្នាំ Colchicine (ថ្នាំឈឺសន្លាក់បង្កដោយអាស៊ីដ) ឬថ្នាំពន្យាកំណើត ក៏អាចបណ្តាលឲ្យជាតិស្ករក្នុងលាមកទាបផងដែរ។ កត្តាមួយចំនួនទៀតអាចធ្វើឲ្យប្រែប្រួលកម្រិតជាតិស្ករក្នុងលាមកដូចគ្នា។
ពេលប្រទះឃើញរោគសញ្ញាមិនប្រក្រតីណាមួយ គ្រូពេទ្យនឹងបកស្រាយឲ្យយើងដឹង។ ហើយតួលេខធម្មតារបស់តេស្ត ខុសគ្នាបន្តិចបន្តួចអាស្រ័យលើមន្ទីរពិសោធន៍នីមួយៗ ហេតុនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យបើមានចម្ងល់ពាក់ព័ន្ធលទ្ធផលតេស្ត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]