backup og meta

មេរោគ​ស្វាយមាន​ហ្សែនពិសេស​មួយ អាចសម្ងំ​ក្នុង​ខ្លួនមនុស្ស​​បាន​រាប់​​ឆ្នាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ May 01, 2020

    មេរោគ​ស្វាយមាន​ហ្សែនពិសេស​មួយ អាចសម្ងំ​ក្នុង​ខ្លួនមនុស្ស​​បាន​រាប់​​ឆ្នាំ

    ​ជំងឺ​ស្វាយ ដែល​បង្ក​ដោយ​មេរោគ Treponema pallidum គឺ​ជា​មូលហេតុ​សម្លាប់​គភ៌ និង​ទារក​រាប់​សែន​នាក់​ជា​រៀង​រាល់​ឆ្នាំ នាំ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ព្យាយាម​ស្រាវជ្រាវ​កាន់​តែ​ស៊ី​ជម្រៅ​ពី​មូល​ហេតុ​ជំងឺ​នេះ អាច​សម្ងំ​ក្នុង​ខ្លួន​យើង​បាន​យូររហូតរាប់​ឆ្នាំ ហើយ​អាច​ឆ្លង​ជាច្រើន​ដង​ថែម​ទៀត។

    ការ​ស្រាវជ្រាវ​នៅ​ឯសាកលវិទ្យាល័យវេជ្ជសាស្ត្រ​វ៉ាស៊ីនតោន (UW Medicine)  សហរដ្ឋ​អាមេរិក ចេញផ្សាយ​កាលពីថ្ងៃទី២៤ ខែមេសា បាន​បង្ហាញ​ថា​ពពួក​បាក់តេរី​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ស្វាយ គឺបាតេរី Treponema pallidum ដោយ​បាក់​តេរីនេះ ទំនង​ជា​ប្រើ​ហ្សែន​មួយ ដើម្បី​គេច​ផុត​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ខ្លួន​យើង។ របក​គំហើញ​នេះ អាច​ជួយ​ពន្យល់​វិធីដែល​មេរោគ​អាច​លាក់​ខ្លួន​នៅ​ក្នុងខ្លួន​យើង​បាន​ច្រើន​ទសវត្ស ហើយ​អាច​មាន​លទ្ធភាព​គេច​ចេញ​ពី​ការ​ប៉ុន​ប៉ង​សម្លាប់​ដោយ​ប្រព័ន្ធភាព​ស៊ាំ​យើង​បាន។

    ទោះ​បី​ជា​មេ​រោគ​ស្វាយ អាច​ព្យាបាល​យ៉ាង​ងាយ ​ដោយ​គ្រាន់​តែ​​ប្រើ​ថ្នាំ​ប៉េនីស៊ីលីន​ក៏​ពិត​មែន ប៉ុន្តែ​អត្រា​ឆ្លង​ដ៏​ខ្ពស់​នៅ​តែ​កើត​មាន​ជុំ​វិញ​ពិភពលោក ខណៈ​សហរដ្ឋអាមេរិក មាន​ចំនួន​ករណី​ជំងឺ​នេះ កើន​ឡើង​ជា​លំដាប់​ក្នុង​រយៈពេល ២ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយ​គិត​ត្រឹម​ឆ្នាំ​ ២០១៨ ​អ្នក​កើត​ជំងឺ​ស្វាយ​កើន​ឡើង​ដល់​ជាង ១១៥ពាន់​នាក់ (ករណី​ឆ្លង​ថ្មី)  ខណៈ​ក្នុង​ចំណោម​មនុស្ស​ពេញវ័យ ​នៅ​ទូទាំង​ពិភពលោក គឺ​មាន​ដល់​ទៅជាង ៦ លាន​ករណី។ ការ​ឆ្លង​មេរោគ Treponema pallidum (មេរោគ​ស្វាយ) ជា​ឃាតក​លាក់មុខ ដែល​សម្លាប់​គភ៌​ក្នុង​ផ្ទៃ និង​ទារក​ទើប​នឹង​កើត​ប្រមាណ ៣​សែន​នាក់ ជា​រៀង​រាល់​ឆ្នាំ។

    អត្ថបទ​ពាក់​ព័ន្ធ៖ អ្វីជាជំងឺស្វាយ ឆ្លងតាមណា រោគសញ្ញាម៉េច ធ្ងន់ធ្ងរប៉ុនណា?

    ទោះ​យ៉ាង​ណា មក​ទល់​នឹង​ពេល​នេះ មូល​ហេតុ​ដ៏​សំខាន់​ដែល​បង្ក​ឲ្យ​ឆ្លង​ជំងឺ​នេះ​ម្តង​ហើយ​ម្តង​ទៀត នៅ​មិន​ទាន់ដឹង​ច្បាស់ ពិសេស​ដំណើរ​នៃ​មេរោគ​ក្រោយ​ឆ្លង​ចូល​ក្នុង​រាង​កាយ​មនុស្ស។ កាន់​តែ​ពិ​បាក​ស្វែង​យល់​ជាង​នេះ​ទៀត​នោះ គឺ​បាក់តេរី​នេះ ខុស​ប្លែក​ពី​បាក់តេរី​ផ្សេង​ទៀត​ដោយ​សារ​តែ អ្នក​វិទ្យាសាស្ត្រ មិន​អាច​ធ្វើ​ការ​បណ្តុះ​មេរោគ​នេះ នៅ​ក្នុង​មន្ទីរ​ពិសោធន៍​​បាន​នោះ​ទេ ជា​ហេតុ​នាំ​ឲ្យ​ការ​​ស្រាវជ្រាវ​លើ​ដំណើរ​វិវត្ត​របស់​មេរោគ​នៅ​មាន​កម្រិត​នៅ​ឡើយ។

    ក្នុង​ការ​សិក្សា​ថ្មីមួយ អ្នក​ស្រាវជ្រាវ​បាន​ប្រៀបធៀប​ហ្សែន​បាក់តេរី ដែល​ប្រមូល​ពី​បុរស​ម្នាក់​ធ្លាប់​ឆ្លង ជំងឺ​ស្វាយ ៤ដង នឹង​ចុះ​ឈ្មោះ​ចូល​រួម​ក្នុង​ការ​សិក្សា​ពី​ភាព​មិន​ប្រក្រតី​លើ​ខួរឆ្អឹង​ខ្នង​អ្នក​មាន​ផ្ទុក​មេរោគ​ស្វាយ ។​ការ​សិក្សា​នេះធ្វើ​ឡើង​ដោយ​វេជ្ជបណ្ឌិត Christina Marra សាស្រ្តាចារ្យ​ផ្នែក​សរសៃ​ប្រសាទ និង​ខួរ​ឆ្អឹង។

    សំណាក​ត្រូវ​គេ​យក​ចេញ​ពី​ឈាម​បុរសជាអ្នក​ជំងឺ​ខាងលើ​ដែល​បាន​ឆ្លង​ចំនួន​ពីរ​លើក​ដាច់​ពី​គ្នា ក្នុង​ចន្លោះ​រយៈ​ពេល ៦ឆ្នាំ​ ដោយ​ការ​ឆ្លង​ទាំង​ពីរ​លើក​នេះ​គឺ​ត្រូវ​បាន​ព្យាបាល​រួច​ទាំង​ពីរ​ដង​ដូច​គ្នា។ ដោយ​ពិនិត្យ​ទៅ​លើ​បន្លោះ​ពេល​ឆ្លង និង​ការ​ព្យាបាល អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​ការ​សិក្សា​ដើម្បី​ចង់​ដឹង​ថា តើ​មាន​ភាព​ខុស​គ្នា​រវាង​ហ្សែន​បាក់តេរី​ដែល​ឆ្លង​ដំបូង និង​ចុង​ក្រោយ ឬយ៉ាង​ណា? តើ​មាន​ភាព​ខុស​គ្នា​ដែរទេ​ចំពោះ​ប្រព័ន្ធ​ភាព​ស៊ាំ​សម្រាប់​អ្នក​ឆ្លង​មេរោគ​ស្វាយ​ពី​មុន និង​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​មិន​ធ្លាប់​ប្រទះ​មេរោគ​នេះ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ជាលទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពី​ការ​សិក្សា​នេះ អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា គឺ​មាន​ការ​ផ្លាស់​ប្តូរ​តិច​តួច​បំផុត​រវាង​ហ្សែន​ពី​សំណាក​គំរូ​មេរោគ​ស្វាយ​ទាំង​ពីរ​លើក លើក​លែង​តែ​ហ្សែន​មួយ​ប្រភេទ​ប៉ុណ្ណោះ​ដែល​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ជា​ហ្សែន​មេរោគ Treponema pallidum ដទៃ​ទៀត​ដល់​ទៅ ៥​ដង ខណៈវេជ្ជបណ្ឌិត Alex Greninger ជំនួយ​ការ​សាស្រ្តាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ នៃ​មន្ទីរ​ពិសោធន៍​សាលា​វេជ្ជសាស្ត្រ UW អះអាង​ថា ហ្សែន​នោះមាន​ឈ្មោះ Treponema pallidum repeat gene K (tprK )។

    ហ្សែន tprK មាន​សមត្ថភាព​ផ្លាស់​ប្តូរ​ប្រូតេអ៊ីន​របស់​វា ដើម្បី​គេច​ចេញ​ពី​ការវាយ​ប្រហារ​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ខ្លួន​មនុស្ស ក៏​ជា​ហេតុ​ផលធ្វើ​ឲ្យ​យើង​អាច​ឆ្លង​ជំងឺស្វាយ​ច្រើន​ដង និង​ជួយ​មេរោគ​សម្ងំ​លាក់​ខ្លួន​ក្នុង​រាងកាយ​យើង​កាន់​តែ​យូរ អាច​រហូត​ដល់​រាប់​សិប​ឆ្នាំ​ឯណោះ។ នេះ​ជាការ​អះអាង​ពី​វេជ្ជបណ្ឌិត Amin Addetia អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​នៅ​ឯ​មន្ទីរ​ពិសោធន៍ Greninger សហរដ្ឋអាមេរិក។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ជាមួយ​លទ្ធផល​គំហើញ​ថ្មី​នេះ លោក Amin Addetia សង្ឃឹម​ថា អាច​ជួយ​ដល់​ការ​ស្រាវ​ជ្រាវ​បង្កើត​វ៉ាក់សាំង​ជួយ​ប្រព័ន្ធ​ភាពស៊ាំ​យើង វាយ​ប្រហារ​ហ្សែន TprK កាន់​តែ​មាន​ប្រសិទ្ធភាព ដើម្បី​ជួយ​មនុស្ស​គេច​ផុត​ពីការ​ឆ្លង​ជំងឺ​ស្វាយ​ម្តង​ហើយ​ម្តង​ទៀត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ May 01, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម