backup og meta

ភស្តុតាងពីកោសិកាប្រព័ន្ធភាពស៊ាំអាចផ្តល់សង្ឃឹម​ដល់​ការព្យាបាលជាក់លាក់មួយ​លើCOVID-19

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 22, 2020

    ភស្តុតាងពីកោសិកាប្រព័ន្ធភាពស៊ាំអាចផ្តល់សង្ឃឹម​ដល់​ការព្យាបាលជាក់លាក់មួយ​លើCOVID-19

    អ្នកវិទ្យាសាស្ត្រ​របស់​​អង់គ្លេស​នឹង​ចាប់ផ្តើម​ធ្វើ​តេស្ដ​ការ​ព្យាបាល​ថ្មី​មួយ​ដែល​គេ​សង្ឃឹម​ថា​អាច​ប្រឆាំង​ផលប៉ះពាល់​របស់​ COVID-19 មាន​នៅ​លើ​អ្នក​ជំងឺ​ដែលមានស្ថានភាព​ធ្ងន់ធ្ងរ។

    សារព័ត៌មាន BBC ចេញផ្សាយ​នៅថ្ងៃទី២២ ខែឧសភា នេះថា អ្នកវិទ្យាសាស្រ្ត​បាន​រកឃើញ​ថា​អ្នកជំងឺ COVID-19 ស្ថានភាព​ធ្ងន់ធ្ងរ​មាន​ចំនួន​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​ប្រភេទ T-cell ទាប​ខ្លាំង។ T-cell គឺ​ជា​កោសិកា​ប្រព័ន្ធភាពស៊ាំដែលជួយ​កម្ចាត់​ការ​ឆ្លង​មេរោគ​ក្នុង​រាងកាយ។

    ការ​ព្យាបាល​សាកល្បង​នឹង​វាយតម្លៃ​ទៅ​លើ​ថ្នាំ​ឈ្មោះ interleukin 7 ​ជួយ​បង្កើន​ចំនួន​កោសិកា T-cell នេះ​ដែល​ជួយ​ឲ្យ​អ្នក​ជំងឺ​ជា​សះស្បើយ។ ការ​ព្យាបាល​សាកល្បង​នេះ​មាន​ការ​ចូលរួម​ពី​វិទ្យាស្ថាន​ Francis Crick មន្ទីរពេទ្យ St Thomas’ និង King’s College London។ អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​ទៅ​លើ​កោសិកា​ប្រព័ន្ធភាពស៊ាំ​នៅ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ COVID-19 និង​រក​ឃើញ​ថា​មានការ​រាំងស្ទះ​ការ​បង្កើត​កោសិកា T-cell នេះ​។

    កោសិកា T-cell នេះ​ព្យាយាម​ការពារ​អ្នកជំងឺពេល​ឆ្លង​វីរុស​ ប៉ុន្តែ​វីរុស​កូរ៉ូណា​ថ្មី​ហាក់​ដូចជា​មាន​សកម្មភាព​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​បង្កើត​កោសិកា​នេះបាន ​ដែល​ធ្វើ​ឲ្យ​ចំនួន​កោសិកា​នេះ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ អ្នកស្រាវជ្រាវរក​​ឃើញ​ថា​នៅ​ក្នុង​ឈាម​របស់​អ្នក​មាន​សុខភាព​ល្អ​ ១មីក្រូលីត្រ​ឈាម​មាន​កោសិកា T-cell ពី​២ ០០០ ទៅ ៤ ០០០​កោសិកា។ ប៉ុន្តែ​សម្រាប់​អ្នក​ជំងឺ COVID-19 មាន​ត្រឹម​តែ​ពី​២០០ ទៅ​១ ២០០​កោសិកា​ប៉ុណ្ណោះ។

    លោក Manu Shankar-Hari ទី​ប្រឹក្សា​ផ្នែក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ St Thomas’ បាន​លើក​ឡើង​ថា​ក្រុមគ្រូពេទ្យ​​សង្ឃឹម​ថា​នៅ​ពេល​ដែល​គេអាចបង្កើន​ចំនួន​កោសិកា ​នោះ​វីរុស​ក្នុង​រាងកាយ​ក៏នឹង​​ត្រូវ​កម្ចាត់​​អស់។ នេះ​មក​ពី​អ្នក​ជំងឺ COVID-19 ដែល​មានស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរមាន​ចំនួន​កោសិកា T-cell នេះ​ចន្លោះពី ៤០០​ទៅ​៨០០​ប៉ុណ្ណោះ​ក្នុង​ឈាមមួយមីក្រូលីត្រ។ លោក​បាន​បន្ថែម​ទៀត​ថា​នៅ​ពេល​អ្នក​ចាប់ផ្ដើម​ជាសះស្បើយ ចំនួន​កោសិកា​នេះ​នឹង​ចាប់ផ្តើម​ត្រលប់​មក​ដូច​ធម្មតា​វិញ។

    អ្នកវិទ្យាសាស្ត្រ​បាន​លើកឡើង​ថា​ការ​រកឃើញ​អំពី​ទំនាក់ទំនង​រវាង​វីរុស និង​ប្រព័ន្ធ​ភាព​ស៊ាំ​អាច​ជួយ​ដល់​ពួកគេ​ក្នុង​ការ​បង្កើត​តេស្ដ​ដើម្បី​ពិនិត្យ​មើល​កម្រិត​កោសិកា T-cell ក្នុង​ឈាម​ដែល​អាច​ផ្ដល់​នូវ​ការ​ដឹង​មុន​ថា​អ្នក​ណា​ខ្លះ​អាច​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ។ ម៉្យាងទៀត​ក៏​អាច​ផ្តល់​នូវ​វិធី​ព្យាបាល​ជាក់លាក់​សម្រាប់​ទប់ស្កាត់​ការ​ថយ​ចុះ​នៃ​កោសិកា​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រភេទ​ T-cell នេះដែរ។

    អ្នកវិទ្យាសាស្រ្តបាន​ចាប់ផ្ដើម​តេស្ដ​ថ្នាំ Interleukin 7 ទៅ​លើ​ក្រុម​អ្នកជំងឺ​តូច​មួយ​ដែល​មាន Sepsis (ករណី​​​មាន​​បាក់​​តេរីនៅ​​ក្នុង​​ឈាម) និង​ឃើញ​ថា​ថ្នាំ​នេះ​មាន​សុវត្ថិភាព​ក្នុង​ការ​​បង្កើន​ការ​ផលិត​កោសិកា T-cell។ ក្នុង​ការ​សាកល្បង​នេះ​ គេ​នឹង​ឲ្យ​ថ្នាំ​នេះ​ដល់​អ្នក​ជំងឺ​ដែល​មាន​កោសិកា​នេះ​ទាប និង​ស្ថិត​ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​ច្រើន​ជាង​៣​ថ្ងៃ។ 

    ការ​សិក្សា​នេះ​ដែរ​ក៏​អាច​ផ្តល់​ការ​យល់ដឹង​ទៅ​លើ​អន្តរកម្ម​រវាង​វីរុស និង​ប្រព័ន្ធ​ភាពស៊ាំ​ដែល​លោកសាស្ត្រាចារ្យ Adrian Hayday នៅវិទ្យាស្ថាន Crick ថា​នេះ​អាច​ជា​ព័ត៌មាន​សំខាន់ដែល​អ្នកវិទ្យាសាស្ត្រ​ជុំវិញ​ពិភពលោក​កំពុង​សិក្សា​ឈ្វេងយល់។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម