បន្ទាប់ពីស្ងប់ស្ងាត់ជាង១ខែ កម្ពុជាបានរកឃើញករណីវិជ្ជមាន COVID-19 ចំនួន២ករណីបន្ថែមទៀត លើបុរសខ្មែរម្នាក់ពីប្រទេសហ្វីលីពីន និងស្ត្រីខ្មែរម្នាក់មកពីសហរដ្ឋអាមេរិក។ តើការរកឃើញករណីឆ្លងថ្មីនេះ ជារលកទី២ នៃការឆ្លងរាលដាលជំងឺ COVID-19 មែនទេ?
ឆ្លើយនឹងសំណួរនេះ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ការរកឃើញករណីឆ្លងថ្មី ចំនួន២នាក់នេះ មិនមែនជារលកទី២នោះ គឺជាករណីនាំចូលតែប៉ុណ្ណោះ។
ដោយឡែកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅព្រឹកនេះវិញ បានប្រកាសថា ពុំរកឃើញករណីឆ្លងថ្មី COVID-19 ថ្មីនោះទេ ដោយចំនួនអ្នកឆ្លងសរុបមានចំនួន ១២៤នាក់ដដែល ដោយក្នុងនោះអ្នកជាសះស្បើយមាន ១២២នាក់ និងអ្នកកំពុងសម្រាកព្យាបាល ២នាក់។
បន្ថែមលើនោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ថា ជំងឺ COVID-19 នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមឲ្យបងប្អូនបន្តប្រុងប្រយ័ត្ន ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ពន្យារការរៀបអាពាហ៍ពិពាហ៍ ជប់លៀង ចាក់ធុងបាស់ជាដើម ខណៈប្រទេសជិតខាងកម្ពុជា និងពិភពលោកកំពុងបន្តរាតត្បាតជំងឺ COVID-19 ខ្លាំងក្លានៅឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕