សារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី៣ ខែមិថុនា ថា ថ្នាំ aspirin នៅតែជាថ្នាំដែលគេប្រើទូទៅនៅជុំវិញពិភពលោកទោះបីជាអាជ្ញាធរសុខាភិបាលជាច្រើនណែនាំមិនឲ្យប្រើថ្នាំនេះទៀតក៏ដោយ។ ការសិក្សាឡើងវិញមិនបានរកឃើញភស្តុតាងណាដែលថាមនុស្សពេញវ័យដែលមានសុខភាពបេះដូងល្អគួរប្រើថ្នាំ aspirin ក្នុងកម្រិតទាបនោះ (តិចជាង ៣២៥មិល្លីក្រាមក្នុងមួយថ្ងៃ) ទេ។
ការសិក្សាឡើងវិញនេះបានផ្ដោតសំខាន់លើហានិភ័យ និងអត្ថប្រយោជន៍នៃការប្រើថ្នាំ aspirin ក្នុងកម្រិតទាបបានរកឃើញថាហានិភ័យនៃការហូរឈាមច្រើនដែលជាលទ្ធផលនៃឥទ្ធិពលពង្រាវឈាមរបស់ថ្នាំនេះមានទម្ងន់ធ្ងន់ជាងអត្ថប្រយោជន៍។
គោលការណ៍ណែនាំរបស់សហរដ្ឋអាមេរិកទៅលើការប្រើប្រាស់ថ្នាំ aspirin ប្រចាំថ្ងៃបានផ្លាស់ប្តូរកាលពីឆ្នាំមុនដោយណែនាំថាការប្រើប្រាស់ថ្នាំ aspirin ជាប្រចាំគឺសម្រាប់អ្នកមានជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬអ្នកធ្លាប់វះកាត់បេះដូងប៉ុណ្ណោះ។