backup og meta

គួរយល់ដឹង! គិត​បែបអវិជ្ជមានច្រើន ប្រឈមខ្ពស់នឹង​ជំងឺភ្លេចភ្លាំងនៅពេលអនាគត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 08, 2020

    គួរយល់ដឹង! គិត​បែបអវិជ្ជមានច្រើន ប្រឈមខ្ពស់នឹង​ជំងឺភ្លេចភ្លាំងនៅពេលអនាគត

    ការ​គិត​អវិជ្ជមាន​ច្រើន​អាច​មាន​ផល​ប៉ះពាល់​មិន​ល្អ​សម្រាប់​ខួរក្បាល​។ ការសិក្សា​ថ្មី​បាន​រក​ឃើញ​ថា​ការ​គិត​អវិជ្ជមាន​ដដែលៗ​អាច​នឹង​បង្ក​ឲ្យ​ការ​គិត​ធ្លាក់​ចុះ និង​បង្កើន​ប្រូតេអ៊ីន​២​ប្រភេទ​ដែល​បង្ក​​ជំងឺបាត់​បង់​ការ​ចងចាំនៅ​ថ្ងៃ​អនាគត។

    អ្នកជំនាញ​​បាន​សិក្សា​ទៅ​លើ​មនុស្ស​ជាង​៣៥០​នាក់​ដែល​មាន​អាយុ​៥៥ឆ្នាំ និង​មាន​រយៈពេល​២ឆ្នាំ​ទាក់ទង​ទៅ​នឹង​ការ​គិត​អវិជ្ជមានដដែលៗ​​ដូចជា​ការ​គិត​ពី​រឿង​អតីត​ និង​ការ​ព្រួយ​បារម្ភ​អំពី​អនាគត​។ មួយ​ភាគ​បី​នៃ​អ្នក​ចូលរួម​ដែល​បាន​ធ្វើ​ការ​ស្កេន​ខួរក្បាល​តាមរយៈ PET (positron emission tomography) ដើម្បី​វាស់​បរិមាណ​ប្រូតេអ៊ីន tau និងbeta amyloid ដែល​បង្ក​​ជំងឺ​បាត់បង់​ការ​ចងចាំ​របស់​មនុស្ស​ចាស់។

    ការ​ស្កេន​នេះ​បាន​បង្ហាញ​ថា​អ្នក​ដែល​ចំណាយ​ពេល​គិត​អវិជ្ជមាន​ច្រើន​មាន​ការ​កើន​ឡើង​នៃ​ប្រូតេអ៊ីន​ទាំង​២​ខាងលើ ការ​ចង​ចាំ​មិន​ល្អ និង​ការ​ធ្លាក់​ចុះ​នៃ​ការ​គិត​ក្នុង​រយៈពេល​៤ឆ្នាំ​បើ​ធៀប​នឹង​អ្នក​គិត​វិជ្ជមាន។ ការសិក្សា​នេះ​ក៏​បាន​តេស្ដ​លើ​កម្រិត​នៃ​ការ​ថប់​បារម្ភ និង​ជំងឺ​បាក់ទឹកចិត្ត​ដែរ ហើយ​​រក​ឃើញ​ថា​មនុស្ស​ដែល​បញ្ហានេះ​ការ​គិត​ក៏​ធ្លាក់​ចុះ​ដែរ។ ប៉ុន្តែ​ប្រូតេអ៊ីន​ពីរ​ដែល​បង្ក​ជំងឺ​បាត់បង់​ការ​ចងចាំ​របស់​មនុស្ស​ចាស់​មិន​មាន​ការ​កើន​ឡើង​ទេ​ចំពោះ​អ្នក​មាន​ជំងឺ​បាក់ទឹកចិត្ត និង​ការ​ថប់​បារម្ភ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ​សង្ស័យ​ថា​ការ​គិត​អវិជ្ជមាន​អាច​ជា​មូលហេតុ​ចម្បង ខណៈ​ជំងឺ​បាក់ទឹកចិត្ត និង​ការ​ថប់​បារម្ភ​ជា​ចំណែក​មួយ​នៃ​ជំងឺ​បាត់បង់​ការ​ចងចាំ​របស់​មនុស្ស​ចាស់។

    វេជ្ជបណ្ឌិត Richard Isaacson អ្នក​ឯកទេស​ផ្នែក​សរសៃ​ប្រសាទ​បាន​លើកឡើង​ថា​នេះ​ជា​ការសិក្សា​ដំបូង​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​ជីវសាស្ត្ររវាង​ការ​គិត​អវិជ្ជមាន​ និង​ជំងឺ​បាត់បង់​ការ​ចងចាំ​របស់​មនុស្ស​ចាស់​ និង​ធ្វើ​ឲ្យ​គ្រូពេទ្យ​មាន​មធ្យោបាយ​ក្នុង​ការ​វាយតម្លៃ​ហានិភ័យ និង​ផ្តល់​នូវ​ដំណោះស្រាយ​ដែល​ល្អសម្រាប់​អ្នក​ជំងឺ។ លោក​បាន​បន្ត​ទៀត​ថា​មនុស្ស​ដែល​ងាយ​ប្រឈម​ភាគ​ច្រើន​មិន​បាន​ដឹង​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ព្រួយបារម្ភ និង​ការ​គិត​ច្រើន​មក​លើ​ខួរក្បាល​ដោយ​ផ្ទាល់​ទេ។

    ទោះយ៉ាងណាក៏ដោយ​អ្នកជំនាញ​​នៅ​ត្រូវការ​ការ​សិក្សា​បន្ថែម​ព្រោះ​អ្នក​ចូលរួម​ក្នុង​ការ​សិក្សា​នេះ​ភាគច្រើន​គឺ​ជា​មនុស្ស​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ជំងឺ​បាត់បង់​ការ​ចងចាំ​របស់​មនុស្ស​ចាស់ ដូចនេះ​​ត្រូវការ​សិក្សា​ថា​តើ​​ប្រជាជន​ទូទៅ​ដែល​គិត​អវិជ្ជមាន​ដដែលៗ​អាច​បង្កើន​ហានិភ័យ​ជំងឺ​បាត់បង់​ការ​ចងចាំ​របស់​មនុស្ស​ចាស់​ឬ​យ៉ាង​ណា។

    អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​ថា​ការ​អប់រំផ្លូវ​ចិត្ត​ដូចជា​ការ​ធ្វើ​សមាធិ​អាច​ជួយ​ឲ្យ​គិត​វិជ្ជមាន​ និង​កាត់បន្ថយ​គំនិត​អវិជ្ជមាន ហើយ​ក្រុម​អ្នកស្រាវជ្រាវ​​ក៏​មាន​គម្រោង​សិក្សា​បន្ថែម​​ទៅលើ​សម្មតិកម្ម​នេះ​​ដែរ។

    ការសិក្សាកាលពីឆ្នាំ២០១៩​​បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​មាន​គំនិត​វិជ្ជមាន​អាច​ចៀសពី​ការ​ស្លាប់​ពី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​​ជាង​អ្នក​មាន​គំនិត​អវិជ្ជមាន​។ តាម​ពិត​ទៅ ការ​គិត​កាន់តែ​វិជ្ជមាន កាន់តែ​អាច​ការពារ​ពី​ជំងឺ​គាំង​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។ ការ​គិត​វិជ្ជមាន​មិន​ត្រឹម​តែ​អាច​ការពារ​សុខភាព​បេះដូង​ទេ នៅ​មាន​ទំនាក់ទំនង​នឹង​កត្តា​ដែល​ធ្វើ​ឲ្យ​សុខភាព​ល្អ​ផ្សេង​ទៀត​ដូចជា​របបអាហារ ការ​ហាត់ប្រាណ ប្រព័ន្ធភាពស៊ាំ​ខ្លាំង និង​សុខភាព​សួត​ល្អ។

    ការ​យកចិត្ត​ទុក​ដាក់​ និង​មើល​ថែ​សុខភាព​ផ្លូវចិត្ត​គឺ​សំខាន់​ណាស់ ហើយ​សុខភាព​ផ្លូវចិត្ត​គួរ​តែ​ជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏​សំខាន់​មួយ​ព្រោះ​មិន​ត្រឹមតែ​សំខាន់​សម្រាប់​សុខភាព​ក្នុង​រយៈពេល​ខ្លី​ទេ ប៉ុន្តែ​អាច​មាន​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​បាន។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 08, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម