backup og meta

ការសិក្សា៖ ការចុចទឹក​បង្គន់អាចធ្វើឲ្យវីរុស COVID-19 ខ្ចាយទៅក្នុង​បរិយាកាស និងចម្លងទៅអ្នកផ្សេង

ការសិក្សា៖ ការចុចទឹក​បង្គន់អាចធ្វើឲ្យវីរុស COVID-19 ខ្ចាយទៅក្នុង​បរិយាកាស និងចម្លងទៅអ្នកផ្សេង

ការ​សិក្សា​ថ្មី​មួយ​ចេញ​ផ្សាយ​កាលពីថ្ងៃទី​១៦ ខែមិថុនា បាន​បង្ហាញ​ថា​ការ​ចុច​ទឹក​បង្គន់​អាច​ជាចំណុចមួយ​នាំឲ្យ​មានការ​​ចម្លង​ជំងឺបង្ករ​ដោយ​វីរុស​ COVID-19 ទៅ​កាន់​អ្នក​ប្រើប្រាស់​បង្គន់ផ្សេង​ទៀត​​។

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ការ​ចុច​ទឹក​បង្គន់​អាច​បង្កើត​ឲ្យ​មាន​តំណក់​ទឹក​តូចៗខ្ទាតទៅ​ក្នុង​ខ្យល់​អាកាស​ក្នុង​កម្ពស់​ជិត​១ម៉ែត្រ។ តំណក់ទឹក​តូចៗ​នេះ​អាច​នៅ​ក្នុង​ខ្យល់​យូរ​គ្រប់គ្រាន់​ដែលអាចឲ្យ​​អ្នក​ចូលបន្ទប់ទឹក​​បន្ទាប់​អាច​ស្រូបវីរុស​ចូលក្នុង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​បាន ឬ​តោង​លើ​ផ្ទៃ​ណា​មួយ​ក្នុង​បន្ទប់ទឹក។

ការ​សិក្សា​ចេញ​ផ្សាយ​នៅ​ក្នុង​ Physics of Fluids បាន​បន្ថែម​ថា​វីរុស​កូរ៉ូណាថ្មីនេះ​​មិន​ត្រឹម​តែ​ឆ្លង​តាម​តំណក់​ទឹក​ចេញ​ពី​ផ្លូវ​ដង្ហើម​ទេ​ ប៉ុន្តែ​អាច​ចម្លង​តាម​រយៈ​លាមក​ដែល​មាន​វីរុស​ដែរ។ ទោះយ៉ាងណា​ នៅ​ពេល​នេះ​អ្នកស្រាវជ្រាវ​មិនទាន់​​ដឹង​ច្បាស់​ថា​តើ​បង្គន់​សាធារណៈ​អាច​ជា​កន្លែង​ចម្លង​វីរុស​ឬ​យ៉ាង​ណាទេ ហើយ​អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​ជំរុញ​ឲ្យ​ពិចារណា​ឡើង​វិញ​នៅ​កន្លែង​ដែលមាន​​មនុស្សច្រើន​​ប្រើ​រួម​គ្នា​។

អត្ថបទ​ពាក់ព័ន្ធ៖

វីរុស​​ក្នុងខ្យល់​អាកាស​ដែល​បង្កដោយ​បង្គន់​គឺ​ជា​អ្វី​ដែល​អ្នកវិទ្យាសាស្រ្ត​បាន​ដឹង​រួចទៅ​ហើយ​ ប៉ុន្តែ​មនុស្ស​ភាគច្រើន​តែង​មើល​រំលង។ ជាទូទៅ វីរុស​កូរ៉ូណា​តែង​មាន​ក្នុង​កោសិកា​សួត និង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ខាង​លើ ប៉ុន្តែ​ការសិក្សា​បាន​រកឃើញ​ថា​វីរុស​ក៏​អាច​មាន​ក្នុងកោសិកា​ធ្មួល​ (Receptor) ពោះវៀន​តូច​ដែរ។ គេ​ក៏​បាន​រាយការណ៍​ថា​អ្នកជំងឺ​មួយ​ចំនួន​មាន​រោគសញ្ញា​ដូចជា​រាករូស ចង្អោរ និង​ក្អួត។ ម៉្យាងទៀត អ្នកស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​បំណែក​វីរុស​ក្នុង​លាមក​អ្នក​ជំងឺ​ និង​ RNA របស់​វីរុស​នៅ​លើ​ចាន​បង្គន់ និង​កន្លែង​លាង​ដៃ​ក្នុង​បន្ទប់​នៅ​ដាច់​ដោយ​ឡែក​ក្នុង​មន្ទីរពេទ្យ​ដែរ។

បទពិសោធន៍​នៃការចម្លង​វីរុស​កូរ៉ូណាផ្សេងៗបាន​បង្ហាញ​ថា​ការ​ឆ្លង​តាមរយៈ​លាមកទៅកាន់​ផ្លូវដង្ហើម​​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​មាន​ល្បឿន​លឿន។ កាល​ពី​ខែមីនា ឆ្នាំ​២០០៣ មនុស្ស​ជាង​៣០០​នាក់​ស្នាក់នៅ​អាផាតមិន Amoy Gardens នៅ​ទីក្រុង​ហុងកុង​​បាន​ឆ្លង​ជំងឺ SARS ដែល​ចម្លង​តាម​លាមក​តាម​រយៈ​ការ​ធ្លាយ​ប្រព័ន្ធ​លូ។ ​

ការ​រក្សា​បន្ទប់ទឹក​ឲ្យ​មាន​អនាម័យ​គ្រប់ពេល​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ ជាពិសេស​សម្រាប់​បន្ទប់ទឹក​ដែល​ប្រើ​រួមគ្នា​នៅ​ទីសាធារណៈ​។ នៅ​ពេល​នេះ​ទីក្រុង​ជាច្រើន​បាន​ចាប់​បើក​ដំណើរការ​ភោជនីយដ្ឋាន ការិយាល័យ និង​អាជីវកម្ម​ផ្សេងៗ​ដែល​មនុស្ស​ត្រូវ​ប្រើ​បន្ទប់ទឹក​រួម។ អ្នក​ប្រើប្រាស់​ត្រូវ​ពិចារណា​លើ​ហានិភ័យ​នៃ​ការ​ឆ្លង​។

ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​អាច​បង្ការ​ការ​ឆ្លង​តាមរយៈ​បង្គន់​បាន​យ៉ាង​ងាយស្រួល​ដោយ​បិទ​គម្រប​បង្គន់​មុន​នឹង​ចុច​ទឹក​។ ក្រោយ​ពី​ចេញ​បន្ទប់ទឹក​ត្រូវ​លាង​ទឹក​ដៃ​ឲ្យ​បាន​ស្អាត។ សម្រាប់​បង្គន់​សាធារណៈ​ដែល​មិនមាន​​គម្រប​បង្គន់​ អ្នក​ប្រើប្រាស់​មិន​ត្រូវ​យកដៃ​ទៅ​ប៉ះ​មុខ និង​ត្រូវបន្ត​ពាក់​ម៉ាស់​ក្នុង​បង្គន់​ដើម្បី​បង្ការ​ការ​ឆ្លង​។

អ្នក​ជំនាញ​ជាច្រើន​បាន​កំពុង​ពិចារណា​លើ​ការ​ប្រើ​ប្រាស់​អំពូលពន្លឺអ៊ុលត្រាវីយ៉ូឡេ (ultraviolet) និង​ការ​បាញ់​ទឹក​សម្លាប់​មេរោគ​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​បង្ការ​ការ​ឆ្លង និង​រក្សា​បង្គន់​សាធារណៈ​ឲ្យ​បាន​ស្អាត​គ្រប់ពេល។ ម៉្យាងទៀត​ការសិក្សា​នេះ​ក៏​បាន​ចង្អុល​បង្ហាញ​ពី​ការ​ត្រួតពិនិត្យ​លើ​ប្រភព​នៃ​ការ​ឆ្លង​ថ្មី​ដោយ​ពិនិត្យ​លើ​សំណាក​ពី​បង្គន់​សាធារណៈ​ជា​រៀងរាល់ថ្ងៃ ប្រសិនជា​លទ្ធផល​វិជ្ជមាន នោះ​អាច​នឹង​តាម​រក​អ្នក​គ្រប់គ្នា​ដែល​បាន​ប្រើប្រាស់​បង្គន់​នោះ​ដែល​ល្អ​ជាង​ការ​ធ្វើ​តេស្ដ​មនុស្ស​គ្រប់គ្នា​គ្រប់ពេល។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.boston.com/news/coronavirus/2020/06/16/flushing-toilet-covid

កំណែ​ប្រែបច្ចុប្បន្ន

17/06/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អ្នកជំងឺទឹកនោមផ្អែមឆ្លង​ COVID-19 ​១ក្នុងចំណោម១០នាក់​អាចស្លាប់ក្នុងពេលមួយសប្តាហ៍

អង់គ្លេសបង្ហាញថ្នាំមួយប្រភេទ អាចជួយជីវិតអ្នកជំងឺ COVID-19 ក្នុងស្ថានភាពធ្ងន់ធ្ងរ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 17, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម