ពលរដ្ឋក្នុងទ្វីបអឺរ៉ុបកំពុងរីករាយនឹងការបន្ធូរបន្ថយការរឹតត្បិតនៃការបិទទីក្រុងដោយសារជំងឺ COVID-19 ប៉ុន្តែនៅតាមមន្ទីរពេទ្យវិញ ក្រុមគ្រូពេទ្យកំពុងត្រៀមខ្លួនក្រែងមានផ្ទុះការឆ្លងជាលើកទី២។
សារព័ត៌មាន CNA បានចុះផ្សាយនៅថ្ងៃទី២២ ខែមិថុនា នេះថា អ្នកឯកទេសផ្នែកសង្គ្រោះបន្ទាន់មួយចំនួនកំពុងព្យាយាមរើសបុគ្គលិកសុខាភិបាលបន្ថែម ខណៈអ្នកឯកទេសមួយចំនួនទៀតចង់បង្កើតឲ្យមានកម្មវិធីបណ្ដុះបណ្ដាលកងទ័ពទាក់ទងនឹងផ្នែកវេជ្ជសាស្ត្រ ដើម្បីត្រៀមខ្លួនដាក់ពង្រាយទៅកាន់ន្លែងដែលត្រូវការគ្រូពេទ្យសម្រាប់អ្នកជំងឺក្នុងស្ថានភាពជំងឺធ្ងន់។ ប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុបកំពុងបើកវគ្គបណ្តុះបណ្ដាលវគ្គខ្លីផ្នែកវេជ្ជសាស្ត្រ (medics crash courses ) សម្រាប់ទប់ទល់នឹងជំងឺ COVID-19 និងចៀសវាងការខ្វះខាតបុគ្គលិកសុខាភិបាលប្រសិនជាមានការឆ្លងលើកទី២។
អត្ថបទពាក់ព័ន្ធ៖
- ការសិក្សា៖ អ្នកជំងឺជាសះស្បើយពី COVID-19 អាចមានអង់ទីករត្រឹមរយៈពេលខ្លី
- ការសិក្សា៖ ការចុចទឹកបង្គន់អាចធ្វើឲ្យវីរុស COVID-19 ខ្ចាយទៅក្នុងបរិយាកាស និងចម្លងទៅអ្នកផ្សេង
- ក្រុមគ្រូពេទ្យនៅអឺរ៉ុបប្រឈមនឹងជំងឺផ្លូវចិត្តដោយសារ COVID-19
លោក Maurizio Cecconi ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃទ្វីបអឺរ៉ុបបាននិយាយថា ៖ «ពួកយើងត្រូវការកងទ័ពជួយផ្នែកវេជ្ជសាស្ត្រ។ បុគ្គលិកផ្នែកសុខាភិបាលត្រូវមានភាពបត់បែន និងសកម្មក្នុងការងារជាងមុន។ ប្រសិនជាមានការឆ្លងខ្លាំងម្តងទៀត ពួកយើងត្រូវត្រៀមគ្រូពេទ្យ និងគិលានុបដ្ឋាយិកាពីតំបន់នៅជិតៗក្នុងប្រទេសអ៊ីតាលី ដែលការងារបែបនេះយើងមិនបានធ្វើទេអំឡុងពេលផ្ទុះការឆ្លងលើកទី១»។
ប្រទេសជាច្រើនមិនបានត្រៀមទប់ស្កាត់ជំងឺ COVID-19 កាលពីខែមិនា និងខែមេសាទេ និងបានបណ្ដុះបណ្ដាលបុគ្គលិកធ្វើការក្នុងផ្នែកសុខាភិបាលទាំងប្រញាប់ប្រញាល់ដើម្បីជួយដល់អ្នកជំងឺស្ថានភាពធ្ងន់ធ្ងរ ព្រមទាំងបន្ថែមចំនួនបុគ្គលិកសុខាភិបាល និងជំនួសអ្នកដែលឈឺ។ ប្រទេសមួយចំនួនបានបញ្ចូននិសិត្សផ្នែកវេជ្ជសាស្ត្រ និងគ្រូពេទ្យចូលនិវត្តន៍មកជួយនៅផ្នែកសង្គ្រោះបន្ទាន់។ ប្រទេសដែលមានការឆ្លងខ្លាំងបានបន្ថែមគ្រែ និងឧបករណ៍ចាំបាច់សម្រាប់ផ្នែកសង្គ្រោះបន្ទាន់ ឯប្រទេសខ្លះទៀតបានសាងសង់មន្ទីរពេទ្យថ្មី។
នៅទ្វីបអឺរ៉ុប មន្ទីរពេទ្យជាច្រើនបានកំពុងបណ្ដុះបណ្ដាលគ្រូពេទ្យផ្នែកវះកាត់ ផ្នែកបេះដូង ឯកទេសទូទៅ និងគិលានុបដ្ឋាយិកាពីផ្នែកផ្សេងៗ និងអាចផ្លាស់អ្នកទាំងនោះទៅផ្នែកសង្គ្រោះបន្ទាន់នៅពេលចាំបាច់។
[embed-health-tool-bmi]