វ៉ាក់សាំង COVID-19 បង្កើតដោយវីរុសអសកម្ម ដែលផលិតដោយក្រុមហ៊ុនរបស់ប្រទេសចិន គឺជាវ៉ាក់សាំងដំបូងបានចូលដំណាក់កាលទី៣ នៃការតេស្ដសាកល្បង និងបានចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃទី២៣ ខែមិថុនានេះ។
ក្រុមហ៊ុន Sinopharm’s China National Biotec Group (CNBG) របស់ចិន និងក្រុមហ៊ុន Group 42 របស់ប្រទេសអារ៉ាប់រួមបានចុះកិច្ចព្រមព្រៀងសហការលើការធ្វើតេស្ដសាកល្បងដំណាក់កាលទី៣ នៃវ៉ាក់សាំង COVID-19 នេះ ដែលធ្វើឡើងនៅទីក្រុងប៉េកាំង និងអាប៊ុយដាប៊ី តាមរយៈសន្និសីទធ្វើឡើងតាមប្រព័ន្ធវីដេអូ។
ក្រុមហ៊ុនមួយនេះ ជាក្រុមហ៊ុនដំបូងនៅប្រទេសចិនដែលបានធ្វើការតេស្ដសាកល្បងលើវ៉ាក់សាំង COVID-19 នៅក្រៅប្រទេសព្រោះអ្នកជំនាញលើកឡើងថា ករណីឆ្លងក្នុងស្រុកត្រូវបានគ្រប់គ្រង និងមិនគ្រប់លក្ខខណ្ឌសម្រាប់ការធ្វើតេស្ដសាកល្បងដំណាក់កាលទី៣។
អ្នកជំនាញបានលើកឡើងថា ការតេស្ដសាកល្បងជាទូទៅបែងចែកជា ៣ ដំណាក់កាល។ ដំណាក់កាលទី១ គឺវាយតម្លៃទៅលើសុវត្ថិភាព។ ដំណាក់កាលទី២ ភាគច្រើនសិក្សាទៅលើទាំងផ្នែកសុវត្ថិភាព និងសកម្មភាពឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំទៅនឹងវ៉ាក់សាំង ព្រមទាំងស្វែងយល់ពីវិធីចាក់ថ្នាំបង្ការ។ រីឯដំណាក់កាលទី៣ ផ្ដោតសំខាន់លើការវាយតម្លៃលើសុវត្ថិភាព និងប្រសិទ្ធិភាពរបស់វ៉ាក់សាំងទៅលើចំនួនអ្នកចូលរួមច្រើនជាងមុន។ ប្រសិនជាការធ្វើតេស្ដនេះទទួលបានជោគជ័យ វ៉ាក់សាំងនេះគឺមានសុវត្ថិភាព និងប្រសិទ្ធិភាពដែលអាចការពារមនុស្សពី COVID-19។
ការតេស្ដសាកល្បងទៅលើមនុស្សរបស់វ៉ាក់សាំងនេះ បានចាប់ផ្ដើមនៅស្រុក Wuzhi ខេត្ត Henan កាលពីថ្ងៃទី១២ ខែមេសាដែលមានអ្នកស្ម័គ្រចិត្តចូលរួម ១ ១២០ នាក់អាយុពី ១៨ ដល់ ៥៩ ឆ្នាំ ហើយត្រូវចាក់វ៉ាកសាំង២ ដងក្នុងរយៈពេល ២៨ ថ្ងៃ។ អ្នកស្ម័គ្រចិត្តទាំងអស់ដែលទទួលបានវ៉ាក់សាំងបានបង្កើតអង់ទីករក្នុងកម្រិតខ្ពស់ដែលអាចទប់ស្កាត់វីរុសមិនឲ្យឆ្លងទៅក្នុងកោសិកា។ ក្រុមហ៊ុន CNBG បានឲ្យដឹងថាវ៉ាក់សាំងនេះបានឆ្លងផុតដំណាក់កាលទី១ និងដំណាក់កាលទី២ ហើយ។
ក្នុងរយៈពេល ២ ខែកន្លងទៅនេះ ក្រុមហ៊ុនបានសាងសង់កន្លែងផលិតវ៉ាក់សាំង COVID-19 ដែលមានប្រសិទ្ធភាពខ្ពស់ជាមួយនឹងស្ដង់ដារ ការសាងសង់ និងកម្រិតគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការអន្តរជាតិ។ អ្នកជំនាញបានលើកឡើងទៀតថា វ៉ាក់សាំងនេះអាចនឹងដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ ២០២០ ឬដើមឆ្នាំក្រោយ ហើយក្រុមហ៊ុនអាចផលិតវ៉ាក់សាំងបានជាង ២០០ លានក្នុងមួយឆ្នាំ។
[embed-health-tool-bmi]