ការសិក្សាថ្មីបានឲ្យដឹងថាស្ត្រីពពោះអាចមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរនៃជំងឺ COVID-19 ដោយស្ត្រីពពោះអាចនឹងត្រូវបញ្ជូនទៅផ្នែកសង្គ្រោះបន្ទាន់ ឬត្រូវការប្រើម៉ាស៊ីនជំនួយអុកស៊ីសែនច្រើនជាងស្ត្រីមិនមានផ្ទៃពោះ។
ការសិក្សាថ្មីនេះបានសិក្សាទៅលើស្ត្រីមានផ្ទៃពោះជាង ៨២០០នាក់ និងស្ត្រីមិនមានផ្ទៃពោះ ៨៣ ២០០នាក់នៅសហរដ្ឋអាមេរិកមានអាយុចន្លោះ១៥ទៅ៤៤ឆ្នាំដែលតេស្ដវិជ្ជមានជំងឺ COVID-19 នៅចន្លោះខែមករា ដល់ខែមិថុនា។
ការសិក្សានេះបានរកឃើញថាជិតមួយភាគបី (៣៣%) នៃស្ត្រីមានផ្ទៃពោះដែលឆ្លងជំងឺ COVID-19 បានចូលសម្រាកនៅមន្ទីរពេទ្យ រីឯស្ត្រីមិនមានផ្ទៃពោះមានត្រឹមតែ៦%ប៉ុណ្ណោះ។ ស្ត្រីពពោះ១,៥% ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាប់បើប្រៀបធៀបនឹងស្ត្រីមិនមានផ្ទៃពោះដែលត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់មាន០,៩%។
អត្ថបទពាក់ព័ន្ធ៖ នាយករដ្ឋមន្ត្រីអង់គ្លេសណែនាំស្ត្រីមានផ្ទៃពោះឲ្យនៅផ្ទះបីខែ បារម្ភខ្លាចឆ្លង COVID-19
សម្រាប់ស្ត្រីមានផ្ទៃពោះដែលត្រូវការម៉ាស៊ីនជំនួយអុកស៊ីសែនមាន០,៥% បើធៀបនឹងស្ត្រីមិនមានផ្ទៃពោះមានតែ ០,៣% ប៉ុណ្ណោះ។ ការសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ និងត្រូវប្រើម៉ាស៊ីនជំនួយអុកស៊ីសែនសុទ្ធតែជាកត្តាបញ្ជាក់ពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺ COVID-19។ ដោយឡែក អត្រាស្លាប់ដោយសារជំងឺ COVID-19 នៃស្ត្រីពពោះ និងស្ត្រីមិនមានផ្ទៃពោះគឺ ០,២% ដូចគ្នា។
អ្វីដែលមិនច្បាស់ពីការសិក្សាគឺថាតើស្ត្រីពពោះចូលសម្រាកក្នុងមន្ទីរពេទ្យដោយសារផលវិបាកបង្កដោយជំងឺ COVID-19 ឬពួកគេចូលមន្ទីរពេទ្យទាក់ទងនឹងការពពោះដែលចៃដន្យឆ្លងជំងឺ COVID-19 ។ ទោះបីជាជាការសិក្សានេះនៅត្រូវការទិន្នន័យបន្ថែមដើម្បីស្វែងយល់ទៅលើហានិភ័យនេះក៏ដោយ ប៉ុន្តែស្ត្រីពពោះគួរយល់ដឹងពីហានិភ័យស្ថានភាពធ្ងន់ធ្ងរនៃជំងឺ COVID-19 នេះដើម្បីការពារខ្លួនពីការឆ្លងជំងឺនេះ។
មជ្ឈមណ្ឌលប្រឆាំងជំងឺឆ្លងក៏បានណែនាំឲ្យស្ត្រីមានផ្ទៃពោះកំណត់ការទាក់ទងជាមួយអ្នកដទៃ និងនៅពេលមានទំនាក់ទំនងជាមួយនឹងអ្នកដទៃគួររក្សាគម្លាតយ៉ាងតិច ១,៨ម៉ែត្រ ហើយគួរពាក់ម៉ាស់ផងដែរ។ បន្ថែមពីនេះទៀត ស្ត្រីមានផ្ទៃពោះគួរទៅតាមដានសុខភាពឲ្យបានទៀងទាត់ និងប្រាកដថាមានថ្នាំដែលត្រូវលេបយ៉ាងតិចសម្រាប់៣០ថ្ងៃ។
[embed-health-tool-bmi]