មូសខ្លាជាភ្នាក់ងារចម្លងជំងឺច្រើនមុខ ពិសេសគឺជំងឺគ្រុនឈាម និងគ្រុនឈីក។ បើតាមអង្គការសុខភាពពិភពលោក (WHO) មូសខ្លាចេញខាំញឹកញាប់បំផុតនៅពេលថ្ងៃ ហើយវាចូលចិត្តរស់នៅជិតមនុស្ស វាហើរបានចម្ងាយមិនលើសពី ១៥០ម៉ែត្រ ពីទីកន្លែងកកើត។ តើមូសខ្លាចូលចិត្តធ្វើជម្រកនៅកន្លែងណាខ្លះ? ធ្វើម៉េចដើម្បីឲ្យការបំបាត់ជម្រកមូសខ្លាមានប្រសិទ្ធភាពខ្ពស់?
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល រួមជាមួយអង្គការដៃគូ បានធ្វើការសិក្សាទៅលើស្ថានភាពនៃការកកើតមូសខ្លា តើមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីក គ្រុនឈីកនេះមានលទ្ធភាពកើតនៅទីណាច្រើនជាងគេ?
ការសិក្សានោះបានប្រមូលនូវវត្ថុដក់ទឹកដែលជាជម្រកមូសខ្លា មកសិក្សា ដែលលទ្ធផលនៃការវិភាគ និងសិក្សានោះបានបញ្ជាក់ថា ចំនួន ៦៦% នៃការកកើតមូសខ្លាកើតចេញពីជម្រកសត្វមូសនៅក្នុងវត្ថុដក់ទឹក ដូចជា សំបកកំប៉ុង ត្រឡោកដូង ចានស្នោរ ពិសេសសំបកកង់ឡាន ចាន និងប្រដាប់ប្រដាផ្សេងដែលប្រជាពលរដ្ឋប្រើសម្រាប់ដាក់ទឹក និងចំណីឲ្យសត្វ។ ឯលទ្ធភាពនៃការកកើតមូសខ្លាពីក្នុងពាងទឹក និងអាងទឹក មានតែ ៣០% ប៉ុណ្ណោះ។
លោកជំទាវបានបន្តថា តួលេខខាងលើនេះបានឆ្លុះបញ្ចាំងឲ្យឃើញថា ការអន្តរាគមន៍បំបាត់ជម្រកមូសខ្លា ទាមទារចាំបាច់នូវការចូលរួមរបស់ប្រជាពលរដ្ឋ។ ផ្ទុយទៅវិញការដាក់ថ្នាំអាបែត នៅក្នុងពាងទឹក និងអាងទឹកគ្រប់ផ្ទះ អាចការពារបានតែ ៣៣% ប៉ុណ្ណោះ ឯ ៦៦% ត្រូវមានការចូលរួមពីប្រជាពលរដ្ឋខ្លួននៅតាមមូលដ្ឋាន និងផ្ទះរៀងៗខ្លួន ធ្វើយ៉ាងណាសម្អាតជុំវិញផ្ទះឲ្យបានស្អាត កុំបោះចោលរបស់ដែលអាចដក់ទឹកពាសវាលពាសកាល ត្រូវប្រមូលដុត ឬកប់វត្ថុដែលអាចដក់ទឹកបាន ឯប្រដាប់ប្រដាដាក់ទឹកឲ្យសត្វផឹក ឬស៊ីចំណីនោះ ត្រូវឧស្សាហ៍លាងសម្អាត។
ងាកទៅវិធានការបាញ់ថ្នាំមូសវិញ លោកជំទាវអ្នកនាំពាក្យក្រសួងសុខាភិបាលថា មិនមែនជាមធ្យោបាយដ៏ស័ក្តិសិទ្ធដែរ ការបាញ់ថ្នាំមូសនេះសម្រាប់តែករណីរាតត្បាតធំធេង ដើម្បីកាត់ផ្តាច់បានជាបន្ទាន់នូវខ្សែចំណងដែលមូសខាំពីបុគ្គលមួយទៅបុគ្គលមួយប៉ុណ្ណោះ មិនអាចបាញ់ថ្នាំមូសនៅទូទាំងប្រទេសនោះទេ។
[embed-health-tool-bmi]