វ៉ាក់សាំង COVID-19 បង្កើតដោយក្រុមហ៊ុនផលិតថ្នាំ AstraZeneca និងសាកលវិទ្យាល័យ Oxford ត្រូវបានផ្អាកការតេស្ដសាកល្បងដំណាក់កាលចុងក្រោយនៅអង់គ្លេស បន្ទាប់ពីអ្នកស្ម័គ្រចិត្តចូលរួមទទួលរងផលរំខាន ។ នេះបើតាមការផ្សាយរប់BBC កាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា។
ក្រុមហ៊ុន AstraZeneca បានលើកឡើងថានេះជាការផ្អាកដែលតែងកើតមានក្នុងករណីដែលអ្នកចូលរួមមានជំងឺដែលមិនដឹងមូលហេតុច្បាស់លាស់។ គេក៏កំពុងពិនិត្យលទ្ធផលនៃការតេស្ដសាកល្បងនៃវ៉ាក់សាំងនេះនៅជុំវិញពិភពលោក។ វ៉ាក់សាំងនេះដែរត្រូវបានគេជឿថាជាវ៉ាក់សាំងមួយដែលខ្លាំងក្នុងចំណោមវ៉ាក់សាំងដែលកំពុងផលិតទូទាំងពិភពលោក។ អ្នកស្រាវជ្រាវសង្ឃឹមយ៉ាងខ្ពស់ថាវ៉ាក់សាំងមួយនេះអាចជាវ៉ាក់សាំងដំបូងដែលនឹងចេញឲ្យប្រើប្រាស់ដោយលទ្ធផលតេស្ដសាកល្បងដំណាក់កាលទី១ និងទី២មានភាពជោគជ័យ។ ចំណែកឯដំណាក់កាលទី៣ទើបនឹងចាប់ផ្ដើមក្នុងពេលថ្មីៗនេះដែលមានអ្នកចូលរួមប្រហែល ៣ម៉ឺននាក់នៅសហរដ្ឋអាមេរិក ប្រទេសអង់គ្លេស ប្រេស៊ីល និងអាហ្រ្វិកខាងត្បូង។ ដំណាក់កាលទី៣នេះជាទូទៅតែងមានអ្នកចូលរួមរាប់ពាន់អ្នក និងអាចមានរយៈពេលច្រើនឆ្នាំ។
សារព័ត៌មាន The New York Times បានរាយការណ៍ថាមានអ្នកស្ម័គ្រចិត្តម្នាក់នៅប្រទេសអង់គ្លេសមានជំងឺ Transverse myelitis ដែលជាអាការៈរលាកប៉ះពាល់ដល់ឆ្អឹងកង និងអាចបង្កដោយការឆ្លងវីរុស។ យ៉ាងណាមិញ មូលហេតុនៃជំងឺនេះមិនត្រូវបានបញ្ជាក់ច្បាស់ទេ ហើយការស៊ើបអង្កេតនឹងចាប់ផ្ដើមដើម្បីដឹងថាតើមានទាក់ទងនឹងវ៉ាក់សាំងឬយ៉ាងណា។
សាកលវិទ្យាល័យ Oxford បានពិពណ៌នាថានេះជារឿងធម្មតានៃការតេស្ដវ៉ាក់សាំងទេ។ អ្នកស្ម័គ្រចិត្តអាចត្រូវបញ្ជូនទៅមន្ទីរពេទ្យ ហើយមូលហេតុបង្កជំងឺរទាន់បានដឹងភ្លាមៗនោះទេ។ អ្នកតំណាងសាកលវិទ្យាល័យ Oxford បានលើកឡើងថាក្នុងការតេស្ដសាកល្បងដែលមានអ្នកចូលរួមច្រើន ផលរំខានផ្សេងទៀតអាចនឹងកើតមាន ប៉ុន្តែត្រូវពិនិត្យឡើងវិញឲ្យបានម៉ត់ចត់។ ម៉្យាងទៀត ការផ្អាកការតេស្ដសាកល្បងលើវ៉ាក់សាំងនេះបង្ហាញថាពួកគេយកចិត្តទុកដាក់លើសុវត្ថិភាពរបស់អ្នកចូលរួម។
ការសម្រេចចិត្តចុងក្រោយនៃការចាប់ផ្ដើមការតេស្ដសាកល្បងម្ដងទៀតនឹងត្រូវធ្វើឡើងដោយភ្នាក់ងារត្រួតពីនិត្យវេជ្ជសាស្ត្រ និងផលិតផលសុខភាព (MHRA) ដែលអាចត្រូវការរយៈពេលច្រើនថ្ងៃ ប៉ុន្តែមុននឹងមានការសម្រេចចិត្តចុងក្រោយ ការតេស្ដសាកល្បងនៅបណ្ដាប្រទេសខាងលើត្រូវផ្អាកសិន។
[embed-health-tool-bmi]