ការសិក្សាមួយចំនួនបានលើកឡើងថាអ្នកធ្លាប់កើតជំងឺគ្រុនឈាមទំនងជាមានអង់ទីករខ្លះអាចប្រឆាំងនឹងវីរុសកូវីដ១៩ បាន ប៉ុន្តែការសិក្សានេះមិនបានបញ្ជាក់ថាអ្នកធ្លាប់កើតជំងឺគ្រុនឈាមអាចមានអង់ទីករក្នុងរយៈពេលយូរប៉ុនណានោះទេ។
អត្ថបទព័ត៌មានសុខភាពមួយចុះផ្សាយនៅលើវិបសាយសុខភាព Health Shots បានចុះផ្សាយកាសិក្សាមួយរបស់សាកលវិទ្យាល័យ Duke នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅនេះ។ ការសិក្សានេះបានរកឃើញទំនាក់ទំនងរវាងការឆ្លងជំងឺគ្រុនឈាម និងការឆ្លងវីរុសកូវីដ១៩ នៅក្នុងតំបន់ដែលធ្លាប់មានផ្ទុះជំងឺគ្រុនឈាម។
ការសិក្សាបានផ្ដោតសំខាន់លើប្រទេសប្រេស៊ីល និងបានរកឃើញថាតំបន់ដែលមានជំងឺគ្រុនឈាមផ្ទុះខ្លាំង កាលពីឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ គឺមិនសូវមានករណីឆ្លងវីរុសកូវីដ១៩ ឬការរាតត្បាតវីរុសនេះក្នុងសហគមន៍ដូចតំបន់ផ្សេងនោះទេ។ ពោលគឺតំបន់ទាំងនោះមិនសូវមានអ្នកឆ្លង ឬឆ្លងវីរុសកូវីដ១៩ មិនសូវលឿនដូចតំបន់ដែលមិនធ្លាប់មានផ្ទុះជំងឺគ្រុនឈាមនោះទេ។
ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញប្រហាក់ប្រហែលគ្នាដែរពីទំនាក់ទំនងរវាងការផ្ទុះជំងឺគ្រុនឈាម និងការរាលដាលយឺតនៃវីរុសកូវីដ១៩ នៅតំបន់ខ្លះនៅអាមរិកឡាទីន អាស៊ី និងមហាសមុទ្រឥណ្ឌា។
អ្នកស្រាវជ្រាវថាបើទំនាក់ទំនងនេះជាការពិត នោះអ្នកមានអង់ទីករប្រឆាំងជំងឺគ្រុនឈាម អាចនឹងមានលទ្ធភាពផលិតអង់ទីករក្នុងកម្រិតណាមួយប្រឆាំងនឹងវីរុសកូវីដ១៩ ដែរ។
រឿងមួយដែលអ្នកស្រាវជ្រាវស្ទើរមិនជឿដែរនោះ គឺអ្នកមានអង់ទីករប្រឆាំងជំងឺគ្រុនឈាម អាចធ្វើតេស្តឃើញមានវត្តមានវីរុសកូវីដ១៩ បើទោះបីជាអ្នកនោះមិនមានឆ្លងវីរុសនេះក៏ដោយ។ ត្រង់ចំណុចនេះក្រុមអ្នកស្រាវជ្រាវថានេះជាអ្វីដែលត្រូវមានការសិក្សាបន្ថែមទៀតពីទំនាក់ទំនងនេះ។
ទោះយ៉ាងណាការសិក្សានេះមិនបានបញ្ជាក់ច្បាស់ថាអ្នកមានអង់ទីករប្រឆាំងជំងឺគ្រុនឈាមកម្រិតណាទើបអាចប្រឆាំងវីរុសកូវីដ១៩បាន ហើយក៏មិនបានបញ្ជាក់ដែរថាតើអង់ទីករប្រឆាំងជំងឺគ្រុនឈាមអាចនៅក្នុងខ្លួនមនុស្សយើងបានយូរដល់ពេលណានោះដែរ។
[embed-health-tool-bmi]