ដូចដែលយើងគ្រប់គ្នាបានដឹងហើយថាក្នុងអំឡុងពេលផ្ទុះការរាលដាលជំងឺ COVID-19 ការពាក់ម៉ាសគឺមានសារៈសំខាន់ណាស់ដើម្បីការពារការឆ្លងរាលដាលជំងឺមួយនេះ។ ប៉ុន្តែពេលថ្មីៗនេះ ក៏មានការពេញនិយមប្រើរបាំងការពារមុខដើម្បីការពារការឆ្លង ឬចម្លងវីរុសនេះដែរ។
បើយើងប្រើតែរបាំងការពារ ហើយមិនពាក់ម៉ាស តើមានប្រសិទ្ធភាពការពារវីរុស COVID-19 ទេ? ចម្លើយយ៉ាងខ្លី គឺមិនមានប្រសិទ្ធភាពទាំងស្រុងនោះទេ។ អ្នកជំនាញថាការពាក់របាំងការពារមុខគឺមិនអាចការពារការឆ្លង ឬចម្លងវីរុស COVID-19 បានទាំងស្រុងនោះទេ ដោយថាតំណក់ទឹកដែលមានទំហំតូចៗមួយចំនួននៅតែអាចជ្រៀតចូលទៅក្នុងប្រព័ន្ធផ្លូវដង្ហើមយើងបានដដែល។
មជ្ឈមណ្ឌល Riken របស់ ជប៉ុនបានសិក្សាឃើញថាការពាក់របាំងការពារមុខពិតជាមានផាសុកភាពជាងពាក់ម៉ាសពិតមែន តែមិនអាចការពារយើងបានទាំងស្រុកទេ ពោលគឺថាតំណក់ទឹកមាត់មានទំហំតូចៗមែនទែន ដែលមួយចំនួននៅតែអាចទៅដល់យើងបាន។
មួយវិញទៀត គឺកាន់តែគ្រោះថ្នាក់ទៅទៀតនៅពេលនរណាម្នាក់មានផ្ទុកវីរុស COVID-19 មិនទាន់ចេញរោគសញ្ញា ហើយពាក់តែរបាំងមុខ មិនពាក់ម៉ាសបន្ថែម ដើរចេញក្រៅ ហើយទាក់ទងជាមួយអ្នកផ្សេងទៀត។ ដូចដែលបាននិយាយខាងលើ អ៊ីចឹង ព្រោះថារបាំងការពារមុខនេះមិនអាចទប់តំណក់ទឹកតូចៗខ្ទាតចេញពីមាត់មនុស្សម្នាក់ចេញមកខាងក្រៅបានទេ។
ដូចនេះហើយ គ្មានអ្វីត្រូវប្រកែកទេថា ការពាក់ម៉ាសពិតជាធ្វើឲ្យយើងមិនស្រួលចិត្តមែន តែពិតជាអាចការពារយើងប្រឆាំងនឹងវីរុស COVID-19 បាន។ បើអ៊ីចឹងបើយើងពាក់របាំងការពារមុខ កុំភ្លេចពាក់ម៉ាកការពារជាមួយគ្នាផង។
[embed-health-tool-bmi]