ម៉ាស៊ីនបន្សុទ្ធខ្យល់នេះ មានមុខងារសាមញ្ញតែមួយប៉ុណ្ណោះ គឺជួយផ្ដល់សំណើមនៅក្នុងបរិយាកាស ចៀសវាងខ្យល់ស្ងួត។ នៅរដូវធ្លាក់ខ្យល់ គ្នាយើងត្រូវដឹងថា ខ្យល់កាន់តែត្រជាក់ កាន់តែស្ងួត ហើយខ្យល់ស្ងួតអាចបង្កឲ្យមានបញ្ហាច្រើនរួមមាន អាលែកហ្សី បាត់បង់សំណើម ខ្សោះជាតិទឹក រុក្ខជាតិក្នុងផ្ទះងាយងាប់ និងផ្ដល់ភាពស្រួលក្នុងការចម្លងវីរុសទៀតផង។ ហេតុនេះ បើយើងមានម៉ាស៊ីនបន្សុទ្ធខ្យល់ ឬ Humidifier មួយនៅក្នុងផ្ទះ វាអាចផ្ដល់ប្រយោជន៍ច្រើនគួរសមដល់យើងអ្នកប្រើប្រាស់ដូចជា៖
១.កាត់បន្ថយឆ្លងមេរោគ
ពពួកវីរុស និងបាក់តេរី ងាយស្រួលចម្លងបានយ៉ាងមានប្រសិទ្ធភាពនៅក្នុងខ្យល់ស្ងួត។ កម្រិតសំណើមលើស ៤០% អាចជួយកាត់បន្ថយពពួកវីរុស ទប់ស្កាត់កុំឲ្យឆ្លង ឬកើតជំងឺផ្ដាសាយ ក្អក ជាដើម។
២.ផ្ដល់សំណើមដល់ស្បែក
ខ្យល់ស្ងួតជាហេតុបណ្ដាលឲ្យស្បែកយើងឡើងប្រេះ ស្ងួត ជួនកាលមានបែកស្រកាទៀត។ ក្រៅពី ផឹកទឹកច្រើន លាបឡេផ្ដល់សំណើម ដើម្បីឲ្យស្បែករលោង មិនងាយប្រេះ ម៉ាស៊ីនបន្សុទ្ធខ្យល់ អាចជួយស្បែកការពាររបស់យើងបានមួយកម្រិតទៀត។
៣.កាត់បន្ថយស្រមុក
បើយើងបន្ថែមសំណើមទៅក្នុងបរិយាកាសក៏អាចកាត់បន្ថយការស្រមុកបានដែរ។ ប្រសិនខ្យល់មានសភាពស្ងួត ផ្លូវដង្ហើមរបស់យើងក៏មិនសូវមានសំណើម ធ្វើឲ្យការស្រមុកកាន់តែយ៉ាប់។ តែនៅពេលដែលយើងប្រើម៉ាស៊ីនបន្សុទ្ធខ្យល់ នៅពេលយប់ ហើយខ្យល់មានជាតិសើមក្នុងនោះ វាអាចជួយកាត់បន្ថយអាការៈស្រមុកបានខ្លះ។
៤.អត្ថប្រយោជន៍ក្នុងផ្ទះ
សំណើមដែលទទួលបានពីម៉ាស៊ីនបន្សុទ្ធខ្យល់ អាចជួយផ្ដល់សំណើមនៅក្នុងផ្ទះ ឬបន្ទប់ ជួយឲ្យមានភាពស្រស់ស្រាយ។ ម៉្យាងវិញទៀត បើយើងមានដាំរុក្ខជាតិនៅក្នុងផ្ទះ វាក៏អាចជួយរក្សារុក្ខជាតិស្រស់ញញឹមបានដែរ។
ស្របពេលដែលសម្បូរដោយគុណប្រយោជន៍ ម៉ាស៊ីនបន្សុទ្ធខ្យល់ ក៏អាចផ្ដល់ផលប៉ះពាល់មិនល្អដល់សុខភាពយើងដែរដូចជា ម៉ាស៊ីនឡើងកខ្វក់ ផ្ដល់សំណើមខ្លាំងពេក អ្នកមានជំងឺហឺតគួរប្រយ័ត្ន អាចបង្កើនធូលី។ល។
[embed-health-tool-bmi]