បុគ្គលិកសុខាភិបាលអង់គ្លេសពីរនាក់មានប្រតិកម្មអាលែកហ្ស៊ីក្រោយបានចាក់វ៉ាក់សាំងកូវីដ១៩ នាំឲ្យនិយ័តករអង់គ្លេសចេញបម្រាមភ្លាមៗដែរ ថាអ្នកទាំងឡាយណាមានបញ្ហាអាលែកហ្ស៊ីមិនត្រូវចាក់វ៉ាក់សាំងនេះទេ។
ក្នុងសប្ដាហ៍នេះចក្រភពអង់គ្លេសបានចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនPfizer/BioNTechដល់ប្រជាជនគោលដៅរបស់ខ្លួន។ យ៉ាងណា ក្រោយចាក់វ៉ាក់សាំង បុគ្គលិកសុខាភិបាលចំនួនពីរនាក់មានប្រតិកម្មអាលែកហ្ស៊ីកើតឡើងដែរ។
សារព័ត៌មាន BBC បានចុះផ្សាយកាលពីយប់ថ្ងៃទី៩ ខែធ្នូ ថាអ្នកទាំងពីរបានទទួលវ៉ាក់សាំងកាលពីថ្ងៃអង្គារ និងភ្លាមៗក្រោយចាក់វ៉ាក់សាំងក៏កើតមានបញ្ហាអាលែកហ្ស៊ីនេះ តែថាអ្នកទាំងពីរត្រូវបានសង្គ្រោះ និងស្ថិតក្នុងសភាពធម្មតាវិញហើយ។
បើតាមប្រភពខាងលើ មន្ត្រីសុខាភិបាលអង់គ្លេសបានណែនាំពលរដ្ឋដែលមានបញ្ហាអាលែកហ្ស៊ីនឹងចំណីអាហារ ថ្នាំពេទ្យឬវ៉ាក់សាំងមិនត្រូវចាក់វ៉ក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនដែលអង់គ្លេសកំពុងប្រើនោះទេ។
បញ្ហាអាលែកហ្ស៊ីនេះអាចធ្វើឲ្យអ្នកចាក់វ៉ាក់សាំងមានប្រតិកម្មធ្ងន់ធ្ងរដូចជាឡើងកន្ទួលលើស្បែក ពិបាកដកដង្ហើម និងពេលខ្លះធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះ ដែលអាចគំរាមកំហែងដល់អាយុជីវិត។
ទោះបីជាយ៉ាងនេះក្ដី ភ្នាក់ងារនិយ័តករឱសថ និងផលិតផលសុខភាពរបស់អង់គ្លេសបញ្ជាក់ថាវ៉ាក់សាំងនេះមានប្រសិទ្ធភាព គុណភាព និងអនុលោមទៅតាមស្ដង់ដារសុវត្ថិភាពទៀតផង ចំពោះបុគ្គលដែលមិនមានបញ្ហាអាលែកហ្ស៊ី។
[embed-health-tool-bmi]