ប្រជាពលរដ្ឋមួយចំនួនមិនថា នៅទីក្រុង ឬជនបទនោះទេ តែងមានទម្លាប់ផ្សំថ្នាំលេប ១លេប ២លេប ៣លេប។ ការទៅទិញថ្នាំនៅតាមឱសថស្ថាន កន្លែងលក់ថ្នាំពេទ្យ ដោយមិនមានវេជ្ជបញ្ជា ការធ្វើរោគវិច្ឆ័យពីគ្រូពេទ្យទេ នឹងមានផលប៉ះពាល់ដល់សុខភាព ពិសេសក្មេងៗ។
ការទិញថ្នាំដោយគ្មានវេជ្ជបញ្ជាមួយចំនួន ដូចជា ប៉ារ៉ាសេតាម៉ុល ថ្នាំវីតាមីន ជាដើមនោះ មិនមានអ្វីប៉ះពាល់សុខភាពនោះទេ។ តែប្រការគួរចៀសវាង គឺការផ្សំថ្នាំច្រើនមុខដើម្បីព្យាបាលជំងឺ។ គ្រូពេទ្យមិនតម្រូវឲ្យយើងទៅទិញថ្នាំដោយខ្លួនឯងឡើយ ឯឱសថស្ថានក៏ពុំមានសិទិ្ធក្នុងការផ្សំថ្នាំឲ្យអ្នកជំងឺដោយគ្មានវេជ្ជបញ្ជាដូចគ្នា។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
តើការប្រើថ្នាំផ្សំផ្តេសផ្តាសប៉ះពាល់អ្វីខ្លះ?
ក្រៅពីមនុស្សចាស់ កូនក្មេងប៉ះពាល់សុខភាពខ្លាំងបំផុតនៅពេលប្រើថ្នាំផ្សំ ជាពិសេសថ្នាំផ្សំដែលកិនឲ្យម៉ដ្តបញ្ចូលគ្នា ដូច្នេះកម្រិតជាតិថ្នាំបែងចែកពុំបានស្មើគ្នានោះទេ ឯប្រភេទ និងឈ្មោះថ្នាំយើងក៏មិនបានដឹង តើជាថ្នាំអ្វីឲ្យពិតប្រាកដ។ ម្យ៉ាងវិញទៀតការប្រើថ្នាំផ្សំមិនត្រឹមត្រូវតាមក្បូន និងចំនួនថ្ងៃនៃការព្យបាល មិនគ្រប់កម្រិតថ្នាំ ឬលើសថ្ងៃខែបរិច្ឆេទត្រឹមត្រូវ អាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ អាចឲ្យអ្នកជំងឺស៊ាំថ្នាំ ពិបាកព្យាបាល ឬវិវត្តទៅជាជំងឺអ្វីមួយផ្សេងទៀត។
ជំងឺប្រភេទណាមិនបាច់ទៅជួបគ្រូពេទ្យធ្វើរោគវិនិច្ច័យភ្លាមៗ?
មិនមែនសុទ្ធតែគ្រប់ប្រភេទជំងឺនោះទេ មានករណីលើកលែងមួយចំនួន ដូចជាជំងឺផ្តាសាយ ក្តៅខ្លួនតិចតួច យើងមិនចាំបាច់ប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិច្ឆ័យ និងចេញវេជ្ជបញ្ជាឡើយ។ យើងអាចទិញថ្នាំបញ្ចុះកម្តៅមកលេបដោយខ្លួនឯង ត្រូវមានអនាម័យ និងញ៉ាំទឹកឲ្យបានច្រើន ក្នុងករណីមិនធូរស្រាល នោះចាំយើងទៅជួបគ្រូពេទ្យ។
[embed-health-tool-bmi]