E-cigarettes បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងជិត ២០០នាក់ កើតជំងឺសួតធ្ងន់ធ្ងរ
បារីអេឡិចត្រូនិច (E-cigarettes) កំពុងក្លាយជាកង្វល់ថ្មីមួយ នៅអាមេរិក ដោយសារតួលេខក្មេងជំទង់ ជក់បារីប្រភេទនេះ កើនឡើងខ្លាំង ហើយចុងក្រោយនេះ បារីអេឡិចត្រូនិក បានបណ្ដាលឲ្យពលរដ្ឋអាមេរិកម្នាក់ស្លាប់ និងជិត ២០០នាក់ កើតជំងឺសួតធ្ងន់ធ្ងរ ដូច្នេះអ្នកជក់បារីប្រភេទនេះ នៅស្រុកខ្មែរយើង ក៏គួរប្រុងប្រយ័ត្នផងដែរ។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិក បញ្ជាក់ថា ករណីស្លាប់ដំបូង បានកើតឡើងនៅរដ្ឋ Illinois ហើយជាមួយគ្នានេះ មានករណីកើតជំងឺសួតធ្ងន់ធ្ងរចំនួន ១៩៣ករណីទៀត នៅក្នុងរដ្ឋចំនួន ២២ បណ្ដាលមកពីបារីអេឡិចត្រូនិក។ តាមរយៈស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺ មន្ត្រីសុខាភិបាលអាមេរិក បញ្ជាក់ថា ការជក់បារីអេឡិចត្រូនិកច ឬម៉ាស៊ីនផ្ដាច់បារី (Vaping) ពិតជាបង្កគ្រោះថ្នាក់។
រោគសញ្ញាកើតឡើងលើអ្នកជំងឺ រួមមាន ក្អក ដង្ហើមខ្លី អស់កម្លាំង ក្អួត និងរាក រយៈពេលច្រើនថ្ងៃ មុនត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ទោះយ៉ាងណា អាជ្ញាធរ ពុំបញ្ជាក់ថា ផលិតផលបារីអេឡិចត្រូនិកណាមួយ បណ្ដាលឲ្យមានការកើតជំងឺសួតធ្ងន់ធ្ងរនោះទេ ដោយអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតលើករណីទាំងនេះ។
អត្ថបទពាក់ព័ន្ធ៖
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាបារីអេឡិចត្រូនិចនេះ កាលពីសប្ដាហ៍មុន ប្រទេសឥណ្ឌា បានរៀបចំដាក់បម្រាមលើការប្រើប្រាស់បារីប្រភេទនេះ ចំណែកនាយករដ្ឋមន្រ្តីថៃ ក៏បញ្ជាក់ថា បារីអេឡិចត្រូនិច ឬម៉ាស៊ីនផ្ដាច់បារី ជាវត្ថុខុសច្បាប់ គ្មានការអនុញ្ញាតឲ្យប្រើប្រាស់នោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕